Wednesday, 24 June 2015
រឿង ស្រីក្ងោកមាស
Do you like this story?
ដើមឡើយ មានបុរសម្នាក់ បានទទួលបណ្ដាំពីឪពុកប្រដៅថា << កុំឲ្យយកស្រីប្ដីលែង និងស្រីសៅកែឲ្យយកតែស្រីក្រមុំព្រហ្មចារី និងម៉េម៉ាយប្ដីស្លាប់ ធ្វើជាប្រពន្ធ ហើយកុំឲ្យ យកក្លើនឹងមនុស្សគ្រូបី >> តែមិនដូច្នោះ បុរសនោះ បានយកស្រី ទាំង៤នាក់នោះជា ប្រពន្ធ និងយកមនុស្សគ្រូបីជាក្លើ ដើម្បីល្បងមើល ។ ថ្ងៃមួយក្ងោកមាសរបស់ស្ដេចទៅ រកស៊ីក្បែរផ្ទះបុរសនោះ, ឯបុរសនោះ គិតពិសោធមើល ក៏ចាប់ក្ងោកមាសនោះយកទៅ ចងលាក់ទុកក្នុងទ្រុងមួយ ហើយដាក់ចំណី បាយទឹកឲ្យក្ងោកនោះស៊ី រួចបុរសយកមាន់គកមួយ ទៅកាប់ធ្វើម្ហូបបរិភោគ ។
ពេលនឹងបរិភោគបុរសនោះ បានយក ប្រពន្ធទាំង៤ និងក្លើនោះ ទៅបរិភោគទាំងអស់គ្នា ។ កំពុងតែស៊ីក៏ធ្វើជាភ្លក្សនិយាយថា << នេះគឺជា សាច់ក្ងោកមាសស្ដេចដែលអញបានលួចកាប់យកមកស៊ី>> ។ ក្រោយពីនោះដល់បាត់ ក្ងោកស្ដេចឲ្យប៉ាវគងសួររកក្ងោកនោះ។ នាងស្រីប្ដីលែងនិងនាងស្រីសៅកែនិយាយទៅ នាងក្រមុំ និងនាងប្ដីស្លាប់ថា << ឲ្យប្រាប់ទៅ ពួកអ្នកប៉ាវគងទៅថា ប្ដីយើងបានលួច កាប់ក្ងោករបស់ស្ដេច យកសាច់ស៊ីកុំទៅជួយបិទបាំងថ្វី ឲ្យវាងាប់ទៅចុះព្រោះវាធ្វើបាប វាយជេ យើងខ្លាំងណាស់ >> ។ ស្រីក្រមុំនិងស្រីប្ដីស្លាប់អង្វរទៅវិញថា << កុំធ្វើបាប ប្ដីរបស់ខ្លួនដូច្នោះមិនល្អទេ >> ។ ស្រីសៅកែ និង ស្រីប្ដីលែង ថា << ទោះបីនាងមិន ចូលគំនិតនឹងយើងក៏គង់តែយើងប្ដឹងអ្នកប៉ាវគងដែរ>> ថាហើយ ស្រីទាំងពីរនាក់នោះ ប្ដឹងអ្នកប៉ាវគង តាមដំណើរថា << ប្ដីខ្លួនលួចក្ងោកស្ដេចយកសាច់ស៊ី >> គ្រាន់តែឮ ដូច្នោះភ្លាម ពួកអ្នកប៉ាវគង ក៏ចាប់យកបុរសនោះទៅថ្វាយស្ដេច ទូលទៅតាមដំណើរ។ ស្ដេចឲ្យនាំបុរសនោះ ទៅពិឃាត , លុះទៅដល់មាត់ទ្វារវាំង អ្នកចាំទ្វារ ពុំព្រមបើកទ្វារ សួរថា << អ្នកនាំមនុស្សទោសនេះមក តើបានជំនុំជម្រះហើយឬនៅ?>> ហើយបាន និយាយរឿងមួយប្រាប់អ្នកនាំថា : កាលនោះមានសេដ្ឋីម្នាក់ ចិញ្ចឹមឆ្កែ៥០០, វេលាយប់ មួយមានចោរជីកឧម្មង្គចូលទៅលួចយកទ្រព្យសម្បត្តិរបស់សេដ្ឋីនោះ ហើយចូលទៅក្នុង ឧម្មង្គវិញទាំងអស់ ។ ឆ្កែរបស់សេដ្ឋីដឹង បាននាំគ្នាវាទៅខាំចោរក្នុងឧម្មង្គនោះ ស្លាប់ ទាំង អស់,លុះព្រឹកឡើងមហាសេដ្ឋីឃើញបាត់ទ្រព្យសម្បត្តិដូច្នោះនឹកខឹងនឹងឆ្កែថា <<មិនចេះ ចាំរបស់ក៏ឲ្យគេសម្លាប់ឆ្កែទាំងនោះចោលអស់ទៅ,លុះធំអសោច៍ខ្មោចចោរឡើងទៅមើល ឃើញចោរស្លាប់ដូច្នោះក៏នឹកស្ដាយក្រោយ។ កំពុងតែនិយាយឃើញបម្រើស្ដេចដែលទ្រង់ ព្រះរាជបញ្ជា ឲ្យទៅយកបុរសនោះ មកជំនុំជម្រះវិញ ។ លុះស្ដេចសួរ បុរសនោះ ពីរឿង សម្លាប់ក្ងោកមាស,បុរសក្រាបទូលថាក្ងោកនោះទូលព្រះបង្គំមិនបានសម្លាប់ទេគឺបានទុក នៅកន្លែងមួយដោយល្អ, ឯសត្វដែលទូលព្រះ បង្គំជាខ្ញុំសម្លាប់ ទទួលព្រះរាជទាននោះគឺ មាន់គកទេ >> ។ ស្ដេចទ្រង់ឲ្យទៅយក ក្ងោកនោះមកវិញ ហើយទ្រង់លើកលែងទោស បុរសនោះ ។ ឯស្រីទាំងពីរនាក់ដែល ប្ដឹងពីបុរសជាប្ដី ជាសម្លាញ់ក្ងោកនោះ ត្រូវបុរសជា ប្ដីនោះលែងចោលទៅ៕
Subscribe to:
Post Comments (Atom)
0 Responses to “រឿង ស្រីក្ងោកមាស”
Post a Comment