Wednesday, 24 June 2015

មហាចោរទល់ដែន(វគ្គ៦)

នវគ្គទី៦៖ភ្លើងរាគៈ

ក្រោយពីរាត្រីកំសត់ដែលសម្បូរទៅដោយព្រឹត្ដិការណ៍ចំលែកៗ ដែលបោះចំណុចធំៗ លើជីវិតនាង នាងទេវីវិយោគសោកាយ៉ាងខ្លាំងក្រៃអនេក។ ស្រ្ដីអស់កម្លាំងពន់ប្រមាណ ដោយពុំបានចូលនិន្រ្ទាក៏តិចតួចសោះ។ ឪពុកនាងស្លាប់ នាងបានប្រឹងប្រែងទុកដាក់ជាស្រេចបាច់អស់ហើយ។ តែទុក្ខមួយថ្មីទៀតដែលមានទម្ងន់ធ្ងន់ក្រៃណាមកគ្របដន្ដប់នាងថែម គឺទុក្ខព្រាត់ស្វាមីជាទីស្នេហា។ មាណវីរង់ចាំស្ងួនភ្ងាតាំងពីយប់អស្ចារ្យនោះមក រួចនាងត្រូវរង់ចាំទៅមុខទៀត។ ចាំៗ … ឱ ! ចាំដោយពុំដឹងមានរឿងអ្វី ចាំដោយពុំដឹងអ្នកទៅណា ចាំដោយពុំដឹងហេតុអ្វីបានជាបាត់ម៉្លេះ ចាំមួយថ្ងៃជាពីរថ្ងៃ ចាំមួយខែជាពីរខែ… ចាំៗ ចាំរងកម្មរហូត។ ក្រោយមក ដោយពុំឈ្នះនឹងចាំ នាងបានឲ្យនាងភួងជាមាតាទៅស៊ើបសួរគេ ទើបនាងដឹងថា ប្ដីកល្យាណអ្នកមានដំនើរទៅឆ្ងាយណាស់ទៅហើយ។ នាងយំ យំជានិច្ច ត្បិតជីវិតនាងជាជីវិតសម្រាប់តែយំទៅហើយ។ ឱ! ប្រុសប្រសើរ ! អ្នកទៅ ទៅក៏ទៅចុះ តែទៅដោយគ្មានដំណឹង ទៅដោយធ្វើកន្ដើយ ហាក់ដូចគ្មាននាងសោះក្នុងជីវិតរបស់ប្រុសតែមួយនេះ។ គេទៅ .. ឱ ! គេទៅ ពាក្យនេះអីក៏មានជម្រៅក្រៃម្លេះ? គេទៅបាត់ … ឱ ! ពាក្យនេះធ្វើឲ្យព្រឺសព្វសាច់អីម៉្លេះទេ បាត់ស្ងាត់សូន្យៗលើភពផែនដី សូន្យក្នុងភូមិ សូន្យពីចក្ខុនាង។ ពុំងានឹកស្ដាយ ស្ដាយត្រង់មុនទៅស្រីពុំដឹង ខានមិនបានមើលមុខប្រុសឲ្យជាក់ច្បាស់ ដើម្បីចាំទុកឲ្យច្បាស់ក្នុងចិត្ដ … ស្ដាយត្រង់ពុំបាននិយាយគ្នា លាគ្នា ចាប់ដៃគ្នាជាចុងបង្ហើយ។ ជីវិតឥតគូ ជាជីវិតសាបសូន្យ ជីវិតធេងធោង គ្មានគោល គ្មានប៉ោលទេ គ្មានត្រើយ គ្មានទីដៅ គ្មានអុត្ដមគតិ ជាជីវិតកំព្រា រងាសង្វេគ។ គឺក្នុងគ្រាព្រាត់នេះហើយ ដែលមនុស្សមានមនោគតិច្រើនៗ រហូតដល់ទៅគ្មានវង្វាស់រង្វាល់។ គឺក្នុងគ្រាព្រាត់គ្នានេះហើយដែលមនុស្សមានមនោសញ្ចេតនាគ្រប់បែប គ្រប់យ៉ាងឥតគណនាបានឡើយ។ ខ្យល់ដែលបក់ បក់មកប៉ះសាច់ គឺរលកនៃចិត្ដស្នេហាដែលមកដាស់អារម្មណ៍ឲ្យនឹកឃើញអនុស្សាវរីយ៍ចាស់ ដែលធ្លាប់នៅជាមួយគ្នា។ ស្លឹកឈើដែលជ្រុះ ជ្រុះលើសន្ដានចិត្ដគូកំសត់ ធ្វើឲ្យនាងនឹកស្ទើររលេះរលួយអស់ប្រមាត់បេះដូង។ ភ្លៀង ផ្គរ រន្ទះ ធាតុទាំងនេះញាំញីទឹកចិត្ដឲ្យខ្មួលខ្មាញ់ដែលទាញទឹកភ្នែកឲ្យហូររហាមជានិច្ច។ សត្វដែលយំ យំក្នុងទ្រូងរៀបរាប់ទុក្ខសុខរបស់គូសង្សារដែលព្រាត់ទៅម្នាក់ឯង។ អំពិលអំពែកដែលហើរៗ រាយមាយ ហើរពេញភ្នែកជនដែលស្រលាញ់ដែលនឹក។ នាងទេវីនឹកដល់ប្រុសខ្លាំងពេក ទៅជាស្រមៃឃើញអ្នកកាន់ទ័ពដើរកាត់ព្រៃលំបាកវេទនា ឥតដេកពួន ឥតបាយទឹក។ ស្រីស្រងេះស្រងោចគ្រវីក្បាលថា៖ *ឱ ! គេមានការធ្វើច្រើនណាស់ គេពុំមានពេលនឹកនាងដូចនាងនឹកគេទេ។ ការគេ បំភ្លេចគេ។ ចំនែកនាងវិញ នាងមានការដែរ គឺលក់ដូរអីវ៉ាន់ មានដូង ស្លា ម្លូ សាច់ត្រី ស្រូវ អង្ករជាដើម ដើម្បីចិញ្ចឹមជីវិតជាមួយនាងភួង តែក្នុងការនីមួយៗ ក្នុងវត្ថុនីមួយៗ មានទឹកចិត្ដស្នេហាប្ដីលាយទៅជាមួយផង ដែលបណ្ដាលឲ្យនាងនឹកគេជានិច្ច។ គិតទៅចិត្ដប្រុសឆាប់ដាច់ពីស្រីណាស់។ នឹកឃើញដូច្នោះ នាងយំម្នាក់ឯង។ ថ្ងៃមួយព្រះអាទិត្យរះជ្រះស្រឡះមេឃ នាងទេវីកំពុងរៀបចំផ្ទះ ស្រាប់តែនៅមាត់ទ្វារនាងភ្ញាក់ខ្លួនព្រើតមុខឡើងស្លាំងដោយឃើញកាមាជាប្អូន ដែលសើចរកនាងយ៉ាងក្អាកក្អាយដូចមុន។ ទេវីភ័យញ័រអស់សព្វសព៌ាង្គ។ ម៉េចសុខសប្បាយជាទេ ? ថាហើយ កាមាចូលជិតស្រីដែលថយក្រោយក្រាក។ សុខនិងទុក្ខមានជាធម្មតា! បុរសអង្គុយលើកៅអីយ៉ាងខែងញញឹមស្រស់។ ខ្ញុំមកនេះមានការបន្ដិច។ ការអី ? ខ្ញុំសូមជម្រាបថា បងមានន្ទស្លាប់ហើយ ! យី ! អីបងមានន្ទស្លាប់ ? នារីយំខ្សឹកខ្សួល បន្ដពាក្យទៅទៀតថា អីបងមានន្ទស្លាប់ ! ឱបង ! ប្អូនមុខជាស្លាប់ផងហើយ។ កាមាសើច នារីស្ទើរទន់ជង្គង់ អង្គុយចុះលើក្ដារ។ ទេ! អ្នកមិនត្រូវស្លាប់ទេ។ ដូចអ្នកជ្រាបស្រាប់ហើយ។ បងមានន្ទបានផ្ដាំថា ឲ្យខ្ញុំជួយបីបាច់រក្សាអ្នក។ ក្នុងពេលនេះដំណឹងប្រាកដ គឺមានន្ទស្លាប់បាត់ទៅហើយ។ គាត់ស្លាប់ព្រោះគាត់ជាមនុស្សអាក្រក់ឃោរឃៅ ចិត្ដឫស្យាណាស់ កាប់សម្លាប់មនុស្សរាប់រយពាន់នាក់ដុតផ្ទះសម្បែងគេ ដែលជាមនុស្សស្លូតត្រង់ បង្រាសពង្រាត់ប្រពន្ធកូនគេ លួចប្លន់គេឯងក្នុងព្រៃ។ ថ្ងៃនេះខ្ញុំសូមចិត្ដអ្នក សូមនិយាយនឹងអ្នកឲ្យអស់ទៅចុះ គឺខ្ញុំសូមដណ្ដឹងអ្នកជាភរិយាស្មោះស្ម័គ្រដើម្បីរក្សាអ្នកតរៀងទៅ។ តើអ្នកមានយោបល់យ៉ាងណា ? ទេៗ សូមទោសលោកចុះ ខ្ញុំជាស្រីមេម៉ាយហើយ។ អ្នកៗ ស្ដាប់ឲ្យបាន ! ខ្ញុំពុំបានធ្វើបាបអ្នកទេ គឺខ្ញុំបម្រុងយកអ្នកធ្វើជាប្រពន្ធពិតៗ របស់ខ្ញុំ ព្រោះថា កាលពីបងមានន្ទនៅរស់ ខ្ញុំក៏ពុំដែលមានពាក្យអ្វីដូច្នេះដែរ តែបើឥឡូវបងមានន្ទស្លាប់បាត់បង់ជីវិតទៅហើយ គប្បីពាក្យស្នើរបស់ខ្ញុំបានសំរេចផងដែរ។ អ្នកនៅទំនេរធ្វើអ្វី នាំឲ្យសត្រូវមើលងាយទេ។ ខ្ញុំទម្ងន់ជិតគ្រប់ខែទៅហើយ។ មិនអីទេ កូនបងមានន្ទក៏ដូចកូនខ្ញុំដែរ។ ខ្ញុំធានាបីបាច់រក្សាកូននេះឲ្យដូចកូនខ្ញុំបង្កើត។ ខ្ញុំកំពុងមានទុក្ខព្រួយនឹងប្ដីខ្ញុំខ្លាំងណាស់។ កាលណាអ្នករៀបការនឹងខ្ញុំទៅ ទុក្ខនេះនឹងវិនាសទៅឯងហើយ។ ខ្ញុំជាស្រីមេម៉ាយទៅហើយ។ រឿងនេះខ្ញុំគ្មានប្រកាន់អ្វីទេ។ ខ្ញុំដឹងថាអ្នកមេម៉ាយហើយ! ម្ដេចលោកមិនគិតទៅរករៀបការនឹងគេឯទៀតទៅ ? ក្នុងជាតិនេះខ្ញូំបានសន្មតយ៉ាងដាច់ខាតក្នុងចិត្ដថា ខ្ញុំស្រលាញ់តែអ្នកមួយទេ។ ហេតុនេះ ខ្ញុំសូមប្ដូរជីវិតនឹងអ្នកតែមួយ។ សូមលោកកុំស្រលាញ់ខ្ញុំ ខ្ញុំជាមនុស្សអភ័ព្វណាស់ . . . ។ វាសនាមនុស្សមើលមិនឃើញទេ។ តែទោះអភ័ព្វយ៉ាងណាក៏ខ្ញុំសុខចិត្ដលំបាកវេទនារងគ្រោះជាមួយដែរ។ ខ្ញុំមិនចង់បានប្ដីទៀតទេ។ អាណិតខ្ញុំទៅ។ នារីសំពះកាមា ដូចគេសំពះព្រះពុទ្ធមួយអង្គ។ បុរសខ្លោចចិត្ដអាណិតនាង តែភ្លើងរាគរឹតតែឆួលពេញដើមទ្រូងអ្នក។ អ្នកស្ទុះទៅចាប់ចុងដៃនាង។ ស្រីគ្រលៀសចេញយ៉ាងប្រញាប់។ សូមលោកកុំពាល់ខ្ញុំ! អ្នកៗ អ្នកមិនឲ្យខ្ញុំពាល់ឯណាបាន បើខ្ញុំស្រលាញ់អ្នកដល់ម៉្លេះ។ នារីក្រោកឡើងគេចទៅម្ខាងតុ។ កាមាដេញតាម។ នាងយំស្រែអង្វរថា៖ លោកៗ អាណិត អាណិតខ្ញុំទៅ! កាមាឈរគ្រញែងខ្លួន ដាក់មុខជ្រប់ ខាំធ្មេញ ភ្នែកឡើងក្រហម និយាយម្នាក់ឯង៖ ឯងស្រលាញ់អស់ប៉ុណ្ណឹងហើយ ។ ឱ ! ខ្ញុំមានតែទុក្ខទេជាតិនេះ ទុក្ខៗ ព្រោះស្រីតែមួយ។ ឯងបានអង្វរគេយ៉ាងគោរព គេមិនស្ដាប់ខ្ញុំ។ ថាហើយ បុរសស្ទុះភ្លែតទៅចាប់នាង ចាប់ឱបរិតនាងយ៉ាងខ្លាំង។ នារីប្រឹងបំរះយ៉ាងណា ក៏មិនរួចពីកន្ដាប់ដៃយក្ខកំនាចនេះ។ ភ្នែកដែលនាងយំ អ្នកមើលឃើញរឹតតែល្អឡើង។ អ្នក ! ខ្ញុំពិតជាស្រលាញ់អ្នកមែន! ទេៗ ! ខ្ញុំសុខចិត្ដអ្នក . . . ! ទេ . . . ទេ . . . ទេ . . . ! ខ្ញុំសូមរួមវាសនានឹងអ្នក ។ ទេ . . . ទេ . . . កុំធ្វើដូច្នោះ ! កាមាខឹងយ៉ាងខ្លាំង ក៏ច្រាននាងមួយទំហឹងដៃទៅមុខ ដួលខ្ពោកលើក្ដារ។ នាងទេវីភ្ញាក់ងើបឡើង កាមាស្ទុះទៅទៀត ចាប់នាងច្របាច់យ៉ាងខ្លាំងនឹងម្រាមដៃ។ ម្ដេចមិនស្រលាញ់អញទេរឺ ? ខ្ញុំសូមលោកអត់ទោសចុះ! យី ! មីនេះអញសម្លាប់ចោលឥឡូវ។ លោកអើយអាណិតខ្ញុំទៅ! ភ្នែកនាងហាក់ដូចធំៗក្រៃលែង ។ ដៃដែលចាប់នាងហាក់ដូចដៃដែកលាយភ្លើង ។ នារីទន់ខ្លួនបន្ដិចម្ដងៗ រួចបាត់វិញ្ញាណទៅ។ កាមាទម្លាក់រូបនេះលើក្ដារប្រូស រួចក្រោកឡើងយកជើងរុញហើយដើរចេញទៅ។ គាប់ជួនពេលនោះ នាងភួងមកពីផ្សារវិញ ឃើញនាងទេវីដេកដួលលើក្ដារ ក៏ស្ទុះទៅឱបបីនាងឡើង។ យី ! លោកអើយធ្វើបាប ធ្វើកម្មអីកូនខ្ញុំ។ នាងភួងយំសស្រាក់។ ហងឯងស្គាល់អញទេ ? ឱ ! កូនសំលាញ់មាសម្ដាយ ម្ដាយស្លាប់ជាមួយកូនទៀត ។ ហើយ លោកអើយ! កូនខ្ញុំស្លាប់ហើយ។ ឲ្យវាស្លាប់ទៅ ស្លាប់ឲ្យអស់ទៅបានវាសមមុខវា។ លោកៗ អីក៏មានចិត្ដអាក្រក់ម៉្លេះ ? យី ! ថាអញអាក្រក់ ? កាមាទាត់យាយភួងមួយជើងពឹប។ នាងភួងផ្កាប់មុខ ។ ស្រីចាស់ប្រឹងស្ទុះ មកវិញចាប់នាងទេវីឱបជាប់នឹងដើមទ្រូង ។ កាមាដើរតន្ត្រំជើងទូងៗទៅបាត់ទៅ។ នាងភួងឱបនាងទេវីយំស្រែកហៅ៖ កូនៗ កូនមាសម្ដាយ។ យូរបន្ដិចក្រោយមក នាងទេវីបើកភ្នែកបន្ដិចម្ដងៗ ។ ស្រីទាំងពីរយំទៅយំមកដាក់គ្នា។ ជីវិតនារីទាំងពីរស្ថិតនៅលើគំនរទុក្ខជាដរាប។ យូរៗ កាមាមកម្ដង និយាយពាក្យដដែលៗ ចែចង់ដែលៗ ធ្វើបាបដដែលៗ គ្មានឈប់ឈរ។ វេលាក្រោយមក កាមាបណ្ដេញទេវីឲ្យទៅទីណាឆ្ងាយផុតពីភូមិខ្លួន។ នាងទេវីក៏នាំនាងភួង ទៅនៅទីភូមិក្រោមចំងាយប្រមាណប្រាំគីឡូម៉ែត្រពីទីកន្លែងធ្លាប់នៅ។ កល្យាណរងទុក្ខវេទនាអនេកទាំងពីរប្រាណ។ រាត្រីមួយនាងទេវីឈឺពោះ ។ នាងភួងក៏ភ័យរត់ដាស់គេឯងមកជួយទាំងយប់ ។ យាយម៉បនៅក្នុងភូមិ មេត្ដាករុណាមកជួយផងដែរ ។បុត្រីមួយក៏ប្រសូតឡើងក្នុងពេលនោះ ។ កូននោះមានរូបឆោមលោមពណ៌ល្អឯក ថ្លោសទ្រលុកៗ គួរជាទីស្នេហាក្រៃពេក។ នាងទេវីមើលមុខបុត្រីនាងញញឹមដោយរីករាយ។ ប៉ុន្មានថ្ងៃក្រោយមក នាងទេវីបានចេញពីភ្លើង។ មានបងប្អូនជិតខាងជាច្រើន ខ្លះយកអង្ករមួយកញ្ជើម្នាក់មកចងដៃកូនថ្មី ខ្លះយកសំពត់ថ្មីៗ មកជូន ខ្លះបានត្រីសាច់មកជូន រួចនាងទេវីក៏បានជូនអំណរអរគុណទៅគេវិញយ៉ាងអស់ពីដួងចិត្ដ៕

0 Responses to “មហាចោរទល់ដែន(វគ្គ៦)”

Post a Comment