Friday, 26 June 2015
រឿង ផ្កាយយាមន័ង្គល
Do you like this story?
ផ្កាយយាមនង្គ័ល នៅលើផ្ទៃមេឃាឆ្លុះរស្មីព្រាកៗលើនភា ល័យដ៏សែនឆ្ងាយដាច់កន្ទុយភ្នែកគ្រប់ទិវារាត្រីផ្កាយយាម នង្គ័លនេះមានរឿងដំណាលដូច្នេះថាៈ កន្លងមកយូរយារ ណាស់ហើយមានក្មេងស្រីម្នាក់អាស្រ័យនៅជាមួយម្តាយ ក្នុងខ្ទមបាក់បែក មួយខ្នង។ ទាំងពីរនាក់ម៉ែកូន ពឹងពាក់ អាស្រ័យគ្នាទៅវិញទៅមក នាំជីវិតរស់រួចផុតមកមួយថ្ងៃៗ។ តមកអ្នកជាម្តាយ ធ្លាក់ខ្លួនឈឺ អាការៈធ្ងន់ធ្ងរខ្លាំងឡើង រៀងរាល់ថ្ងៃ។
រាត្រីមួយ ម៉ែរសាប់រសល់ ខ្វល់ខ្វាយក្នុងចិត្តណាស់ គឺចង់ផឹកទឹកត្រជាក់ៗ ទើបប្រាប់កូនស្រីថាៈ “កូនម៉ែ! ម៉ែចង់ផឹកទឹកត្រជាក់ៗមួយក្អឹកទឹកដែលត្រជាក់បំផុតតែគួរឲ្យស្តាយដែលក្នុង ភូមិរបស់យើងមិនមានទឹកប្រភេទនេះ” ។ កូនស្រី ប្រញាប់និយាយអាសារថាៈ “ម៉ែចា៎! កូននឹងទៅរកទឹកត្រជាក់ៗ មកឲ្យម៉ែពិសារ…”។ ម៉ែពោលថាៈ- “មេឃងងឹតហើយរយៈ ផ្លូវក៏ឆ្ងាយណាស់ ម៉ែមិនចង់ឲ្យកូនទៅទេ…”។ កូនស្រីនិយាយថាៈ “ម៉ែទុកចិត្តចុះណា៎ កូននឹងប្រញាប់ទៅប្រញាប់ត្រឡប់មកវិញទេ… ” ។ ក្មេងស្រីនិយាយចប់ ក៏ចាប់ភាជនៈ សម្រាប់ដងទឹក ដែលធ្វើពីទង់ដែង ហើយជាភាជនៈតែមួយគត់ ដែលមាន នៅក្នុងផ្ទះ នេះ។ក្មេងស្រីតូច រត់ផងដើរផង រហូតមកដល់ដងអូរមួយកន្លែង ដងទឹកពេញភាជនៈ ហើយក៏ដើរត្រឡប់ទៅ ផ្ទះវិញ ។ មេឃាងងឹតឈ្លប់ ដងផ្លូវទាំងរអិល ទាំងច្រាំងថ្នាក់ដៃ ទាំងពីរបស់នាងតូច បីត្រកងភាជនៈដងទឹក យ៉ាងប្រយ័ត្នប្រយែងបំផុត ធ្វើឲ្យការធ្វើ ដំណើររឹតតែលំបាកខ្លាំងឡើង។ នាងតូចនឿយហត់ញើសជោកខ្លួន នាងឈានជើងទៅ មុខដោយមិន ឈប់សម្រាកឡើយ។
ខាងមុខនោះ មានស្រ្តីជរាម្នាក់ដើរ តម្រង់មករកនាង ស្រ្តីជរានិយាយឡើង ដោយសម្លេងខ្សាវៗ ថាៈ “ នាងតូច យាយស្រេកទឹកខ្លាំងណាស់ យាយសុំទឹកផឹកបន្តិចបានទេ?” “អ៊ើ….” នាងតូចរារែកចិត្ត ទឹកភាជនៈនេះ នាងតាំងចិត្ត ដងទៅឲ្យម៉ែដែលដេក ឈឺនៅឯផ្ទះពិសារ ហើយវាក៏មានមិនច្រើនទេ ខណៈរារែកចិត្ត នោះឯងនាងតូច ក៏រលឹកនឹកដល់ពាក្យប្រៀនប្រដៅដែលអ្នកម្តាយតែងតែប្រាប់នាងថា កើតជាមនុស្ស ត្រូវមានទឹកចិត្ត ចេះជួយសង្រ្គោះអ្នកដទៃ ត្រូវប្រតិបត្តិ ចំពោះអ្នកដទៃ ដោយសេចក្តីល្អទើបនាងតូច តបលោកយាយម្នាក់នោះ ថាៈ “ លោកយាយ ពិសាមួយ ក្អឹកពីរក៏បានចា៎ ” ស្ត្រីជរាម្នាក់នោះមិនក្រែងចិត្តដូចគ្នា ទទួលភាជនៈ មកកាន់នៅដៃរួច ហើយក៏ផឹកទឹកមួយក្អឹកធំ តែប្លែកណាស់ បន្ទាប់ពីស្រ្តីជរាហុចភាជនៈឲ្យនាងតូចភាជនៈ ទង់ដែងក៏ក្លាយជា ភាជនៈប្រាក់ភ្លាម តែនាងតូច ក៏ប្រញាប់ប្រញាល់ដើម្បីនាំទឹកទៅឲ្យ ម៉ែពិសាទើមមិនបានចាប់អារម្មណ៍ ជាមួយរឿងដែលកើតឡើង។ នាងតូច ដើរទៅនាង ជួបបុរសជរាម្នាក់ដេកនៅក្រោម ដើមឈើ ព្រឹទ្ធាចារ្យកំពុងមិនស្រួល ខ្លួនហើយស្រែក សុំទឹកពីនាង នាងតូចប្រញាប់ហុច ទឹកឲ្យបុរស ជរា នោះភ្លាម ព្រមទាំងនិយាយថា“សល់ មិនច្រើនទេ លោកអ៊ុំពិសាទាំងអស់ទៅ នាងខ្ញុំនឹងទៅដង មកជាថ្មីទៀត ”។
បុរសជរា ក្រេបតែបន្តិច ពោលថាៈ ”ល្មមហើយ ល្មមហើយ អរគុណច្រើនណាស់”។ កាលបុរស ជរាផឹកទឹករួចហើយ ភាជនៈក៏ក្លាយជាមាសឯ ទឹកនៅក្នុងភាជនៈ ក៏មិនបានស្រុតស្រក ឡើយសូម្បីបន្តិច នាងតូចឃើញដូច្នោះ ទើបប្រញាប់ ធ្វើដំណើរទៅទៀត ចិត្តនាងគិត រំពឹងនៅតែជាមួយអ្នកម្តាយដែលដេកចាំទឹករបស់នាងដោយក្រហល់ក្រហាយនាងតូច ទើបមិនបានខ្វល់ខ្វាយជាមួយរឿងរ៉ាវដែលកើតឡើង។ នាងតូធ្វើដំណើរយ៉ាងប្រញាប់ ប្រញាល់រហូតមានអារម្មណ៍ នឿយហត់ និង ស្រេកទឹកជាខ្លាំង។ នាង ចង់លើកភាជនៈ ឡើងតម្រង់បប៊ូមាត់ ផឹក ទឹកនោះបាន ពីរបីក្អឹក តែក៏នឹកឃើញបានថា ម៉ែកំពុងឈឺនិង ត្រូវការពិសាទឹកត្រជាក់ៗ ក្នុងភាជនៈ នេះបើ នាងផឹកទឺកនេះទៅហើយ ម៉ែនឹងគ្មានទឹក ពិសាទេដូច្នេះនាងទើបដកបប៊ូមាត់ចេញពីភាជនៈ ទ្រាំស្រេកទឹកប្រញាប់ធ្វើដំណើរទៅ ផ្ទះ។ពេលមកដល់ផ្ទះ នាងនាំទឹកដែលសល់នៅក្នុងភាជនៈឲ្យម៉ែពិសា ម៉ែពិសាយ៉ាងរីក រាយត្រជាក់ចិត្តរោគទាំងពួង ក៏បានជាសះស្បើយទៅដែរ។ ក្រោយពីទឹក បានអស់ទៅ ពីភាជនៈៗ នោះក៏បានក្លាយជារ៉ែមាសហើយហោះចេញពីដៃរបស់ម៉ែអណ្តែតទៅកាន់ នភាល័យ ក្លាយទៅជាផ្កាយយាមនង្គ័ឆ្លុះរស្មីភ្លឹផ្លេកនៅលើផ្ទៃមេឃា ជានិច្ចនិរន្តរ៍ដើម្បី ប្រកាសឲ្យមនុស្សលោកដឹងថា នោះគឺជាសន្តានចិត្ត ដ៏មានរស្មីភ្លឺផ្លេក ដូចមាសរបស់ នាងតូចដែលមានសេចក្តីស្រឡាញ់ និង កតញ្ញូចំពោះបុព្វការី។
Subscribe to:
Post Comments (Atom)
0 Responses to “រឿង ផ្កាយយាមន័ង្គល”
Post a Comment