Wednesday, 24 June 2015

រឿងដង្កូវ និងក្អែក

មាននិទាន​មួយ​ថា​ សត្វ​ដង្កូវ​កំពុង​តែស៊ី​ស្លឹក​ឈើ​ ក៏មាន​សត្វ​ក្អែក​មួយ​ហើរ​​រក​ចំណី​​ទៅ​ប្រទះ​​នឹង​ដង្កូវ​នោះ ។ ក្អែក​ថា ពេល​នេះ​ មាន​លាភ​បាន​ដង្កូវ​ស៊ីអញ ក៏​ហើរ​ទៅ​ជិត​ដង្កូវ ។ ដង្កូវ​ក្រឡេក​ឃើញ​ក្អែក​ក៏​នឹក​ថា ​អា​ក្អែក​នេះ​ ខ្លួនខ្មៅ ចិត្ត​ឃោរ​ឃៅ​ នឹង​ចឹក​អញ​ស៊ី​អញឥឡូវ​ហើយ ។ ដង្កូវ​សួរ​ក្អែក​ថា មក​រក​អ្វីដែរបងក្អែក? ។ ក្អែក​ប្រាប់​ទៅ​ដង្កូវ​វិញ​ថា អញ​មក​ស៊ី​ដង្កូវ​ឯង ។ ដង្កូវ​ថា បើបងចង់ស៊ីខ្ញុំ លុះ​តែ​ក្អែក​ឯង​ រក​ប្រស្នា​ខ្ញុំអោយឃើញ​សិន , បើ​រក​ប្រស្នា​ខ្ញុំមិន​ឃើញ​ ស៊ីខ្ញុំ​មិន​បាន​ទេ ។ ក្អែក​សួរ​ថា ប្រស្នា​ដង្កូវ​ឯង​យ៉ាង​ដូចម្ដេច​សួរ​មក​ចុះ​​អញ​នឹង​រក​ឲ្យ​ឃើញ ។ ដង្កូវ​សួរ​ទៅ​ក្អែក​ ដូច​មាន​ត​ទៅ​នេះ : ១ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ផ្អែម​ជាង​គេ​បំផុត ? ២ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​ជាង​គេ​បំផុត ? ៣ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ស្អុយ​ជាង​គេ​បំផុត ? ៤ ដូចម្ដេច​ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​បំផុត ? កាលបើ​ក្អែក​ បាន​ឮ​ដង្កូវ​សួរ​ប្រស្នា​ទាំង​៤​បទ​នេះ​ហើយ​ មាន​សេចក្ដី​ត្រេកអរ​ជា​ទី​បំផុត​ ក៏​ស្រែក​ហ៊ោ​កញ្រ្ជៀវ​លេង​ ដោយ​គិត​ថា ប្រស្នា​ដង្កូវ​ទាំង​៤​បទ​នេះ​ អញ​មុខ​ជា​រក​ឃើញ​ឥឡូវ​ហើយ​ នឹង​បាន​ស៊ី​ដង្កូវ​នេះ​មិន​ខាន ទើប​ក្អែក​ឆ្លើយ​ដោះ​ស្រាយ​ប្រស្នា​ដូច​មាន​ត​ទៅ​នេះ ។ ១ ដែល​គេ​ហៅ​ថា​ផ្ងែម​នោះ​ គឺ​មាន​ស្ករ​ និង​ឃ្មុំ​ ផ្អែម​ជាង​អ្វី​ទាំង​ពួង ។ ២ ដែល​គេ​ហៅ​ថា​ជូរ​ចត់​នោះ​ គឺ​មាន​ម្ជូរ​ក្រូច​ឆ្មារ, អម្ពិល, ម្ជូរ​សណ្ដាន់, ម្ជូរ​ក្រសាំង, និង​ទឹក​ខ្មេះ ។ ៣ ដែល​គេ​ហៅ​ថា​ស្អុយ​ជាង​គេ​នោះ​ គឺ​អាចម៍​ និង​គម្រង់​ខ្មោច​សត្វ​ទាំង​ពួង ។ ៤ ដែល​គេ​ហៅ​ថា​ ក្រអូប​ជាង​គេ​នោះ​ គឺ​ផ្កា​រំដួល​ ផ្កា​ម្លិះ​ និង​ទឹក​អប់ ។ ៥ ក្អែក​បាន​ដោះ​ស្រាយ​ប្រស្នា​ទាំង​៤​បទ​នេះ​ ប្រាប់​ទៅ​ដង្កូវ ។ ដង្កូវ​ថា បងក្អែក​ ដោះ​ប្រស្នា​នេះ​មិន​ត្រូវ​ទេ ។ ក្អែក​ក៏​ដាក់​មុខ​ស្រងូត​ និយាយ​ទៅ​ដង្កូវ​វិញ​ថា បើ​ដង្កូវ​ឯង​ថា​ខុស​ សុំ​ឲ្យ​ដង្កូវ​ប្រាប់​ប្រស្នា​នេះ​មក​អញ​ឲ្យ​បាន​ដឹង​ផង ។ ដង្កូវ​ប្រាប់​ទៅ​ក្អែក​វិញ​ថា ប្រាប់​បាន​ តែ​ក្អែក​ឯង​កុំ​ស៊ី​ខ្ញុំ ទើប​ខ្ញុំប្រាប់ ។ ក្អែក​ថា ឲ្យ​តែ​ប្រាប់​ចុះ​ អញ​មិន​ស៊ី​ដង្កូវ​ឯង​ទេ ។ លុះ​បាន​ខ​សន្យា​ព្រម​ព្រៀង​គ្នា​យ៉ាង​ហ្នឹង​ហើយ, ដង្កូវ​ក៏​ដោះ​ស្រាយ​ប្រស្នា​ប្រាប់​ទៅ​ក្អែក​ ដូច​មាន​ពាក្យ​ត​ទៅ​នេះ : ១ ដែល​គេ​ហៅ​ថា​ ផ្អែម​នោះ​ មិន​មែន​ផ្អែម​ស្ករ​ទឹក​ឃ្មុំ​នោះ​ទេ​ គឺ​ផ្អែម​ពាក្យ​សម្ដី​ ដែល​និយាយ​ទៅ​មក​រក​គ្នា​ ដោយ​ពាក្យ​ពិរោះ​ស្មោះ​ត្រង់​រក​គ្នា, នេះ​ហើយ​ហៅ​ថា​ ផ្អែម​ជា​ទី​បំផុត ។ ២ ដែល​គេ​ហៅ​ថា​ ជូរ​ចត់​នោះ​ មិន​មែន​ជូរ​ចត់​អម្ពិល​ សណ្ដាន់​ ក្រូចឆ្មារ​ ទឹក​ខ្មេះ​នោះ​ទេ​ គឺ​ពាក្យ​ផរុសវាទ​ ឃោរឃៅ​ ឥត​គួរ​ ឥត​សម​ ដែល​និយាយ​កាន់​គ្នា​ទៅ​វិញ​ទៅ​មក, នេះ​ហើយ​ហៅ​ថា ជូរ​ចត់​លើស​ ជូរ​ចត់​អ្វី​ទាំង​ពួង ។ ៣ ដែល​គេ​ហៅ​ថា​ ស្អុយ​នោះ​ មិន​មែន​ស្អុយ​អាចម៍​ ឬ​ស្អុយ​គម្រង់នោះ​ទេ​ គឺ​ស្អុយ​កេរ្ត៍​ ស្អុយ​ឈ្មោះ​ ដែល​ប្រព្រឹត្ត​អាក្រក់​ក្នុង​លោក , នេះ​ហើយ​ហៅ​ថា ស្អុយ​ច្រាស​ខ្យល់ ។ ៤ ដែល​គេ​ហៅ​ថា​ ក្រអូប​នោះ​ គឺ​មិន​មែន​ក្រអូប​ក្លិន​ផ្កា​ ឬ​ទឹក​អប់​នោះ​ទេ​ គឺ​ក្រអូប​កេរ្ត៍​ឈ្មោះ​ ដែល​ប្រតិបត្តិ​ល្អ, នេះ​ហើយ​ហៅ​ថា ក្រអូប​ជាង​គ្រឿង​ក្រអូប​ទាំងពួង ។ ក្អែក​បាន​ស្ដាប់​ប្រស្នា​ទាំង​នេះ​ហើយ​ ឈប់​ស៊ី​ដង្កូវ​ ហើយក៏ហើរចេញទៅដោយក្តីអៀនខ្មាស៕

0 Responses to “រឿងដង្កូវ និងក្អែក”

Post a Comment