Wednesday, 24 June 2015
រឿងកូន៤នាក់មិនបំរើឳពុក
Do you like this story?
ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់ជា អ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើគាត់ មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្ម ទៅគាត់ទ្រាំនៅជា ពោះម៉ាយ ពុំយកប្រពន្ធទៀតទេ នៅជាមួយនិងកូនប្រុសៗអស់១ឆ្នាំ មានការលំបាក ដោយខ្វះស្រីមេផ្ទះ ជាអ្នកចំអិនអាហារ និង ជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឱ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជា មួយចែកទ្រព្យអស់មួយចំណែក ឱ្យដាច់ស្រឡះ ទៅកូនច្បងរួចទៅ ។
លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឱ្យកូនទី២ចែកទ្រព្យមួយចំណែកឱ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឱ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឱ្យកូន ទី៤ចែកទ្រព្យមួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នង ពុំបានចែកគាត់ទុកនៅទាំង អស់គ្នា។ ដែលគាត់ចែកទ្រព្យរបស់ឱ្យអស់រលីងពីខ្លួនដូច្នេះមកពីគិតថា ឱ្យស្រឡះខ្លួន គាត់ហើយនៅទំនេរស្ងៀមចាំឱ្យកូនរកស៊ីចិញ្ចឹម វិញរហូតដល់ស្លាប់ ប៉ុន្តែគំនិតគាត់គិត នេះខុសស្រឡះ។ កាលដែលគាត់នៅ ជាមួយកូនប្រុស ៤នាក់ កូនទាំងនោះស្រលាញ់ បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និង បងប្អូនឡើយ ។ លុះបាន ប្រពន្ធមក រៀងខ្លួនហើយ ក៏បែកចិត្តគំនិតផ្សេងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀប រមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះ ក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅ ទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឱ្យនៅឯកោអនាថា ។ កាលកូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗនៅហុចបាយហុចចំណីអោយឪពុកបន្តិចបន្តួចរាល់ៗ ថ្ងៃ លុះមានកូនខ្ចីគ្រប់គ្នាផ្ទះ អាងតែប្តីមិននៅ និងអាងមានកូនខ្ចីផង ក៏បង្អង់ជូនបាយ ទឹកឪពុកក្មេក ដោយមេខ្លះ គិតថា ប្រហែលប្អូនគេឱ្យហើយ មេខ្លះគិតថា បងឯណោះ គេឱ្យហើយ កូនប្រសា នាំគ្នាគិតដូច្នេះ តែរៀងៗខ្លួន យូរៗ ថ្ងៃទៅ តានោះអត់បាយ១ ពេលក៏មាន ២ពេលក៏មាន។វេលាប្តីមកពីរកស៊ីវិញដឹងរឿងនេះបានស្តីបន្ទោសប្រពន្ធ នាងភរិយាខ្លះដោះ សាថា កូនឈឺ ខ្លះថាខ្លួនពុំនៅជាប់រវល់ទៅជួយញាតិជិតខាងស្រេច តែមេប្រពន្ធវា ដឹកមុខយ៉ាងណាប្តីតាមវាទាំងអស់។ ចំណែកតាពោះម៉ាយអត់បាយគ្មាន សំពត់ អាវស្លៀកពាក់ ដល់ថ្នាក់ដើរសុំទានគេបរិភោគ រងទុក្ខវេទនាពន់ពេក និងលក់ ផ្ទះ។ចាស់ៗពុំបានថ្លៃប៉ុន្មានផង ហើយគ្មានអ្វីជ្រកនៅផង ។ កាលនោះមានបុរសម្នាក់ នៅកម្លោះ មានចិត្តសប្បុរសហើយជាអ្នករៀនសូត្រចេះដឹង ច្បាប់ទម្លាប់ស្គាល់គុណ ទោសច្រើន ផ្ទះនៅភូមិជិតគ្នាដើរមកឃើញតានោះវេទនាដូច្នោះ មានចិត្តអាណិតក្រៃ ពេកក៏សាកសួរថា “លោកតា ! ខ្ញុំធ្លាប់ឃើញលោកតាពីដើមជាអ្នកមានគ្រាន់បើឪពុក ម្តាយខ្ញុំក៏ធ្លាប់ទីពឹងលោកតាខ្លះដែរម៉េចក៏ឥឡូវលោកតាវេទនាខ្លាំងម៉្លេះក្រែងលោកតា មានកូនប្រុសៗដល់ទៅ៤នាក់ដែរឬ ម្តេចក៏កូននោះវាមើលបំណាំមិនថែទាំ លោកតា សោះ?ក្រែងទ្រព្យរបស់លោកតា មានសល់ទុកខ្លះដែរឬ ? ម្តេចបានជាលោកតា មិន យកទៅទិញគ្រឿងបរិភោគប្រើប្រាស់ ” ។ តាចាស់ប្រាប់ទៅវិញថា៖ “ឱហ្ន៎ ! លោក ចៅអើយ! លាក់បាំងអីពីដើមតាមានទ្រព្យគ្រាន់បើពិតមែន ប៉ុន្តែតាអាណិតស្រលាញ់ កូនពេកក៏ចែកឱ្យ វាគ្រប់គ្នាអស់រលីងពី ខ្លួនទៅ គិតថាឱ្យវាចិញ្ចឹម តាវិញ ឥឡូវពួកវា មានប្រពន្ធហើយ ថែមទាំងមានកូនទៀត វាឃើញឯងអស់ទ្រព្យ រលីងពីខ្លួន វាឥតនឹក នារកតាសោះ វាតាមតែប្រពន្ធវាទាញទៅ ចូលរន្ធក្តាមក៏វាចូល ដែរ ខ្លួនតាសព្វថ្ងៃឈឺ ផងនៅតែម្នាក់ឯងម៉ង់ៗ វេទនាជាទីបំផុត ដេកសំរក់ទឹកភ្នែកជោកខ្នើយអស់ទៅហើយ បាយព្រឹក ជាបាយល្ងាច ជួនកាលអត់ មួយពេល ក៏មាន នឹងធ្វើការរកស៊ីអ្វីក៏មិនកើត ពីព្រោះចាស់ជរាគ្រាន់តែដើរស្ទើរតែ មិនរួចទៅហើយដូច លោកចៅឃើញស្រាប់តា ដេកចាំតែដល់ថ្ងៃស្លាប់ទេ ” ។ ចៅកំលោះលាន់មាត់ថា“យីអើ!កូនតាមានចិត្តអាក្រក់ ដល់ម្លឹងហ្ន៎ បើអីចឹងលោកតាកុំភ័យខ្ញុំមាន ឧបាយ មួយធ្វើឱ្យលោកតាបានសុខកាយ សប្បាយចិត្តដូចពីដើមវិញ លោកតាធ្វើតាមខ្ញុំ លោកតារកពាងមានមាត់តូចល្មមមួយ ជុះអាចម៍ និងនោមឱ្យពេញ ហើយរកកំណាត់សំពត់រុំបិទមាត់ឱ្យជិត ជីកកប់ក្នុងដីជិត ជើងសសរទ្រូងផ្ទះ ហើយបើមានអ្នកណា ដើរមកលោកតានិយាយប្រាប់គេថា ខ្ញុំនៅ សល់កំណប់ប្រាក់មាស ១ពាង កប់ទុកពុំ ទាន់ចែកឱ្យកូនណានៅឡើយ ចាំមើលកូន ណាចិត្តបានដឹងគុណ បើខ្ញុំជិតស្លាប់ខ្ញុំ នឹងប្រគល់ទៅឱ្យកូននោះ លោកតានិយាយ ប្រាប់មនុស្ស ដែលជួបកុំខាន ក្នុងរវាង ប៉ុន្មានថ្ងៃខែខាងមុខនេះកុំឱ្យលោកតាដើរសុំ ទានគេទៀតចាំខ្ញុំយកបាយទឹកមកជូន ពិសារ កុំព្រួយ ” ។ តាចាស់ ក៏តាំងធ្វើតាមចៅ ចិត្តសប្បុរសទាំងអស់ ។ លុះបាន ប្រហែល ៥ថ្ងៃ សំដីតានោះបានដឹងដល់កូនប្រុស និងកូនប្រសាទាំង៨នាក់ វាមានចិត្តលោភលន់ចង់បានកំណប់ តែរៀងខ្លួនក៏នាំគ្នាយក បាយទឹកនំចំណីផ្លែឈើទុំខ្ចីគ្រប់មុខ និងខោអាវក្រមាមកផ្គាប់ផ្គន់ជូនតាឪពុករៀងរាល់ ថ្ងៃពុំមានខ្វះថ្ងៃណាមួយ ឡើយតាចាស់បានសះពីរោគា មានសាច់ឈាមស្រស់បស់ មានកំលាំងពលាំង សុខ កាយសប្បាយចិត្ត តាំងពីថ្ងៃនោះមករហូតដល់អស់អាយុ។ លុះតាស្លាប់ហើយ កូនក៏នាំគ្នាធ្វើបុណ្យអធិកអធមតាមទំនៀមទំលាប់។ ពេលរួចរាល់ កូនទាំង៤នាក់និង កូនប្រសាគិតនាំគ្នា គាស់ពាងកំណប់ចែកគ្នា ប៉ុន្តែក្រែងចែកមិន ស្មើភាគ នាំឈ្លោះ ប្រកែកគ្នាក៏ទៅរកគ្រូហ្មម្នាក់ឱ្យជួយចែក លោកគ្រូនោះទទួល ព្រមប៉ុន្តែគាត់ឮថា កំណប់មាសប្រាក់ច្រើនដល់ទៅ១ពាង គាត់ចង់បានមួយចំណែក ដែរ ហើយគាត់គិត ក្នុងចិត្តថា “គាត់ធ្វើមេ ចំណែកត្រូវបានច្រើនជាងកូនចំណែកផង” គាត់ក៏ដើររូតរះ មកដល់ផ្ទះកំណប់ភ្លាមតាំងយកភួយធំមួយមករុំ ជូតក្បាលធំទើងមើង ធ្វើឱ្យខូង កណ្តាលដូចគេទូលជើងឆ្នាំងផ្ងារ ក៏តាំងអង្គុយពែនភ្នែនលើដីរាបរលីងធ្មេច ភ្នែកសង្រួមស្មឹងស្មាធិ៍ឈរមុខត្រង់ទៅទិសខាងកើតហើយគាត់ប្រាប់កូនទាំង៤នាក់ឱ្យ ទៅគាស់យក ពាងកំណប់មក ប៉ុន្តែ គាត់ហាមថា កុំអាលស្រាយមាត់ពាង ក្រែងខុស ត្រណមចាំគាត់បង្គាប់សិន លុះយកពាងមកដល់ហើយ គាត់ឱ្យកូនទាំង ៤នាក់ឈរ គ្រប់ទិសទាំង៤ធ្មេចភ្នែកយកដៃទាំងអស់គ្នាចាប់លើកពាងទ្រស្ទួយបិទទូលលើក្បាល ហើយសឹមស្រាយចំណងមាត់ពាងនាំគ្នាផ្អៀងមាត់ពាងស្រោចកំណប់មកលើ ក្បាល គាត់បើកំណប់ជ្រុះទៅទិសណាប៉ុន្មានៗ ត្រូវបានទៅអ្នកឈរ កំណាន់ទិស នោះបើ កំណប់ណា នៅសល់ទើរលើឆ្នូតក្បាលគាត់ត្រូវបានជា រង្វាន់លោកគ្រូទាំង អស់។កូន ទាំង៤នាក់ក៏ចាប់ធ្វើតាមបង្គាប់លោកគ្រូមិនហ៊ានឱ្យល្អៀង។ ភរិយា ទាំង៤នាក់ឈរ កាន់កញ្ជើរៀងខ្លួនចាំកើប។ ក្នុងពេលដែលចែកកំណប់នោះមានអ្នកស្រុកជិតខាងទៅ ចាំមើលផងដែរ ។ ពួកគេលើកពាងបិទទូលរួចស្រាយមាត់ពាង ផ្អៀងចាក់ឈូរមក “ ទឹកម៉ាំត្រាំលាមកច្រើនខួប ” ហូរឆស្រោចលើក្បាលលោកគ្រូ ពេញកំពុង ហើយខ្ចាត់ បាចសាចចេញទៅគ្រប់ទិសប្រឡាក់ប្រឡូសពាសពេញមុខ មាត់និងសំពត់អាវរហូត ដល់ នាងប្រពន្ធទាំង៤នាក់ទៀត លោកគ្រូបានចំណែក ច្រើនជាងគេ ធុំក្លិនខ្មោះថា មិនត្រូវ គេឃើញលោកគ្រូស្រមូវៗបាត់មុខមាត់រូបរាងអស់ខំក្រោកឡើងសោះកក្រោះ ខ្មាសអស់ពួកបរិស័ទដែលឈរចាំមើល ពួកបរិស័ទ ក៏ផ្អើលខំរត់ប្រញាប់ចេញប្រដេញ គ្នាទៅផ្ទះរៀងៗខ្លួន ទើបលោកគ្រូស្រែកជេរកែសំនួនទោកូនទាំង៤នាក់និងកូនប្រសា ថា“ខ្មោចមេដែង អាដែងទាំងអស់គ្នា អាមេ អស់នេះ បានធ្វើបាបខ្មោចឪពុកវាច្រើន ណាស់ហើយមើលទៅបានជាកំណប់មាស ប្រាក់អន្តរាយ ក្លាយទៅជាអាចម៍នោម ប្រឡាក់ខ្លួនអញអស់ដូច្នេះយី ! ខ្មោចអាផេះ មេកំផេះអស់នេះខូចមែន” ។ លោកគ្រូ និងកូនសិស្សនាំគ្នារត់រហ័ស លោតទំលាក់ ខ្លួនទៅក្នុងទន្លេប្រូងខំត្រាំទឹកលាងបាប អស់១ម៉ោង ម្នាក់ៗ រួចនាំគ្នាឡើងទៅលើ ផ្ទះរៀងៗខ្លួន បានសេចក្តីក្តៅក្រហាយ ស្តាយក្រោយ ខ្មាសគេ តកូន តចៅ ៕
Subscribe to:
Post Comments (Atom)
0 Responses to “រឿងកូន៤នាក់មិនបំរើឳពុក”
Post a Comment