Wednesday, 24 June 2015

មហាចោរទល់ដែន(វគ្គ១១)

វគ្គទី១១៖តដៃដោះខ្លួន

កាលមានន្ទបានទឹកផឹកឆ្អែតឆ្អន់ហើយអ្នកបំផាយសេះទៅភូមិរហាត់ទឹកដោយបោលកាត់តាមវាលស្រែដ៏ធំល្វឹងល្វើយ។ អ្នកបានប្រាប់គេថា អ្នកធ្វើដំនើរទៅបាត់ដំបង ។ ប្រាប់យ៉ាងនេះ ដើម្បីបង្វែងដានទេ។ ដល់ចុងភូមិរហាត់ទឹកនេះ បុរសបំបោលសេះតំរង់ទៅផ្ទះមួយតូចដែលសង់ដាច់ពីគេនៅកៀនព្រៃ។ បុរសម្នាក់អាយុបញរមាណសែសិបឆ្នាំកាន់ចន្លុះមួយចេញមក។ លុះឃើញស្គាល់ជាក់ថា អ្នកជិះសេះជាមានន្ទ អ្នកកាន់ចន្លុះក៏គ្រវីចន្លុះឡើងរីករាយហើយស្រែកថា : – អា ! ជយោលោកគ្រូ ! ជយោលោកគ្រូ មកពីណា ? ក្នុងសេចក្ដីរីករាយនេះ ទាំងកាយ ទាំងវាចាររបស់អ្នកកាន់ចន្លុះ គេសង្កេតឃើញនូវការគោរពស្រលាញ់យ៉ាងខ្ជាប់ខ្ជួនជ្រាលជ្រៅ។ មានន្ទសំរូតចុះពីលើខ្នងសេះដោយអស់កំលាំងខ្លាំងពេក។ មានពស្ទុះទៅអោបសហជីវិនចាស់របស់អ្នកយ៉ាងខ្លាំងដោយក្ដីរលឹក។ មិត្ដចាស់នេះឈប់ធ្មឹង បាត់សើចសប្បាយវិញ រួចសួរយ៉ាងស្ងួតថា : – អោ ! លោកគ្រូរបួសផង ? – ថាហើយអ្នកម្ចាស់ផ្ទះស្ទុះទៅគ្រាហ៍មានន្ទដោយថ្នាក់ថ្នម។ មានន្ទញញឹមឆ្លើយថា : – អឺ ! ខ្ញុំរបួស – អ្នកណាអាចកាប់លោកគ្រូត្រូវយ៉ាងនេះ ? មានន្ទញញឹមទៀត ។ បុរសកាន់ចន្លុះផ្លាស់ទឹកមុខពីស្រពោន ទៅចងចិញ្ចើម។ សំលេងមួយបន្លឺលាន់លឺឡើងតិចៗថា : – ក្នុងភូមិភាគនេះ មានតែលោកគ្រូមួយទេ ម្ដេចក៏មករបួសយ៉ាងនេះ មកឆាប់អញ្ជើញលោកគ្រូចូលខាងក្នុងភ្លាម។ – អឺ ! ឆាប់ឡើង – មានការរឺទេ ? – ប្រហែលមាន បងគីអែងសុខសប្បាយជាទេ ? – សុខ និង ទុក្ខ ជាធម្មតា តែកុំអាលសិន សំរាន្ដលើគ្រែនេះផ្អែ កទៅនឹងខ្នើយ ចាំខ្ញុំដាំទឹកលាងឈាមអោយស្អាត រួចចាំខ្ញុំរុំរបួសអោយ ស្រួល មើលៗ តើមុខរបួសធំទេ ! – មិនអីទេ ? – អោ ! ព្រះអើយ ! ធំដែរ ម្ដេចឈឺទេលោកគ្រូ ឈឺខ្លាំង រឺ ? មានន្ទប្រឹងធ្វើមុខជូរ តែអ្នកខំប្រឹងញញឹមអោយសហជីវិនរបស់ អ្នកបានធូរទ្រូង។ – មិនជាអ្វីទេ – លោកគ្រូសំរាន្ដនៅអោយស្ងៀម ទុកខ្ញុំធ្វើការនេះ នាយអគ្គីឆ្លេឆ្លារហ័សជើងស្ទុះចូលទៅក្នុងផ្ទះបាយ ដុតភ្លើងដាំទឹកឆេះអោយទង្គោល រួចមកច្របាច់ដៃជើងអោយមានន្ទ ។ នាយអគ្គីនិយា យស្ទើរយំថា : – ខ្ញុំនឹកលោកគ្រូណាស់។ យើងព្រាត់គ្នាយូរមកហើយ លោកគ្រូបានសុខសប្បាយជាទេ សូមនិយាយរឿងប្រាប់ខ្ញុំផង។ – បងគីអែងជាមិត្ដជីវិតមួយនឹងខ្ញុំ ។ ខ្ញុំក៏នឹករលឹកបងណាស់ដែរ តាំងពីយើងបែកគ្នាមក។ ថ្ងៃនោះ តើបងគីភ្លេចហើយរឺនៅ ?អឺ! គ្មានអ្នកណាអាចភ្លេចបានទេ ភ្លៀងស្រិបៗ ខ្យល់វូៗ គេដេញបាញ់យើង។ បងគីអែងបែកទៅ ខ្ញុំតដៃនឹងខ្មាំងសំលាប់អស់ជាច្រើនដល់មាន ឧកាសល្អ ខ្ញុំគេចផុតឆ្ងាយពីសត្រូវ។ ខ្ញុំរត់រកបងគីអែងគ្រប់កន្លែង ស្រែកហៅ តែពុំឃើញខ្ញុំខ្លោចចិត្ដនឹកថា បងគីអែងស្លាប់បាត់ទៅហើយ។ ផុតពីនោះ ខ្ញុំក៏ចូលទៅនៅសិរីសោភ័ណ។ ខ្ញុំសុខសប្បាយជាទេ ពីនោះមក ខ្ញុំមានប្រពន្ធ . . . បុរសឈ្មោះអគ្គី កាលលឺមានន្ទថ្លែងថាមានប្រពន្ធក៏ប្រែជាសប្បាយសើចយ៉ាងស្រស់វិញ – យី ! អីលោកគ្រូមានប្រពន្ធហើយ ? តែមានន្ទធ្វើទឹកមុខស្មើដដែល – អឺ ! កុំអរ . . កុំសើច . . គឺជារឿងកំសត់ . . ខ្ញុំស្រលាញ់គេ គេស្រលាញ់ខ្ញុំ គ្មានសេចក្ដីស្នេហាអែណាអាចមកប្រៀបធៀបនឹងសេចក្ដីស្នេហារបស់យើងទាំងពីរនោះទេ ។ នាងនោះមានរូបល្អ ។ អោ! ល្អមែន . . . នាយគីទះដៃដោយត្រេកអរ- លោកគ្រូមានសំនាងណាស់ មានន្ទសញ្ជឹងគិត ខាំធ្មេញ ជ្រួញភ្នែក សំលឹងមើលទៅលើ។ – ទេ ! មិនដូច្នោះទេ ! ក្រោយមកស្រីនេះ……អោ ! បង អើយ…. ស្រីនេះក្បត់ខ្ញុំ គេលួចមានសហាយ។ អី….បង បង មាន សហាយ . . . នាគីប្រែទឹកមុខ ស្រលាំងកាំងបើកភ្នែកធំ – យី ! ម៉េចក៏ដូច្នោះ ? មានន្ទ ដោយទឹកមុខស្ងួតដដែល និយាយដាយសំលេងមូលដដែលថា : – កុំឆ្ងល់ ស្រីខូច ស្រីកាឡកណ្ណី ស្រីអប្បលក្ខណ៍។ នាយគីងាកក្បាលសំលឹងគិត រួចសួរថា : – អ្នកណាជាសហាយ ? – ខ្ញុំនិយាយទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង គឺ . . . សហាយនោះគ្មានអ្នកអែណាក្រៅពីខ្ញុំទេ គឺសាច់ខ្ញុំ . . . ឈាមខ្ញុំ សរសៃខ្ញុំ . . . – អ្នកណា ? អ្នកណា ? មានន្ទនៅស្ងៀមយកដៃម្ខាងកាន់ស្មានាយគី ។ អាកប្បកិរិយានេះធ្វើអោយនាយគីរិតតែឆ្ងល់ទៅទៀត ។ ភ្នែកដែលនាយគីមើលចំមុខមានន្ទ ភ្នែកទាំងពីរនេះបញ្ចេញនូវរស្មីអង្វរមួយ ដែលធ្វើអោយបុរសកើតមានចិត្ដអានិត ស្រងាកក្នុងចិត្ដ ។ មានន្ទបន្ថែមទៀតថា : – កុំចង់ដឹងអី ! – ទេលោកគ្រូ ! – ជារឿងហួសអស់ទៅហើយ – ទេ លោកគ្រូ ! – ជារឿងអិតប្រយោជន៍។ នាយគីដាក់ភ្នែកចុះ តែគំនិតរិះគិតរកចំនុចខ្សោយរបស់មានន្ទ ដែលនិយាយទៅអាចអោយមានន្ទប្រាប់ខ្លួន ត្បិតអ្នកមានប្រយោជន៍នឹងដឹងរឿងរបស់មិត្ដដ៏ពិសេសថ្លៃថ្លានេះណាស់។ នាយគីស្រលាញ់មានន្ទនេះ គឺស្រលាញ់ពេក ទាល់តែចង់ដឹងនូវអស់រឿងរបស់មានន្ទ ទោះរឿងនោះជារឿងកំទេចកំទីក៏ដោយ អោយតែមានន្ទព្រមនិយាយរឿងអោយស្ដាប់។ ខាងក្រៅខ្យល់បក់រវិចៗ នាយគីនិយាយស្ងួត ហើយដោយតិចៗថា : – លោកគ្រូប្រហែលមិនទុកចិត្ដខ្ញុំហើយ បានជាមិនព្រមនិយាយប្រាប់ខ្ញុំសោះ។ ពាក្យនេះមានសំនួនខ្លាំងមែន ត្បិតមានន្ទបែរមកកាន់ដៃនាយគីជាថ្មីម្ដងទៀត រួចប្រាប់ថា : – កាមាប្អូនប្រុសខ្ញុំ . . . – យី ! កាមាហ៊ានដល់ប៉ុណ្ណឹង? – អឺ ! វាហ៊ានលូកថ្លើមខ្ញុំ តែអិលូវខ្ញុំចាក់វាត្រូវមួយដាវយ៉ាងទំងន់ ប្រហែលវាស្លាប់ហើយ អែខ្ញុំក៏ត្រូវរបួសនេះអែង – អោ ! ព្រះម្ចាស់ថ្លៃអើយ ! – កុំអោយខាតពេល ! អឺ កុំអោយខាតពេល កុំយំ កុំសើច ខ្ញុំនៅរស់នៅឡើយទេ ។ តែត្រូវដឹងថា ពីពេលនេះទៅជីវិតយើងមានគ្រោះរដឹករហូតតាមផ្លូវហើយ។ – បាទ ៗ ខ្ញុំក៏សុខចិត្ដស្លាប់រស់ជាមួយលោកគ្រូដែរ។ – ប៉ុន្ដែបើស្លាប់ រឺ រស់ក៏ល្អមើល – បាទ ! បាទ ! មានន្ទចាប់បាតដៃនាយគីច្របាច់យ៉ាងខ្លាំង ជាសញ្ញាយល់ព្រមប្ដូរជីវិតជាមួយគ្នា។ បុរសបន្ដសេចក្ដីទៅទៀតដូចតទៅ : – ទុក្ខយើងជាទុក្ខខ្មែរទាំងអស់គ្នា ។ ខ្ញុំមានគ្រោងការមួយយ៉ាងធំ។ – គឺអ្វី ? – គឺ លាងទុក្ខខ្មែរ ធ្វើជនជាតិយើងអោយបានរុងរឿងឡើងវិញ។ – ធ្វើយ៉ាងណា ? – តស៊ូ ! ដូចខ្ញុំតែងនិយាយប្រាប់បងមុនៗ ស្រាប់ហើយ។ – បាទ ! ខ្ញុំក៏តស៊ូដែរ – អឺ !ត្រូវតែយើងតស៊ូ វាយខ្មាំង វាយរបបគ្រប់គ្រង វាយគំនិតខ្ញុំគេ ភ្ជាប់ស្រុកខ្មែរមកខ្មែរវិញ តាមគន្លងអ្នកស្នេហាជាតិ។ – យល់ព្រមពេញទី ! អគ្គីក្រោកឈរលើកដៃសច្ចា ។ មានន្ទញញឹម។ – តែការតស៊ូមិនមែនជាការងាយទេ។ អ្នកតស៊ូដើម្បីជាតិ គឺជាអ្នកដែលមានចិត្ដស្អាតល្អ ចេះស្រលាញ់គេ អានិតគេ រួចចង់ជួយគេមែនៗ គឺជាអ្នកដែលរម្យទមមិនចេះខឹង មិនខ្លាចការ មានចិត្ដអំនត់ក្នុងកិច្ចការ។ អើបង ! អ្នកតស៊ូ គឺមនុស្សដែលហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មានបុណ្យសក្ដិ ទ្រព្យសម្បត្ដិ ប្រពន្ធកូនជាដើម។ អ្នកតស៊ូមានតែទុក្ខ ជួបតែសេចក្ដីក្រអត់ឃ្លាន គ្មានពេលសប្បាយ រឺ ពេលទំនេរទេ រួចមានពេលខ្លះជាប់គុក រងទុក្ខទោសរហូតដល់ស្លាប់បង់ជីវិតផង។ ចេញទៅតស៊ូ គឺប្រាសព្រាត់អស់ចំនងស្នេហាទាំងឡាយដែលចងយើងដើម្បីឈោងចាប់យកភពមួយថ្មីដែលយើងអាចដាក់ឈ្មោះហៅបានថា «ភពអែកកា» រឺ «ភពសង្វេគ»។ នៅចុងក្រោយបំផុត ចេញទៅ តស៊ូ គឺចេញទៅបួស តែបួសនេះមានន័យធ្ងន់ជាងបួសធម្មតាទៅទៀត គឺបួសដើម្បីព្រះពុទ្ធសាសនាផង រួចដើម្បីជាតិផង ដើម្បីសេចក្ដីសុខនិង សេចក្ដីចំរើនរបស់មនុស្សទាំងអស់លើទ្វីបលោកផង។ – ទឹកពុះហើយរឺ ? នាយអគ្គីស្ទុះភ្លេតចូលចង្រ្កាន កាន់យកកំសៀវមួយចេញមក អ្នកលាងចានដែកមួយយ៉ាងស្អាត រួចចាក់ទឹកពុះនោះក្នុងចានដែក។ អ្នកយកគមកធ្វើសំលីរួចលុបលាងមុខរបួសយ៉ាងថ្មមៗ រុំរបួសនោះយ៉ាងស្រួល។ បុរសធ្វើផងនិយាយផងថា : – គឺជាកិត្ដិយសមួយយ៉ាងធំណាស់ ដែលយើងតាំងខ្លួនយើងជាអ្នកតស៊ូនេះ។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ ដោយយល់ច្បាស់ថាលោកគ្រូ និង ខ្ញុំបានគិតត្រូវ។ មិនអីទេ យើងតាំងខ្លួនយើងជាអ្នកតស៊ូបានពេញទី ពីព្រោះយើងមិនដែលធ្វើអ្វីអាក្រក់នឹងអ្នកណា យើងមិនដែលប្លន់អ្នកណា យើងមិនដែលសេពសុរា លេងបៀ លួចកូនគេ។ យើងជាអ្នកបួសស្រេចទៅហើយ ។ ចុះមិត្ដយើងឯទៀតទៅតាមយើងទេ? – ទៅ! ប្រាកដជាទៅដាច់ខាត – យើងទៅតាំងទីកន្លែងត្រង់ណា ? – គង់ដឹងទេ តែអិលូវនេះត្រូវដឹងថា យើងឈប់ចូលស្រុកហើយ – ជយោ ! លោកគ្រូ ! ហ៊ី រួចហើយអិលូវសូមលោកគ្រូសំរាកចុះ ខ្ញុំយាមមាត់ទ្វារជូន។ មានន្ទសើចចាប់ដៃនាយអគ្គីជាប់នៅស្ងៀមមួយស្របក់ រួចនិយាយថា : – យាមអែណាខ្ញុំមិនទាន់បានសួរបងអែងផងនាយអគ្គីមុខស្មើ – អោ ! បាទ ! – តើកាលពីយើងបែកគ្នានោះ បងអែងមានទុក្ខយ៉ាងណាខ្លះ ម៉េចមិនប្រាប់ខ្ញុំផង? នាយអគ្គីឡើងស្រងូតស្រងាត់ឆ្លើយថា : – បាទ ! ខ្ញុំបានវាយប្រលូកជាមួយខ្មាំងដែលរោមខ្ញុំដូចស្រមោច។ គេចាប់ខ្ញុំបាន។ ខ្ញុំនឹកថា អស់បានជួបមុខលោកគ្រូហើយ។ គេយកខ្ញុំទៅសំលាប់។ ខ្ញុំញញឹមមុខក្ដីមរណភាពនេះ។ បាទ ! ខ្ញុំញញឹមព្រោះខ្ញុំពេញចិត្ដនឹងស្លាប់ ព្រោះខ្ញុំបានស្លាប់ដាយបានបំរើបុព្វហេតុមួយដ៏ល្អ គឺមាតុប្រទេស និង ជនជាតិយើងពិតៗ។ គាប់ជួនពេលនោះ នៅវេលាយប់ចង្រិតយំ អំពិលអំពែកហើរ ខ្យល់បក់ ផ្កាយរះព្រោងព្រាតស្រីម្នាក់ជាបុត្រីមេកង មានចិត្ដអានិតខ្ញុំ បានលួចចូលមកដោះលែងខ្ញុំ។ បរិយាកាសនៃកិច្ចសន្ទនាក៏ប្រែរីករាយវិញ។ សំលេង : – អូ ! អូ ! អូ ! – បាទ ! នាងនោះល្អ ចិត្ដក៏ល្អទៀត គេថាអោយខ្ញុំរត់ទៅចុះ។ ខ្ញុំឃើញមុខនាងស្រពិលៗ ។ ខ្ញុំក៏ប្រាប់នាងថា : – អូនកុំមើលងាយបង ៗមិនមែនជាមនុស្សចិត្ដអន់រត់ពីកន្ដាប់ដៃខ្មាំងទេ ។ អូនជាខ្មាំងនឹងបង អិលូវត្រូវការអូនហ៊ានយកកាំបិតមកបុកត្រង់ដង្ហើមបងអោយស្លាប់ទៅ មិនគប្បីមកដោះលែងបងដោយលួចលាក់ទេ។ នាងយំអោបដៃខ្ញុំដែលជាប់ចំនងនិយាយខ្សឹកខ្យួលថា : ច៎ាះប្អូនសូមទោសបង ប្អូនជាមិត្ដនឹងបងដែលមកដោះបងនេះ។ ជាកិត្ដិយសមួយរបស់ប្អូនដោយបានជួយជីវិតអ្នកស្នេហាជាតិម្នាក់។ ប្អូនមិនមែនខ្មាំងរបស់បងទេ ប្អូននិយាយនឹងបងមិនបានវែងឆ្ងាយទេ។ តែប្អូន សូមបងជ្រាបថា សព្វថ្ងៃនេះប្អូនជាមនុស្ស។ ពួកនេះបង្កអោយស្រុកយើងបង្ហូរឈាមគ្នា កាប់សំលាប់គ្នា ព្រាត់ប្រាសគ្នា បែកគូស្នេហា បែកកូនប្រពន្ធ បែកគ្រួសារ ។ អោបង ! បង ! ពាក្យថាសង្រ្គាមៗ ធ្វើអោយប្អូនជាស្រីក្រៀមៗ ៗជានិច្ចក្រៀមគ្មានពេលល្ហែ ក្រៀមរាល់វេលា។ យប់ ថ្ងៃ ព្រឹក រសៀល ល្ងាច ប្អូនរាប់ពេល រាប់ម៉ោងនាទី ធ្មេចភ្នែកសួរថា «តើកាលណា ទើបបានសុខ ? ប្អូនចង្អៀតចិត្ដណាស់បង។ ខ្ញុំឆ្លើយតបថា : – ប្អូនមានចិត្ដដូចបង បងដែលខំច្បាំងនេះ ក៏ដើម្បីសេចក្ដីសុខសាន្ដត្រាណដែរ។ ដើម្បីអោយបានសុខនេះ លុះត្រាតែស្រុកត្រូវ បានជាស្រុកអ្នកជា។ ស្រុកខ្ញុំគេ ចំបាំងនៅតែមាន។ ស្រុកមិនយុត្ដិធម៌ សង្គ្រាមនៅតែឆេះ ។ ស្រុកមានគំនិតប្រកាន់ពួកក្រុម ការភាន់ប្រែនៅតែកើត។ ចំបាំងនេះពុំមែនធ្វើអោយប្អូនខ្លាច ប្អូនព្រួយ យំបារម្ភនោះទេ . . . – ទេ ! . . . ទេ . . . ប្អូនដឹងច្បាស់ណាស់ថា «បងធ្វើត្រូវ ប្អូនស្អប់ចំបាំងរុករានទេតើ គឺប្អូនស្អប់ខាងក្រុមពួកខ្ញុំសព្វថ្ងៃនេះ»។ – បងមិនទៅណាទេ – ទេ ! ទេ!សូមបងអានិតប្អូន អញ្ជើញទៅចុះទុកជីវិតបងដើម្បីបំរើសន្ដានចិត្ដខ្ពស់មួយ ដែលជាសន្ដានចិត្ដខ្មែររាល់គ្នាអោយបានសំរេចទៅចុះ។ – ប្អូនជាខ្មែរ រឺ ខ្មាំង ? – ច៎ាះ ! ប្អូនជាខ្មែរ – បងទៅណាមិនរួចទេ បងចង់ស្ដាប់សំដីអូន ចង់ស្លាប់រស់ជាមួយអូន។ – ទេ ! បងអានិតខ្មែរទាំងពួងផង ត្បិតខ្មែរទាំងអស់ត្រូវការបង . . . ទៅៗ អញ្ជើញទៅចុះ។ នារីយំសោកស្ទើរបោកខ្លួននៅលើដី ដោយខ្ញុំពុំព្រមរួចខ្លួនសោះនោះ។ សូមលោកគ្រូគិតមើល តើអោយខ្ញុំទៅណារួច បើខ្ញុំទុកស្រីកំសត់នេះជាកំនប់មាសទៅហើយ។ ដល់ក្រោយមក ខ្ញុំក៏បបួលនាងទៅជាមួយខ្ញុំ ។ អោ ! រាត្រីកំសត់។ លោកគ្រូ ! ខ្ញុំសូមសំរក់ទឹកភ្នែកមួយដំនក់ចុះនៅលើសេចក្ដី ស្នេហាដ៏ស្មោះត្រង់នេះ។ បាទ! នាងព្រមរត់ទៅជាមួយខ្ញុំ ពីព្រោះថ្ងៃជិតរះជីវិតខ្ញុំជិតស្លាប់ហើយ។ យើងចេញដំនើរទៅ។ មិនយូរប៉ុន្មាន កងទ័ពខ្មាំងដេញតាមជាប់ពី ក្រោយ។ អោលោកគ្រូអើយ ! នាងនោះរត់មិនរួច ព្រោះគ្នាពុំធ្លាប់រត់ដូចពេលនោះសោះ ។ ខ្មាំងក៏កាន់តែជិតមក ជិតមក។ ខ្ញុំដកព្រួញបាញ់វិញដោយប្ដេជ្ញាថា អោយស្លាប់ជាមួយគ្នាចុះ។ តស៊ូបានប្រមាណមួយសន្ទុះធំ ខ្មាំងព័ទ្ធជុំវិញខ្លួនអស់។ បាទ ! ពេលនោះព្រួញអាសិរពិសមួយយ៉ាងកំនាចស្ទុះមកត្រូវនាងចំកន្ដាលខ្នង ប្អូនជាគូជីវិតដួលដេកលើធរណី។ ខ្ញុំអោបនាង។ នាងយំដោយខ្សឹកខ្សួលប្រាប់ថា : ប្អូនសំលាញ់បង ! (បងសំលាញ់ប្អូន ) ខ្ញុំខ្សឹបប្រាប់វិញថា : – បងស្រលាញ់អូន ! នារីញញឹមទឹកភ្នែកហូរសស្រាក់ ដាច់ខ្យល់ស្លាប់ភ្លាមមួយ រំពេច។ បាទ អោ ! ស្លាប់ទៅៗ។ នាយគី គ្រវីក្បាល។ មានន្ទអង្អែលខ្នងសួរថា : – ចុះយ៉ាងណាទៀត ? – បាទ !ខ្ញុំប្ដេជ្ញាក្នុងចិត្ដថា តស៊ូលុះត្រាស្លាប់ ខ្ញុំក៏ហូតដាវចូលប្រកាប់ប្រចាក់។ ខ្ញុំងងឹតមុខគិតតែពីប្រលូកគ្មានថយ រហូតដល់ខ្មាំងស្លាប់អស់ជាច្រើនដួលរណោងលើដី ឆ្លៀតអោកាសនោះខ្ញុំក៏ចាប់សេះមួយរត់មកទីនេះ ។ តាំងពីនោះមកខ្ញុំលែងចង់បានប្រពន្ធទៀតហើយ។ សូរជើងសេះមួយលាន់លឺឡើង ។ នាយគីផ្ទៀងត្រចៀកស្ដាប់។ មានន្ទក្រោកអង្គុយប្រុងស្មារតី។ នាយគីស្ទុះភ្លែតទៅខាងក្រៅ។ ក្នុងងងឹត ពាជីមកដល់ នាយគីដកដាវខ្វាច់។ ចុងដាវនៅលើដើមទ្រូងអ្នកជិសេះជាស្រេច។ – អ្នកណា ? – អញ – អូ អា កោប ! យី ! អាចង្រៃ ម្ដេចមកគ្មានអោយដំនឹងអញមុន . . .។ នាយកោបលោតពីលើខ្នងសេះ មកអោបអគ្គីយ៉ាងស្និទ្ធស្នាល។ – អញរវល់ណាស់មិនបានអោយដំនឹងអ្វីទេ។ មកទៅក្នុង។ – អាកោបទៅមិនបានទេ ឈប់ ! អាកោបអាអែងហ៊ានតែចូលអញសំលាប់អែងចោលអិលូវនេះ។ – អាឆ្កួត ! មានការ។ – ការអី ? – អញមកប្រាប់លោកគ្រូ – យី ! ម៉េចអាអែងដឹង ? – ហ៊ឺ រឿងអីអាកោបមិនដឹងនោះ ? ប្រយ័ត្ន ! ការសំខាន់ណាស់។ – ឈរនៅហ្នឹងហើយ ចាំអញទៅជំរាបគាត់ជាមុនសិន។ ពេលនោះសំលេងមានន្ទលាន់លឺឡើងពីលើគ្រែក្នុងបន្ទប់ – អ្នកណា កោបរឺ ? – បាទ ! – គីអោយកោបចូលមក ! នាយគីរុញស្មានាយកោបអោយចូលមក។ នាយកោបធ្វើគារវកិច្ចដោយគោរព : – ខ្ញុំបាទមកនេះមានការប្រញាប់ណាស់ ។ លោកតាគីរីសុមេរុអោយខ្ញុំមកជំរាបលោកគ្រូថា «គេបានចាត់ទ័ពសេះមកតាមចាប់លោកគ្រូចំនួន១២នាក់»។ – កោបអែងភ័យ រឺ គ្នាប៉ុណ្ណឹង? – បាទទេ! – គី ? -បាទ ទេ ! – កោប ? – បាទ ! – ត្រៀមខ្លួននាយកោបញាក់មុខឆ្លើយថា : – បាទ មានន្ទក្រោកអង្គុយហាក់ដូចគ្មានឈឺអ្វី – បាន ! ខ្ញុំទទួលប្រាំនាក់ កោបទទួលបី គឺទទួលបួននាក់ – បាទ ! – បាទ ! មានន្ទសួរទៀតថា :- អ្នកណានាំមក ? – និលពេជ្រ – អៃយ៉ា ! ទុកនិលពេជ្រអោយមកខ្ញុំចុះ កាលណាវាមកដល់។ នាយកោបងក់ក្បាល – បាទ ! មិនយូរទេប្រហែលបន្ដិចទៀត ព្រោះខ្ញុំលឺសូរជើងសេះតែពីក្រោយខ្ញុំគគ្រឹក។ – អឺ ! មិនជាអីទេ ។ អិលូវទៅរាំងទ្វាររបងអោយជិត។ កោបនៅម្ដាង គីនៅម្ខាងមាត់ទ្វារនេះ។ អែខ្ញុំនៅពួនគុម្ពផ្កាកន្ដាល។ – បាទ ! – មានទ្វារត់ទៅតាមក្រោយទេ ? នាយគឺឆ្លើយថា : -បាទ ! មានផ្លូវសំងាត់មួយ – របងគីអែងល្មមពួកវាចូលបានទេ ? – មានតែតាមមាត់ទ្វារប៉ុណ្ណោះ ព្រោះជុំវិញសុទ្ធតែរិស្សី – អឺ ! ល្អ ខ្ជិលទៅណា គឺអែងថយមុន កោបថយក្រោយ។ – បាទ ! – បាទ ! – យើងវាយតដៃដើម្បីដោះខ្លួនទៅតាមទ្វារក្រោយណ៎ា ! – បាទ – បាទ – ដល់ខាងក្រៅតោងបំបែកគ្នា រួចទីជួបគ្នា គឺមាត់ពាមទន្លេសាប ព្រំប្រទល់ខ្មែរ -សៀម។ – ទល់ដែន! – ទល់ដែន ! – កុំភ្លេចចូលទៅហៅអារុណ មហាកាល ស្រទំ ស្បៃវែងផងណ៎ា ! – បាទ ! – បាទ ! – អិលូវទៅចាំនៅទីកន្លែងរៀងខ្លួនចុះ ព្រោះលឺសូរជើងសេះមកដល់ហើយ។ . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . និលពេជ្រនាំទ័ពបំផាយសេះយ៉ាងលឿនទាំងកន្ដាលយប់។ នៅតាមផ្លូវ និលពេជ្របានសាកសួរដល់ពលដែលមកជាមួយ តើអ្នកណាស្គាល់ផ្ទះនាយគីនៅរហាត់ទឹក ។ មានទាហានម្នាក់ឈ្មោះសាន បានឆ្លើយឡើងថា : – បាទស្គាល់។ បានជានិលពេជ្រសួរដូច្នោះ ពីព្រោះដឹងច្បាស់ថា សេនាជំនិតដែលមានន្ទមាននៅជិតនេះគ្មានអ្នកណាក្រៅពីអគ្គីទេ។ អ្នកធ្លាប់ស្គាល់អគ្គីនេះ ដែលជាមនុស្សពូកែឆើតឆាយមួយដែរ។ មានន្ទត្រូវរបួសផង ប្រាកដជាទៅជ្រកផ្ទះអគ្គីមិនខាន។ អាស្រ័យហេតុនេះ អ្នកបញ្ជាទាហាន អោយបំបោលសេះកាត់វាលតំរង់ទៅភូមិរហាត់ទឹកតែម្ដងទើបឆាប់ការ។ ក្នុងដំនើរដ៏ស្រូតរូតនេះ អ្នកលឺសូរជើងសេះមួយខាងមុខដែរ តែអ្នកនឹកស្មានថាជាសេះរបស់អ្នកស្រុកធម្មតាទេ។ កាលបើនាយសានឆ្លើយថា បានស្គាល់ផ្ទះអគ្គីច្បាស់ និលពេជ្រត្រេកអរយ៉ាងក្រៃលែង។ គ្រោងការមួយវាត់ភ្លែតក្នុងបញ្ញាអ្នក គឺគ្រោងការលោមចាប់មានន្ទអោយបាន។ បានទៅដល់ជិតផ្ទះអគ្គីហើយ អ្នកបញ្ជាអោយទាហានទាំងអស់ចុះពីលើខ្នងសេះរៀងខ្លួន រួចអោយសានដើរលបៗទៅស្ដាប់មើល។ នាយសានថ្វីត្បិតតែធ្លាប់តយុទ្ធមកច្រើនគ្រាណាស់មកហើយក៏ដោយ ក្នុងពេលនេះក៏នៅមានសេចក្ដីតក់ស្លុតយ៉ាងខ្លាំង។ បេះដូងគាត់ញ័ររំភើប ដៃគាត់ឡើងត្រជាក់អស់។ គាត់លូនបន្ដិចៗទៅមុខត្រាតែបានទៅដល់ផ្ទះអគ្គីដូចប្រាថ្នា។ គាត់លបមើលតាមមាត់ទ្វារ គ្មានឃើញអ្វីសោះ។ ក្នុងផ្ទះស្ងាត់ឈឹង តែឃើញទ្វារពុំទាន់បិទ ចង្កៀងមួយឆេះប្លុងៗ។ អ្នកលូនថយក្រោយដូចក្ដាម ត្រលប់ទៅរាយការណ៍ប្រាប់និលពេ ជ្រវិញ។ – ម៉េចមានឃើញអ្វីខ្លះ ? – ឃើញទ្វារបើក ចង្កៀងមួយប្លុងៗ – ប្រហែលមានមនុស្សទេ ? – ប្រហែលដេកលក់អស់ហើយ – បើដូច្នោះទៅ ! កងទាហានទៅដល់មាត់ទ្វារ ។ នាយសានលូកដៃទៅច្រានទ្វារ របងទ្វារពុំរបើកដោយចាក់សោជាប់។ និលពេជ្រសួរខ្សឹបៗថា : – ម៉េចបើកទ្វាររួចទេ ? – បាទទេ ! ជាប់សោ ។ ធ្វើយ៉ាងណាទាន ? – ទៅរកលើកជន្ដើរផ្ទះខាងមុខនោះសិនមក តែប្រយ័ត្នម្ចាស់គេដឹងណា ! ម្យ៉ាងទៀតប្រយ័ត្នឆ្កែព្រុសផង។ – បាទ ! សានក៏ស្ទុះទៅលើកជន្ដើរផ្ទះរបស់អ្នកស្រុកម្នាក់យកមកផ្អែកលើទ្វារ។ នាយសានឡើងជន្ដើរភ្លាមអិតបង្អង់។ លុះមកដល់លើទ្វារហើយនាយសានក៏បែរគូថទំលាក់ជើងទាំងពីរចុះ ដៃទាំងពីរចាប់ខ្លោងទ្វារ ធ្វើអោយនាយសានធ្ងន់ខ្លួនរយីងរយោង។ នាយកោបដែលលិទ្ធអន្ដាតរង់ចាំចំនី ដល់បានឃើញខ្មាំងមកដូច្នោះ ក៏ស្ទុះវឹងទៅកាប់មួយដាវចំពីក្រោយត្រង់គល់ក ។ នាយសានលាន់សំលេងលឺងឹក រួចធ្លាក់ខ្ពោកដល់ដី។ និលពេជ្រដែលនៅខាងក្រៅនឹកថា នាយសានបានដល់ដីហើយ រួចមុខជាមកបើកទ្វារមិនខាន តែចាំបាត់ៗ : និលពេជ្រខ្សឹបហៅៗ – សាន ! សាន ! ទៅណាបាត់អន្ដរធាននេះ អាធីទៅមួយទៀតបន្ដគ្នាទៅ។ នាយធីដឹកមុខឡើងជន្ដើរដល់ចុងក៏វាត់ជើងស្ទុះចុះមក។ ក្នុងពេលនោះដាវអគ្គីលៀនចេញធ្លោពីគុម្ពផ្កាមក តែនាយធីវាយរងដាវទាន់ ដាវទាំងពីរក៏ប្រកួតគ្នាលឺឆាំងៗ ដូចរន្ទះកន្ដាលយប់ស្ងាត់។ ពួកខាងនិលពេជ្រស្រែកថា «មានពួកវាវើយ !» ។ លំដាប់នោះ នាយទាហានក៏ជ្រុះមកក្នុងរបងផ្ទះនាយគីខ្ពោកៗ បន្តបន្ទាប់គ្នាដូចគ្រាប់ភ្លៀង។ នាយកោប និងអគ្គីតយុទ្ធម៉ាំងៗយ៉ាងអង់អាច។ និលពេជ្រមកដល់ក្រោយគេបញ្ជាអោយឈប់។ – ឈប់ ! អ្នកណាហ្នឹង ? អគ្គីឆ្លើយថា : – អញ – អឺ ! គីទេរឺ ? – អឺ ! អញ ម៉េចនិលទេរឺ ? អែងមកលេងនឹងអញរឺ ? – អឺអញៗ មកលេង – បើមកលេង មកកុំបង្អង់ ! – អែងមកមានការអីទាំងយប់ ? (អគ្គីសួរបន្ថែម) – អញមកជាតំនាងច្បាប់។ នាយកោបចេញពីគុម្ពផ្កាមកសើចក្អាកក្អាយ – ហាសៗ តំនាងច្បាប់ ! មានតែចោរទេដែលចូលក្នុងរបងផ្ទះគេដោយលបៗ ។ អ្នកតំនាងច្បាប់មិនធ្វើដូច្នោះទេ។ – យី ! អាកោប អញមកនេះមានសំបុត្រ។ – ចាំភ្លឺស្រួលបួលទៅពូ ! មានអី។ – អាកោប អញមិនខ្ចីនិយាយនឹងឯទេ។ និលស្ទុះទៅមុខ ភ្នែកមើលទៅក្នុងផ្ទះ ។ អគ្គីលើកដាវកាប់រាំងដើមទ្រូងនិលពេជ្រ – មិនបានទេ ! មិត្ដទៅណាមកណាទៅមិនបាន។ – អញទៅក្នុងផ្ទះ – ប្លន់រឺ ? – អញចាប់មនុស្សទោស។ – គ្មានមនុស្សទោសទេ នៅនេះមានតែអ្នកជាទាំងអស់។ – មាន ។ – ទៅមិនបាន ទៅស្លាប់អែង រឺ ស្លាប់អញ ! – ព្រះកំពុតអោយអញមកណ៎ា – ទេវតាអោយមកក៏ត្រូវឈប់ ត្បិតអគ្គីមិនអោយចូលទៅ។ – អែងរឹងទទឹងនឹងច្បាប់រឺ ? – អែងរកចាប់អ្នកណា ? – មានន្ទ ! – ហ៊ីសៗ អាក្រពើ វង្វេងបឹង – មានន្ទនៅអែណា! – នៅនេះ ? – សំលេងមានន្ទលាន់លឺឡើងពីកៅអីមួយ ដែលនៅក្នុងងងឹត។ មានន្ទដើរស្ទុងៗ ចេញមកយ៉ាងខែង ដៃពត់ចុងដាវតូចស្ដើងមួយដែលចាំងផ្លេកៗ។ – រកខ្ញុំធ្វើអី ? – ក្នុងនាមនៃច្បាប់ ខ្ញុំសូមចាប់ សូមអញ្ជើញអានសំបុត្រនេះទៅចុះ ។ មានន្ទកញ្ឆក់សំបុត្រពីដៃនិលពេជ្របានញីរហែកខ្ទេចខ្ទីគ្រវាត់ចោលទៅ។ និលពេជ្រខឹងខ្មួលឡើង។ – យី ! ម៉េចព្រះតេជគុណហ៊ានហែកសំបុត្រព្រះកំពុត ? – ខ្លាចអីសំបុត្រមិនត្រឹមត្រូវតាមច្បាប់។ – មិនមែនទេ ! បោះត្រាលោកផងណា! – អើ! ត្រាមែន តែសំបុត្ររំលោភអោយចាប់យើងទាំងយប់ គ្មានច្បាប់ណាអោយចាប់ដូចនេះទេ។ – អាកូន ! ចូលចាប់ ! មានន្ទថយក្រោយបីជំហានគ្រវាសដាវ និយាយយ៉ាងសង្ហាថា : – ចាប់មានន្ទបានលុះត្រាតែធ្លាក់អាវុធពីដៃ។ នាយកោប និង នាយគី ក៏ថ្លែងសកម្មភាពដំនាលគ្នា ដាវលាន់លឺឆាំងៗចែសៗ ឡើងពិរោះដូចសូររនាតដែក។ បីទល់នឹងពីរ ជាទីគួរដែរ។ មានន្ទវាយផូងៗ ពីរបីដាវស្ទុះទៅកាប់អាម្នាក់នៅចំហៀងខាងដួលច្រច្រោងជើង បាត់ស្មារី រួចស្រែកថា : – មួយហើយវើយ ! មានន្ទវាយថយ រត់ទៅគេចនឹងគល់ឈើដែលធ្វើអោយខាងនិលពេជ្រវិលមុខ។ ដោយងងឹតផង អ្នកតជាប់ដៃ ចុងដាវសត្រូវខ្វែងខ្វាត់ច្រវាត់ គ្នាច្រុះនឹងចុងដាវអ្នក។ មានន្ទគេចទៅពួនអែគល់ឈើមួយទៀត។ ខាងនិលពេជ្ររកមិនឃើញលេលា មានន្ទស្រែកហៅថា : – អែនេះទេវើយ ! មក ! កងនិលពេជ្ររត់ទៅ មានន្ទគេចទៅម្ខាងវាយខ្នងនាយធីផូងមួយដាវអស់ទំហឹង ដែលនាំអោយធីភ័យជាអនេក។ដល់ដឹងថា មានន្ទក៏ស្ទុះហក់ដេញតាមប្រកិត ។ ចំនែកខាងនាយកោប និង អគ្គីក៏បង្កើតបរិយាកាសកំប្លែងលេងលាយមែនដូចគ្នា។ យូរៗ នាយកោបបែរទៅសើចដាក់អគ្គីម្ដង។ មានន្ទញញឹមយ៉ាងរីករាយ នឹងស្ថានការណ៍រីករាយនេះ។ លុះចេញដល់ក្រៅរបង ជនទាំងបីចេះតែវាយថយរហូតទៅដល់នឹងហ្វូងសេះរបស់កងនិលពេជ្រដែលចងតំរៀបគ្នា។ មានន្ទបញ្ជាយ៉ាងខ្លាំងថា -ឡើងសេះ ! នាយកោប និង អគ្គីរហ័សដូចសូរ ដល់លើខ្នងសេះជាស្រេច ក៏បំផាយសេះទៅដោយមានជនខាងនិលពេជ្រដេញជាប់ពីក្រោយ។ រីអែមានន្ទកាលស្រែកបញ្ជា ស្ទុះវឹងភ្លាមដែរ តែទាក់ជើងនឹងកូនឈើមួយដួលព្រួស។ មានន្ទរមៀលខ្លួនបន្ដោយដូចផ្លែក្រូច រួចក្រោកឈរវឹបវិញតដៃទៅទៀតយ៉ាងអង់អាច។ និលពេជ្រស្ទុះមករាំងផ្លូវមិនអោយមានន្ទឡើងសេះរួច ។ និលពេជ្របញ្ជាអោយទាហានម្នាក់លែងខ្សែសេះអោយរត់ទៅឆ្ងាយពីទីនោះ។ តែមានន្ទទាត់ត្រូវមួយជើងដួលផ្កាប់មុខដោយមិនដឹងខ្លួន។ កងខាងនិលពេជ្ររោមមានន្ទដូចស្រមោច ថ្វីត្បិតតែមានខ្លះត្រូវរបួសច្រើនអន្លើណាស់ទៅហើយ។ មានន្ទគេចខ្លួនបានក៏លោតលើខ្នងសេះបំផាយទៅ។ និលពេជ្រក៏បញ្ជាអោយកងពលឡើងសេះតាមទៅដែរ។ មានន្ទរត់ឆ្លងអូរ ឆ្លងជ្រោះយ៉ាងលឿន ។ និលពេជ្រព្យាយាមតាមជាប់ពីក្រោយមិនឈប់ឈរ។ ព្រះអរុណរះស្វាងឡើង ។ សេះមានន្ទកាន់តែដាបទៅៗ រឺអែខ្មាំងកាន់តែជិតមកៗ។ មានន្ទមើលឃើញទាំងអស់មានប្រាំមួយនាក់ ។ អ្នកនឹកថា តើគេចខ្លួនយ៉ាងណាអោយរួចទាន់ភ្លឺមិនទាន់ច្បាស់នេះ។ ដល់ដើមអំពិលមួយ អ្នកលោតទៅចាប់មែកអំពិលតោងឡើងទៅពួននៅស្ងៀម។ សេះដោយភ័យចេះរត់ទៅមុខ ។ កងនិលពេជ្រ ចេះតែដេញតាមប្រកៀក។ មានន្ទមើលពីក្រោយឃើញហុយធ្លុប អ្នកសើចយោលខ្លួន រួចចុះមកគេចទៅខាងជើង។ ទៅតាមផ្លូវ អ្នកដោះឡេវអាវផ្លុំខ្សល់ដកដង្ហើមវែងៗអោយមានកំលាំង។ មានពនឹកថា ខ្យល់ព្យុះមុខជាផុតរលត់មិនខាន។ អ្នកដើរបន្ដើរហួចបន្ដើរ បីដូចអ្នកគង្វាលគោម្នាក់ដែលគ្មានដឹងលឺដល់រឿងអ្វីសំខាន់ឡើយ។ បុរសចេះតែក្រលេកមើលក្រោយម្ដងៗ ក្រែងខ្មាំងដេញតាមមកទៀត។ អ្នកសំលឹងមើលព្រៃឈើរកនឹក «តើជាព្រៃភូមិណា ស្រុកណា ? » ។ ពន្លឺព្រះអាទិត្យក៏ឡើងថ្លាត្រចង់គួរជាទីសប្បាយ។ តាមផ្លូវដើមរុក្ខជាតិធំ តូច ដុះណែនណាន់តាន់តាប់ ខ្ពស់ទាប។ អ្នកនឹកថា ស្រុកខ្មែរជាស្រុកមានភោគទ្រព្យក្រៃពេក ពុំគួរនៅក្រោមអំនាចខ្មាំងសោះ។ អ្នកនឹកទៀតថា « ពួកនិលពេជ្រស្លាប់ថ្ងៃនេះក៏ក្រែលដែរ គឺខ្មាំងស្លាប់នឹងដៃអ្នកជាច្រើន អ្នកមិនខាតទេក្នុងម្ភៃមួយម៉ោងចុងក្រោយនេះ។សត្វកុកដែលនៅប្របផ្លូវ ពួនសំងំចឹកត្រីក្នុងថ្លុកមួយផ្អើលឈូរហើរឡើង។ មានន្ទភ្ញាក់ព្រើតក្រាបពួន តែដល់មិនឃើញអ្វីក៏ដើរទៅមុខទៀត។ អុញនុ៎ះ ! ឃើញវាលស្រែទេតើ។ មានអ្វី ? មានន្ទញញឹមគិតថា «អោ ! ភូមិកុយមែងទេតើ » អ្នកបែរសសៀរយកជើងព្រៃ។ លុះដល់ផ្ទះមួយដែលនៅចុងភូមិ អ្នកឡើងភ្លាមចូលទៅក្នុងបន្ទប់បិទទ្វារបាត់។ រឿងមហាចោរនៅទល់ដែន

0 Responses to “មហាចោរទល់ដែន(វគ្គ១១)”

Post a Comment