Friday, 26 June 2015

រឿង ធនញ្ជ័យ (ភាគ២)

ឯអស់​រាស្ត្រ ​ចែក​រក​ស៊ី​ក្នុង​ទន្លេ​ នោះជា​ច្រើន នឹង​ចែក​ទៅឯណា​ឱ្យ​ចៀសពី​សំណាប​នោះមិន​បាន ធនញ្ជ័យ​ក៏​ចាប់​ទូក​អំបាល​នោះ​ថា ចែវចូល​ក្នុ​ងសំណាប​ លក់​យក​ប្រាក់​បាន​ទូក ១​ជា​ប្រាក់​៣០​នោះឯង ឯ​អស់​រាស្ដ្រ​នោះ​ខឹង​ហើយ បបួល​គ្នា​ឡើង​ទៅ​ក្រាបទូល​ថា ត្បិត​ធនញ្ជ័យ​ធ្វើ​ស្រែក្នុង​ទន្លេនោះ ហើយ​យក​អង្កាម​ទៅបាច​ពេញ​អស់​ទន្លេ ហើយ​ប្រាម​ប្រាប់​អស់​យើង​ខ្ញុំថា កុំ​ឱ្យ​ចូល​ក្នុង​សំណាប​នោះ​បើ​ចូល​នឹង​ចាប់​លក់​យក​ជា​ប្រាក់​តម្លឹង​ទូល​ ១ បើដូច្នោះ​យើង​ខ្ញុំ​ពុំ​សុខ​ចិត្ត​ឡើយ សូម​មេត្តា​ឱ្យ​កោះ​ធនញ្ជ័យ​ជំនុំ​ឱ្យ​ទាន​បាន​ដឹង​ដំណើរ ត្បិត​យើង​ខ្ញុំ​មិន​ដែល​ឭ​ព្រះ​បន្ទូល​ថា មាន​ច្បាប់​ចាប់​លក់​យក​ប្រាក់​ហូត​យក​ពន្ធ​រទេះ​គ្រប់​ទំនិញ​ ក្នុង​ព្រះ​នគរ ដូច​ធនញ្ជ័យ​ថា​នោះ​ទេ ព្រះ​មហា​ក្សត្រ​ស្ដាប់​ហើយ​ក៏​ឆ្ងល់​ព្រះ​ហឫ​ទ័យ​នឹង​ធនញ្ជ័យ​ណាស់​ ហើយ​ត្រាស់​ប្រើ​អាមាត្យ​មួយនាក់​ថា អាឯង​ទៅ​ហៅអាជ័យ​មក​ឱ្យ​ឆាប់ កុំ​បង្អង់​យូរ​ឡើយ អាមាត្យ​ស្ដាប់​ព្រះ​បន្ទូល​ហើយ ក៏​ក្រាបថ្វាយ​បង្គំ​លា ដើរ​ទៅ​រក​ធនញ្ជ័យ​ ឃើញ​ហើយ​ក៏​ប្រាប់​ថា ត្បិត​មាន​ព្រះ​បន្ទូល​ពិសេសឱ្យ​មក​ហៅ​​ធនញ្ជ័យ​ឯង ឱ្យ​ទៅ​ជា​មួយ​នឹង​យើង ជា​ព្រះ​រាជ​បម្រើ​នេះ​កុំ​ខាន​ឡើយ បើ​ខាន​នឹង​ខុសធនញ្ជ័យ​ឯង ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ស្លៀក​ពាក់​សំពត់​អាវ រួច​ហើយ​ក៏​ដើរ​ទៅជាមួយ​បម្រើ​នោះ​ឯង លុះ​ទៅដល់ហើយ ក៏​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​គាល់ស្ងៀម​ នៅ​ចាំ​ស្ដាប់​បន្ទូល។ ឯ​ព្រះ​មហាក្សត្រ​ទត​ឃើញ​ធនញ្ជ័យមក​ដល់​ហើយ ក៏​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​អញ​ឱ្យ​អាឯង ទៅនៅទន្លេ ឱ្យ​រក​ស៊ី​ធ្វើ​ស្រេ​យក​ស្រូវ ឥឡូវ​នេះ​អាឯង​ទៅ​ធ្វើដូច្នោះ​ តើអាឯង​គិត​ដូចម្ដេច បើ​ដូច្នោះ​ឯង​ថា​មក​អញ​នឹងស្ដាប់​ ទើប​ធនញ្ជ័យថា ពុំចេះ​នឹង​ទ្រង់​អស់​ព្រះមេត្តានឹង​អស់​ទាំងនេះ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​គិត​ឃើញថា​ កើតជានគរ​មាន​ស្ដេច​សោយរាជ្យ​ហើយ ឱ្យ​ចង​ជា​ច្បាប់​ប្រាប់​អស់​នាម៉ឺន​នូវ​ពល​ឱ្យ​បានដឹង នេះឯង​ជា​ពន្ធ​ព្រះរាជទ្រព្យ ឱ្យ​បាន​ដឹងថា ច្បាប់​ជំនុំ​សេចក្តី​ស្រដី​គ្រប់​មុខ ឱ្យ​នាម៉ឺន​ធំ​តូច​ដឹង​ជា​សណ្ដាប់ ប្រាប់​អស់​រាស្ដ្រ​នៅ​ស្រុក​ក្រៅ ឱ្យ​ចិញ្ចឹម​ចៅ​ហ្វាយ​ស្រុក ស្នង​ក្រលា​ពាស ជំទប់ ចៅមឿង មេស្រុក ទើប​ឱ្យ​បាន​ដឹង​អំពីខេត្ត​ចៅហ្វាយស្រុក​តូច​ស័ក្ដិ​យស ខ្នង​ពោះ​នាម៉ឺន​ក្នុង ខ្នងពោះ​ចៅហ្វាយស្រុក​នៅ​ក្រៅ​ឱ្យ​មានជា​សណ្ដាប់ ប្រាប់​ឈ្មោះ ចៅហ្វាយ​ស្រុក​មាន​ជា​ដូច្នោះ ឈ្មោះ​ខេត្ត​ដូច្នោះ រួច​ធនញ្ជ័យ​ក្រាប​ទូល​ថា ខ្ញុំ​ទូល​បង្គំ​នឹង​ចង់​បាន​ទ្រព្យ​ខ្លួន​ក៏ទេ ធ្វើ​ដូច្នោះ​បានជា​អាករ​សួយ រៃ​ក្នុងព្រះ​នគរ​ដាក់​ជា​ព្រះ​រាជទ្រព្យបាន​ដឹង​តរៀង​ទៅ។ ស្ដេច​ ព្រះមហាក្សត្រាធិរាជ​ទ្រង់​ស្ដាប់​ ធនញ្ជ័យ​ក្រាប​ទូលដូច្នេះហើយ ស្ដេច​មាន​ព្រះ​បន្ទូល​ថា ​អាឯង​ថា​ដូច្នោះ​ត្រូវ​ហើយ តែ​ដែល​អា​លក់​រាស្ដ្រ​នៅ​ធ្ងន់​ណាស់ អា​យក​តែ​បាទ​១​វិញ។ ឯ​​ធនញ្ជ័យ​ក៏ ​បាន​ទទួល​ព្រះ​បន្ទូល​ ហើយក្រាប​លា​ទៅបាទ​១ អំពី​លោក​សង្ឃ ហើយ​ទៅប្រាប់​អស់​មនុស្ស​ដែល​ចាប់​លក់​អំពី​មុន​ថា ត្បិត​ហ្លួងមិន​ឱ្យ​យក​ប្រាក់​តម្លឹង​៣០​ទេ វា​ធ្ងន់​ណាស់ ឱ្យ​អញ​យក​បាត្រ​១ អំពី​អស់​ឯង​វិញ ប្រាប់​ហើយ​យក​បាត្រ​មក​វាស់ ឯ​អស់​រាស្ដ្រ​ខ្លះ​នឹង​យក​ប្រាក់​មក​វាស់​ឱ្យ​ពេញ​បាត្រ​នោះ​មិន​បាន ធនញ្ជ័យ​ក៏​ប្រើ​ទារ ឯ​អស់​រាស្ដ្រ​នោះ​រត់​ទៅ​ក្រាបទូល​ថា ពុំ​ចេរ​និង​ទ្រង់​មេត្តា ត្បិត​​ធនញ្ជ័យ​ថា​ម្ចាស់​មិន​ឱ្យ​យក​ប្រាក់​តម្លឹង​៣០​ ឱ្យយក​បាត្រ​មួយ​ ឥឡូវ​គាត់​ឱ្យ​យក​បាត្រ​លោក​សង្ឃ​មក​វាស់​វិញ ដូច្នេះ​ឃើញ​ថា​ធ្ងន់​ណាស់ ហើយ​ខ្ញុំ​នឹង​រក​ប្រាក់​ឱ្យ​ពេញ​បាត្រ​នោះ​មិន​បាន​ទេ ស្ដេច​មហាក្សត្រ​ស្ដាប់​ហើយ ក៏​ត្រាស់​ប្រើ​ឱ្យ​ហៅ​អា​ជ័យ​ឱ្យ​មក​ឆាប់ ឯ​អាមាត្យ​ឭ​ព្រះ​បន្ទូល​ប្រាប់​ដូច្នោះហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​លា ទៅ​ហៅ​ធនញ្ជ័យ​មកហើយ មាន​ព្រះ​បន្ទូល​សួរថា អាជ័យអាថា​អញ​​ឱ្យយក​បាត្រ​ទៅ​យក​ប្រាក់​ពី​រាស្ដ្រ​អង្កាល់ ឯ​ធនញ្ជ័យ​ក្រាប​ទូល​ថា ម្ចាស់​មាន​ព្រះ​បន្ទូល​ថាឱ្យ​១​បាត្រ​វិញ កុំ​ឱ្យ​យក​៣០​តម្លឹង​ឡើយ បាន​ជា​ទូល​ព្រះ​បង្គំ​យក​តាម​ព្រះ​បន្ទូល​វិសេស​នោះ ឯ​មហាក្សត្រ​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា អញ​ឱ្យ​យក​៤​ស្លឹង​បប្រាក់​ចាយ​សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​គេ​ហៅ​ថា​មួយ​បាត្រ ឥឡូវ​នេះ​អាយក​តែ​៤​ស្លឹង​វិញ កុំ​យក​បាត្រ​ទៅវាស់​នោះមិន​ត្រូវ​ទេ។ ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ថា អាជ័យ​ឯង​នេះ​ធ្វើ​ឱ្យ​ក្ដៅ​ទឹក​ដីអញ​ណាស់ នឹង​ទុក​នៅ​មិន​បាន ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ហៅ​នាយ​ពេជ្ឍ​ឃាត​យកធនញ្ជ័យ​សម្លាប់​ ដូច​ព្រះបន្ទូល​បង្គាប់​នោះហោង ឯ​អស់​ពេជ្ឈ​ឃាត​នាំ​ធនញ្ជ័យទៅ​ដល់​ទូ​កហើយ ឱ្យ​យក​ទូក​មួយ​មករកគ្នា​ដាក់​អង្គុយ អុំ​គ្រប់​ចំណុះ​ទូក​ពេញហើយ ដាក់​ធនញ្ជ័យចំ​កណ្ដាល​ហើយតាំង​ហ៊ោ​បី​ដង ចេញ​ទូក​ទៅ ធនញ្ជ័យ​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​បញ្ឆោត​អស់​ទាំង​ពេជ្ឈឃាត​កុំ​ឱ្យ​សម្លាប់​អញ​បាន គិត​រួច​ហើយ​និយាយ​ថា អស់​បង​ប្អូន​ឥឡូវ​នេះ អញសម្លាប់​ហើយ អញ​នឹង​លែង​ឱ្យ​អស់​បង​ប្អូន​សប្បាយ​ម្ដង​កុំ​ខ្លាច បើរ​ត់​តើ​នឹង​ទៅឯ​ណា នៅ​ក្នុង​ទឹក​នោះ​ឯង ឯ​អស់​ពេជ្ឈឃាត​ស្ដាប់​ពាក្យ​ធនញ្ជ័យ​ហើយគិតថា​ តើ​នឹង​មាន​បើនឹង​រត់ តើ​ដូចម្ដេច​ក៏​នឹង​រួច​ក្នុងតែ​អញ​នឹង​ចាប់​បាន គិត​ដូច្នោះ​ហើយ​ក៏​ស្រាយ​​ធនញ្ជ័យ​​ចេញ ឯ​ធនញ្ជ័យ​​ក៏​ថា​ឱ្យខ្ញុំ​ទៅកន្សៃ​ទូក ហើយ​ខ្ញុំនឹង​ច្រៀង​បន្ទរលេង​ឱ្យ​សប្បាយ ឯ​អស់​ពេជ្ឈឃាត​ក៏​ព្រមឱ្យ​ធនញ្ជ័យ​​ទៅអង្គុយ​ឯ​កន្សៃ​ច្រៀង​បន្ទរ​ថា បើ​អញ​ថា​​ធនញ្ជ័យ​​ធ្លាក់​ទឹក ឯង​ថា​ហៃ​អើៗ ឯ​អស់​អ្នក​អុំ​ទូក​ក៏​ព្រម​ថា​ហៃ​អើៗ លុះ​ថា​តែ​ដូច្នោះ​រឿយ​ៗ​ទៅហើយ វា​ពុំ​បាន​ជា​គិត​ថា ​ធនញ្ជ័យ​​នឹង​លោត​ទឹក​រត់​ដូច្នោះ គិត​តែ​សប្បាយ​ក៏​ថា​ទៅ នឹង​ដឹង​ថា​ដូច្នោះ​ក៏​ទេ។ ឯ​​ធនញ្ជ័យ​​ថា​ឱ្យ​ស្រែក​ឱ្យ​ខ្លាំងជាង​ពីដើម​ទៀត​លុះ​​ល្មម​តែ​នឹង​លោត​ ទឹក​ហើយ​ ​ធនញ្ជ័យ​​ក៏​លោត​ទៅ​ក្នុង​ទឹក​ប្រូង​ទៅ។ ឯ​អ្នក​កន្សៃ​ស្រែក​ ថា ​ធនញ្ជ័យ​​ធ្លាក់​ទឹក​ទៅហើយ អ្នក​ក្បាល​ថា​ហៃ​អើៗដូច​អំពីដើម​នោះ​ឯង ឯ​​ធនញ្ជ័យ​​ក៏​ប្រឹង​ហែល​ទៅ​ដល់​ត្រើយ ហើយ​ដើរ​រើស​ស្បង់​ចីពរ​បាន ហើយ​ចូល​ទៅ​ជួន​នឹង​លោក​សង្ឃរាជនៅ​ក្នុង​កុដ​លោក​នោះ ជា​សុខសប្បាយ​ដូច​សព្វ​ដងរៀង​មក ឯ​អស់​អ្នក​អុំ​ទូក​នោះ​លុះ​បន្តិច​ដឹង​ថា ​ធនញ្ជ័យ​​លោត​ទឹក​ទៅ​ ហើយ​ក៏​បន្ទោស​គ្នា​ថា អញ​មិន​ដឹង​ទេ សេចក្ដី​នេះ​តាម​តែ​លោក​នាយ​ចុះ ខុស​ត្រូវ​យើង​មិន​បាន​ស្រាយ​​ធនញ្ជ័យ​​ទេ ជជែក​គ្នា​ហើយ​វិល​មក​វិញ ហើយ​ឡើង​ទៅក្រាបទូល​ថា សូមទាន​ក្រាបទូល ត្បិត​ទ្រង់​បង្គាប់​ឱ្យ​នាំ​​ធនញ្ជ័យ​​ទៅសម្លាប់​នោះ ​ធនញ្ជ័យ​​ក៏ខឹង​ចិត្តលោត​ទឹក​ទាំង​ចំណង​លិច​បាត់ទៅ មិន​ឃើញ​អណ្ដែត​ឡើង​ឡើយ។​ ឯ​ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ មាន​ព្រះ​បន្ទូល​ថា វា​ហើយ​ទៅ​ចុះ កុំ​ឱ្យ​តែ​វា​រស់​ឡើង​វិញ មាន​ព្រះ​បន្ទូល​ដូច្នោះហើយ គង់​កំសាន្ដ​ព្រះទ័យ​ជា​សប្បាយ​ឥត​មាន​ខ្ញាល់​ឡើយ។ លុះ​ដល់​យូរ​បន្ដិច​ ទៅ ដឹង​ឭដល់​ស្រុក​ចិន​ថា នៅ​ស្រុក​គោក​ធ្លក ជា​ស្រុក​ខ្មែរ​មាន​អ្នក​ប្រាជ្ញ​មួយ​ឈ្មោះ​​ធនញ្ជ័យ​ ឥតមាន​អ្នក​ប្រាជ្ញ​ឯណា​នឹង​ស្មើ​ប្រាជ្ញ​ចៅ​​ធនញ្ជ័យ​​នោះ​បាន ប៉ុន្តែ​ឥឡូវ​នេះ​ គេ​សម្លាប់​ទៅ​ហើយ បើ​ដូច្នោះ​ឃើញថា នឹង​យក​នគរ​ងាយ ស្ដេច​ស្រុក​ចិន​គិត​ឃើញ​ដូច្នោះហើយ ឱ្យ​ហៅ​នាម៉ឺន​ធំ​តូច​មកដល់​ហើយ ស្ដេច​ឱ្យ​ជំនុំ​រឿង​នឹង​ចាប់​យក​នគរ​ខ្មែរ​ ត្បិត​ស្ដេចនគរ​ខ្មែរ​សម្លាប់​អ្នក​ប្រាជ្ញ​ទៅហើយ បើ​នាម៉ឺន​ជំនុំ​គិត​គ្នា​ឃើញដូចម្ដេច​ ឱ្យ​មក​ប្រាប់​អញ។ ឯ​អស់​នាម៉ឺន​បានស្ដាប់​ព្រះបន្ទូល​ហើយ​មក​ជំនុំគ្នា​ថា បើ​គេ​សម្លាប់​អ្នក​ប្រាជ្ញ​នោះ វា​ជា​ហើយ យើង​ឱ្យ​អ្នក​ប្រាជ្ញ​យើង​ទៅចោទ​ប្រស្នា បើ​រក​មិន​ឃើញ យើ​ង​យក​នគរ​នោះ​បាន​ងាយ គិត​ឃើញ​ដូច្នោះ​ហើយ ឡើង​ទៅ ក្រាបទូល​ឱ្យ​ទ្រង់​ជ្រាប ថា​អស់​យើង​ខ្ញុំ​គិត​ទៅឃើញ​ថា ឱ្យ​អាចារ្យ​យើង​បាន​៤នាក់​ ទៅ​ចោទ​ប្រស្នា​ភ្នាល់​យក​នគរនេះ​ឃើញ​ថាងាយ ត្បិត​អ្នកប្រាជ្ញ​ស្រុក​ខ្មែរ​ស្លាប់​ទៅ​ហើយ ស្ដេច​ស្ដាប់​ហើយក៏​ព្រម​តាម​នាម៉ឺនទូលនោះ ហើយ​ឱ្យ​យក​អាចារ្យ​៤​នាក់​មក​ មកដល់​ហើយ​ទ្រង់​ផ្ដាំ​ថា ឱ្យ​ទៅ​ចោទ​ប្រស្នា ភ្នាល់​នឹង​ស្ដេច​ស្រុក​ខ្មែរ បើ​អ្នកណា​ចាញ់​យក​នគរ​ធ្វើ​ជា​ចំណុះ ផ្ដាំ​រួច​ហើយ​ឱ្យ​យក​សំពៅ​បាន​៤​ ឱ្យ​មួយ​ម្នាក់​គ្រប់​អាចារ្យ​ទាំង​បួន ហើយ​ធ្វើ​ព្រះ​បន្ទូល​មក​ស្រុក​ខ្មែរឱ្យ​បាន​ជ្រាបថា ឯ​សេចក្ដី​ក្នុង​សំបុត្រព្រះ​បន្ទូល​នោះ​ថា ព្រះ​រាជ​សារមេត្រី​អំពី​ស្ដេច​ក្រុង​ចិន ថ្វាយ​មក​ស្ដេច​ស្រុក​ខ្មែរ​សូម​បាន​ជ្រាប ត្បិត​ឭ​ដំណឹង​ដោយ​រាស្ដ្រ​ទៅ​រក​ស៊ី​ស្រុក​ខ្មែរ​ថា​ស្រុក​ខ្មែរ​មាន​ អ្នកប្រាជ្ញ​មួយ ឈ្មោះ​ធនញ្ជ័យ​ជា​អ្នកប្រាជ្ញ​ធំ ឥឡូវនេះ​យើង​ប្រើ​អ្នក​ប្រាជ្ញ​ស្រុក​យើង​ឱ្យ​មក​ចោទ​អាថ៌​ប្រស្នា​ភ្នាល់​ គ្នា បើ​អ្នកប្រាជ្ញ​នគរណាចាញ់ នឹង​យក​នគរ​នោះ​ឯង ថ្វាយ​មក​សួរ គួរ​ពុំ​គួរ​តាម​ព្រះទ័យ សេចក្ដីអស់តែ​ប៉ុណ្ណោះ​ឯង ធ្វើ​ព្រះ​បន្ទូល​ហើយ​ដាក់​ក្នុងបំពង់​ឱ្យ​ទៅ​អាចារ្យ​ទាំង​៤ ចុះ​សំពៅ​បើក​ដល់​ស្រុក​ខ្មែរ ហើយ​ចត​នៅ​ប្រប​កំពង់​ហើយ​ឡើង​យក​សំបុត្រ​ទៅ​ថ្វាយ​ស្ដេច​នគរ​គោក​ធ្លក ហើយ​វិល​មក​នគរ​វិញ ឯ​មហាក្សត្រ​ខ្មែរ​ឃើញ​សំបុត្រ​ព្រះរាជសារ ឱ្យ​បើក​មើលឃើញ​ក្នុង​សេចក្ដី​សព្វគ្រប់ ដូច​យើង​បាន​ស្រដី​អំពី​មុន។ ឯ​ព្រះមហាក្សត្រ​ទ្រង់​ជ្រាប​គ្រប់​ប្រការ​ហើយ គិត​ស្ដាយ​​ធនញ្ជ័យ​ថា បើ​អញ​មិន​ឱ្យ​សម្លាប់​វា យល់​ជា​មិន​ពិបាក​ចិត្ត​ទេ។ យើង​នឹង​ស្រដី​ អំពី​កាល​ធនញ្ជ័យ​ទៅ​បួស​ បាន​យូរ​ខែ ឯ​លោក​សង្ឃ​ឈ្មោះ​​ធនញ្ជ័យ​នោះគិត​ថា អញ​នឹង​ទៅ​យក​ចង្ហាន់​បិណ្ឌ​បាត​ក្នុង​ព្រះរាជវាំងឱ្យ​ជួប​នឹង​ស្ដេច ចង់​ដឹង​មើល​បើ​ឃើញ​អញ តើ​ស្គាល់​ ឬទេ? លោក​ជ័យ​គិត​ដូច្នោះ​ហើយ ក៏​ឃ្លុំ​ចីពរ​យក​បាត្រ​មក​ស្ពាយ ដើរ​ចូល​ទៅ​ក្នុង​ព្រះបរមរាជវាំង​ជាមួយ​លោកសង្ឃ​ជា​ច្រើន ឯ​លោក​ជ័យ​នៅ​ក្រោយ​គេ​បង្អស់​ ព្រះ​មហា​ក្សត្រ​ចេញ​មក​ដាក់​បាត​លោក​ដូច​សព្វ​ដងគ្រប់​អង្គ នៅ​តែ​លោក​តា​ជ័យក្រោយ​គេ​បង្អស់ ស្ដេច​ទត​ទៅ​ឃើញ ស្ដេច​មាន​ព្រះ​បន្ទូល​ថា អញ​មើលមុខ​លោក​នេះ​ដូច​ជា​មុខ​លោក​ជ័យ ឯ​លោក​ជ័យ​ថា ជ័យហើយ​ថា​មិន​ជ័យ រួច​ដើរ​ហួស​ទៅ ឯ​ព្រះ​មហាក្សត្រ​ស្ងៀម​ទៅ។ លុះ​ដល់​មាន​សារ​មក​ពី​ស្រុក ​ចិន​ឱ្យ​ចោទ​ ប្រស្នា​នោះ ស្ដេច​គិត​ថា​កាល​អំពី​មុន អញ​ឃើញ​លោក​សង្ឃ​មក​យក​បាត្រប្រហែល​អាជ័យ​ក្រែង​វា​មិន​ស្លាប់​ទេ ហើយ​វា​ទៅបួស​ បើ​ដូច្នោះ អញ​ឱ្យ​អាមាត្យដើររក​ដោយ​វត្ត​លោកសង្ឃ​បួស​មែន ហើយ​ស្ដេច​បង្គាប់​ឱ្យ​អា​មាត្យ​៤​នាក់ ថា​អាឯង​ទៅ​រក​អាជ័យ​ក្រែង​វា​រត់​ទៅបួស ឯ​អាមាត្យ​ស្ដាប់​ហើយក៏​ថ្វាយ​បង្គំលា​ដើរ​ទៅ​រក​ធនញ្ជ័យនៅ​វត្ត​លោកសង្ឃ ទៅ​ឃើញ​នៅវត្ត​បួស​ជា​សង្ឃ​ហើយ​អាមាត្យ​ទូល​ព្រះ​ពុទ្ធ​ដីកាថា ត្បិត​មាន​ព្រះ​បន្ទូល​ពិសេស​ឱ្យ​និមន្ត​លោក​ទៅ លោកតា​ស្ដាប់​ហើយ​ក៏​និមន្ដ​ទៅ​តាម​អាមាត្យ​ លុះ​ទៅ​ដល់​ហើយ​ក៏​គង់​ស្ងៀម ឯ​ព្រះ​មហាក្សត្រ​ទត​ឃើញ​​ធនញ្ជ័យហើយ​ក៏​ត្រកអរ​ណាស់​ហើយ​សួរ​ថា លោក​តា​ជ័យ​អន់​ចិត្ត​នឹង​ព្រះ​ករុណា​ ឬ​ដូចម្ដេច? ឯ​លោកតា​ជ័យ​ថ្វាយ​ព្រះពរ​ថា​ទេ ទើប​មាន​ព្រះ​បន្ទូល​ថា ត្បិត​មាន​អាចារ្យ​ពី​ស្រុក​ចិន គេ​ឱ្យ​មក​ចោទ​ប្រស្នា​យក​នគរ បើ​ដូច្នោះ​ តើ​ជា​លោក​ដោះ​រួច​ឬទេ? ឯ​លោក​តា​ជ័យ​ថា ដោះ​ថ្វាយ​កុំ​ព្រួយ​ព្រះ​ហឫទ័យ ស្ដេច​ស្ដាប​ហើយ​ក៏​ត្រេក​អរ​ក្នុង​ព្រះហឫទ័យ ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​លោក​តា​ជ័យ​ថា បើ​ដូច្នោះ មាន​តែ​សឹក​ចេញ​ទើប​ជា ទើ​បលោក​តាជ័យ​ថ្វាយ​ព្រះពរ​ថា អាត្មា​ភាព​សឹក​ថ្ងៃ​នេះ​ឯង​កុំ​ព្រួយ​ព្រះ​ហឫទ័យ​ឡើយ ហើយ​ស្ដេច​ឱ្យ​សំពត់​អាវ​ក្រមា​ក្រវាត់។ លោកតា​ជ័យ​ទទួល​យក​សំពត់​អំពី​ព្រះមហាក្សត្រ ហើយ​លា​វិល​ទៅសឹក​ចេញ ស្លៀក​សំពត់​អាវ​ក្រវាត់​ក្រមា ហើយ​ក៏​ចូល​ទៅថ្វាយ​គាល់ ស្ដេច​ទត​ឃើញ​ហើយ​ស្ដេច​មាន​ព្រះ​បន្ទូល​ថា បណ្ឌិត​ជ័យ​គេ​មក​ហើយ មើលទៅ​ល្អ​សមជា​បណ្ឌិតអ្នក​ប្រាជ្ញ​បាន​ជា បើ​អ្នក​ឯណា​បួស​ហើយ​សឹក​វិញ​គេ​ហៅ​ថា បណ្ឌិតៗដូច្នោះ​ឯង​ រួច​ហើយ​ស្ដេច​ដណ្ដឹងថា ឥឡូវ​នេះ​នឹង​ឱ្យ​អាចារ្យ​ចិន គេ​ឡើង​មក​ចោទ​ប្រស្នា​ថ្ងៃ​ណា ទើប​បណ្ឌិត​ជ័យ​ក្រាបទូល​ថា ក្នុង​បី​ថ្ងៃ​ទៀតឱ្យ​ឡើង​មក​នឹង​ចោទ​ប្រស្នា​គ្នា ហើយ​បណ្ឌិតជ័យ​ឱ្យ​គេ​រក​គម្ពីរ​ឱ្យ​ច្រើន ហើយ​ឱ្យ​រក​មហាតលិក​បាន​បួននាក់ ឱ្យ​យក​ខ្មៅ​ដុស​ឱ្យ​បាន​ច្រើនដាក់​នឹង​ថាស​នោះ បួន ហើយ​ឱ្យ​យក​ក្ដា​ធំ​រលីង​បួន​ជ្រុង​មក​ឱ្យ ហើយ​ឱ្យ​ចាប់​ក្ដាម​ឱ្យ​បាន​៤ក្អម ហើយ​ឱ្យ​យក​ក្រដាស់​ស​ពុម្ព​ធំឱ្យ​ច្រើន​មក​ឱ្យ ទូល​ព្រះ​បង្គំ​នឹង​ធ្វើ​ប្រស្នា​ថ្វាយ​ កុំ​ព្រួយ​ព្រះរាជហឫទ័យ ឯ​ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ ឱ្យ​រក​តាម​ពាក្យ​ធនញ្ជ័យ​បង្គាប់ បាន​មក​ហើយ​ឱ្យ​យក​ទៅ​ប្រគល់​ឱ្យ​​ធនញ្ជ័យ រួច​ហើយ​ឱ្យ​បម្រើ​ទៅ​ប្រាប់​អាចារ្យ​ស្រុក​ចិន​ដែល​មក​ចត​សំពៅ​នៅ​កំពង់ នៅ​មុខ​ព្រះលាន មានព្រះ​បន្ទូល​ឱ្យ​ប្រាប់​មក​ថា បី​ថ្ងៃទៀត​ឡើង​ទៅ​ចោទ​ប្រស្នា​នឹង​អ្នកប្រាជ្ញ​ស្រុក​ខ្មែរ​យើង​ចុះកុំ​ ខានឡើយ ឯ​អាចារ្យ​ស្រុក​ចិន​ស្ដាប់​ហើយ​ទទួល​តាម លុះ​ដល់​ថ្ងៃ​ត្រូវ​សន្មត់ហើយ​អាចារ្យ​ចិន​ឡើង​ចោទ​ប្រស្នា ឯ​​ធនញ្ជ័យ​ក៏​ដើរ​ចុះ​ទៅទទួល​ពាក់​កណ្ដាល​ផ្លូវ មុខ​ព្រះលាន​ស្ដេច​នោះឯង អាចារ្យ​ស្រុក​ចិន​មើល​ទៅឃើញ​​ធនញ្ជ័យដើរ​មក​អំពី​ចម្ងាយ​ហើយ​ធ្វើ​ប្រស្នា ចង្អុល​ទៅ​មើល ឯ​​ធនញ្ជ័យ​ចង្អុល​ទៅឯ​ព្រះអាទិត្យ អ្នក​ប្រាជ្ញ​ចិន​ចង្អុល​ទៅក្រៅ​ដី លា​បាត​ដៃ​ហើយ​លើក​ម្រាម​ដៃ​បញ្ឈរ​ឡើង​ទៅ​លើ អ្នក​ប្រាជ្ញ​ចង្អុល​ចុះ​ទៅ​ក្រោម ​​ធនញ្ជ័យ​ចង្អុល​មក​ខ្លួន​ឯង។ ឯ​អ្នក ​ប្រាជ្ញ​ស្រុក​ចិន​សួរថា កាល​យើង​ចង្អុល​ទៅ​លើ​មេឃ ហើយ​អ្នកឯង​ចង្អុល​ទៅ​ព្រះ​អាទិត្យ​នោះ តើ​អ្នក​ឯង​ដឹង​ដូចម្ដេច ទើប​​ធនញ្ជ័យ​ថា អញ​ដឹងថា អ្នក​ឯង​ចង្អុល​ទៅ​លើ​មេឃ​នោះ គឺ​អ្នក​ឯង​សួរ​ថា​មាន​សត្វ​អ្វី ឯ​អញ​ចង្អុល​ទៅព្រះ​អាទិត្យ​នោះ តើ​អ្នក​ឯង​ដឹង​ ឬ​ទេ? អ្នក​ប្រាជ្ញ​ចិន​ថា អញ​ដឹងអ្នក​ឯង​ថា​មេឃ​នោះមាន​តែ​ព្រះ​អាទិត្យ​ព្រះច័ន្ទ​នោះឯង​នៅ​លើមេឃ ទើប​អ្នកប្រាជ្ញ​ស្រុក​ចិន​ថា ដែល​អញ​ចង្អុល​ទៅ​ក្រៅ​ដី​នោះ តើ​អ្នក​ឯងថាដូចម្ដេច? ទើប​​ធនញ្ជ័យ​ឆ្លើយ​ថា​ អញ​ដឹង​ហើយ ឯង​ចង្អុល​ទៅ​ខាង​ក្រៅ​នោះថា សត្វអ្វី ទើប​​ធនញ្ជ័យថា អញ​ធ្វើ​ម្រាម​ដៃ​ឡើង​ទៅ​លើ​ជុំវិញ​នោះ តើ​អ្នក​ឯង​ថា​សត្វ​អ្វី ទើប​អាចារ្យ​ចិន​ថា អញ​ដឹង បាន​ជាឯង​ធ្វើ​ដូច្នេះ ថា​ក្រៅ​ផែនដី​មាន​ទឹក​សមុទ្រ ក្រៅ​សមុទ្រ​នោះ មាន​ភ្នំ​ចក្រ​វាល​ក្រៅ​នោះ​ឯង ទើប​អាចារ្យ​ចិន​ថា អញ​ចង្អុល​ចុះ​ក្រោម​នោះ តើ​អ្នក​ឯង​ដឹង ឬ​ទេ? ​ធនញ្ជ័យ​អញ​ដឹង ឯង​ចង្អុល​ចុះ​ក្រោម​នោះថា នៅ​លើដីនេះ តើ​មាន​សត្វ​អ្វី? ​ធនញ្ជ័យ​ថា​អញ​ចង្អុល​មក​ខ្លួន​អញ​នោះ តើ​ឯង​ដឹង​ឬទេ? ឯ​អាចារ្យ​ចិន​ថាអញ​ដឹង ឯង​ចង្អុល​ខ្លួន​ឯង​នោះថា នៅ​លើ​ដី​មាន​តែ​មនុស្ស។ សួរ​ឆ្លើយ​ទទួល​គ្នា រួច​ហើយ​អាចារ្យ​ចិនលា​ធនញ្ជ័យ​វិល​ទៅ​សំពៅ​វិញ។ លុះ​ព្រឹក​ឡើង​មក​ ជួបនឹង​​ធនញ្ជ័យ ឯ​អាមាត្យ​ចិន​ធ្វើ​ប្រស្នា​ឱ្យ​ធនញ្ជ័យ ចាប់​ធ្វើ​ជា​រង្វង់ ឯ​​ធនញ្ជ័យ​ធ្វើ​បត់​ដុំ​ដៃ​បង្ហាញ​ទៅ​ អាមាត្យ​លា​ម្រាម​ដៃ​ទាំង​៥ បង្ហាញ​មក​​ធនញ្ជ័យ ​ធនញ្ជ័យ​បង្ហាញ​ម្រាម​១ បង្ហាញ​ទៅអាចារ្យ​ចិន អាចារ្យ​ចិន​ឃើញ​ហើយ​វិល​ទៅ​សំពៅ​វិញ ឯ​​ធនញ្ជ័យ​ក៏វិល​ទៅផ្ទះ​វិញ។ លោកគ្រូ​សង្រាជ​បាន​ឭ​​ធនញ្ជ័យ​ចោទ​ ប្រស្នា​នឹង​អាចារ្យ​ចិន ដូច្នោះហើយ ក៏​និមន្ដ​មក​សួរ​ចង់​ដឹង​ដំណើរការនោះ ជួប​នឹង​​ធនញ្ជ័យ​ជ័យ​ហើយ​ដណ្ដឹង​ថា កាល​អ្នក​ចោទ​ប្រស្នា​នឹង​ចិន​ធ្វើ​ដូចម្ដេច ទើប​​ធនញ្ជ័យ​ទូល​ថា ចិន​ធ្វើ​ដៃ​ជា​រង្វង់ ខ្ញុំ​បង្ហាញ​ដុំដៃ ចិន​លា​ដៃ​បង្ហាញ​ម្រាម​ទាំង​៥ ខ្ញុំ​ក្ដាប់​បង្ហាញ​ម្រាមដៃ​១។ ទើបលោកគ្រូ​សង្គ្រាជ​ដណ្ដឹងថា បើដូច្នោះ​តើដូចម្ដេច តើដូចម្ដេច ទើប​​ធនញ្ជ័យ​ថា ឯចិន​ធ្វើ​ដៃ​ជារង្វង់​ដូច្នោះ​ខ្ញុំ​ថា​ធ្វើ​អង្រុត​រុត​ត្រី ទើប​ខ្ញុំ​បង្ហាញ​កែង​ដៃនោះ ថា​បើ​អង្រុត​រុត​ត្រី​ដូច្នោះ តើ​អង្រុត​បាន​ត្រី​ប៉ុន្មាន ឯ​បង្ហាញ​ម្រាម​ដៃ​ប្រាំ​នោះថា បើ​បាន​ត្រីប៉ុណ្ណោះ ល្មម​ធ្វើ​ងៀត​បាន​៥​ចម្រៀក ឯ​បង្ហាញ​ចង្អុល​ដៃ​មួយ​ថា​ស៊ី​មួយ​ថ្ងៃ​មួយ​ចម្រៀក ក្នុង​ត្រី​មួយកន្ទុយ បាន​៥​ថ្ងៃ​ទើប​អស់។ ឯ​លោកគ្រូសង្គ្រាជ​បាន​ដឹង​ហើយ​ក៏វិល​ទៅកុដិ​វិញ។ ទើបលោក ​សម្ដេច​ចៅហ្វាយ​ទៅ​សួរ​​ធនញ្ជ័យចង់ ​ដឹង​អំពី​ប្រស្នាចិននោះថា​ដូចម្ដេច​ប្រាប់​អញ​ផង អញ​ចង់​ដឹង ​ធនញ្ជ័យ​ស្ដាប់​ហើយ​ជម្រាបថា ចិន​ធ្វើ​ដៃ​ជា​រង្វង់ ខ្ញុំ​បង្ហាញ​ដុំដៃ ចិន​លា​ដៃ​បង្ហាញ​ម្រាម​ទាំង​៥ ខ្ញុំ​ក្ដាប់​បង្ហាញ​ម្រាមដៃ​១ លោក​សម្ដេច​ចៅហ្វាយ​ដណ្ដឹង​ថា បើដូច្នោះថា​ដូចម្ដេច ​​ធនញ្ជ័យ​ប្រាប់​ថា​ ចិន​ឱប​ដៃ​ជា​រង្វង់នោះ​ថា នឹងចាប់​យក​នគរ។ ខ្ញុំ​បង្ហាញ​ដុំដៃ​ថា អញ​ថង​នឹង​កែង​ដៃ ចិន​បង្ហាញ​ម្រាម​៥ ថាគេ​មានគ្នា​ច្រើន ខ្ញុំ​បង្ហាញ​ចង្អុលដៃ​មួយនោះ​ថា អញតែ​ម្នាក់​ឯង អញ​វាយ​ឯង​មិន​ខ្លាច​ទេ លោក​ចៅហ្វាយ​ឭដូច្នោះ​ហើយ​ក៏វិល​ទៅ​វិញ ឯ​ព្រះ​មហាក្សត្រស្ដេច​ឱ្យ​ហៅ​​ធនញ្ជ័យ​សួរថា កាល​អាចារ្យ​ចិន​គេ​ចោទ​ថា​ដូចម្ដេច​ខ្លះ ​ធនញ្ជ័យ​ក្រាបទូល​ថា កាល​អាចារ្យ​ចិន​គេ​មក​ដល់​ធ្វើ​ដៃ​ជា​ឱប​ដៃបង្ហាញ ទូល​ព្រះ​បង្គំបត់​កែង​ដែ​បញ្ឈរ​បង្ហាញ​ទៅ​វិញ ហើយ​អាចារ្យ​ចិន​បង្ហាញ​ម្រាម​ដៃ​ទាំង​៥ ទូល​ព្រះ​បង្គំ​បង្ហាញម្រាម​ដៃ​មួយទៅវិញ ទើប​ស្ដេច​មានព្រះ​បន្ទូល​ដណ្ដឹង​ថា ដូចម្ដេច​បើ​ដូច្នោះ ទើប​​ធនញ្ជ័យ​ក្រាប​ទូល​ថា ឯ​ចិន​ឱប​ដៃ​បង្ហាញ​មក​សួរថា ក្នុង​ទ្វីប​ទាំង​៤​នេះ​តើ​មាន​អ្វីខ្លះ? ទូល​ព្រះ​បង្គំ​បត់​ដុំ​ដៃ​បង្ហាញ​នោះ​ប្រាប់​ថា មាន​ព្រះ​សិនេរ​ត្រង់​កណ្ដាល ទើប​ចិន​បង្ហាញ​ម្រាម​ទាំង​៥​នោះ​ដណ្ដឹង​ថា មាន​ព្រះ​ពុទ្ធ​៥​អង្គ​បាន​ត្រាស់​ក្នុង​កប្ប​នេះ ទើប​ទូល​បង្គំ​បង្ហាញ​ម្រាម​ដៃ​មួយ នោះ​ប្រាប់​ថា​៥​អង្គ ប៉ុន្ដែ​បាន​ត្រាស់​៤​អង្គ​ទៅ​ហើយ នៅ​តែ​មួយ​អង្គទៀតមិន​ទាន់​បាន​ត្រាស់​នៅ​ឡើយ ប្រស្នា​នេះ​ដូច្នោះ​ឯង សូមទ្រង់​ជ្រាប ហើយ​​ធនញ្ជ័យ​ថ្វាយ​បង្គំ​លា​ទៅ​ផ្ទះ​វិញ។ លោក​គ្រូ​ សង្គ្រាជ​និង​សម្ដេច​ចៅហ្វាយ​ទៅ​ ជួបនឹង​មហាក្សត្រ ហើយ​និយាយ​តាម​ដំណើរ​ដែល​បាន​ដណ្ដឹង​​ធនញ្ជ័យ កាល​ចោទ​ប្រស្នា​នឹង​ចិនក្រាប​ទូល​ស្ដេច​ៗ​ស្ដាប់​ហើយមាន​ព្រះ​បន្ទូល​ថា វា​ប្រាប់លោក​គ្រូសង្គ្រាជ​ផ្សេង​ ប្រាប់​ចៅហ្វាយ​ផ្សេង វា​ប្រាប់​អញ​ផ្សេង​នឹង​ឱ្យ​ប្រាកដ​ជា​ប្រស្នា​ដូចម្ដេចនោះមិន​បាន​ឡើយ ស្ដេច​នូវ​អស់​ទាំង​នាម៉ឹន​ខ្លាច​ប្រាជ្ញា​​ធនញ្ជ័យ​ណាស់។ ឯ​​ធនញ្ជ័យ​ក៏ ​វិល​ទៅផ្ទះ ហើយយក​ខ្មៅ​ដុស​ក្ដារ​៤​ជ្រុង​ ក្រដាស់​ស និង​គម្ពីរ​ដែល​ឱ្យគេរក ហើយ​នឹង​ក្ដាម​ដែល​ដាក់​ក្នុង​ក្អមទាំង​៤​នោះមក​ ហើយ​ក៏យក​ក្ដាម​ដាក់​ត្រង់​កណ្ដាល ហើយ​យក​ថាសដាក់​ទឹក​ខ្មៅ ដាក់​គ្រប់​ជ្រុង​ទាំង​៥ ហើយ​យក​ក្រដាស​ក្រាល​លើ​ក្ដារ ហើយ​យក​ក្ដាម​ដាក់​ក្នុង​ថាស​ទឹក​ខ្មៅឱ្យ​វា​វារ​ឡើង​លើ​ក្រដាស់​នោះ ឯ​ទឹក​ខ្មៅ​នៅប្រឡាក់​នៅ​ជើង​ក្ដាមវារ​នោះ ដិត​ជាប់​នឹង​ក្រដាស់​នោះច្រើន ហើយ​យក​ទៅ​ហាល​ថ្ងៃ​ លុះ​ធ្វើ​ដូច្នោះ ឯង​បាន​ច្រើន​ហើយ ឱ្យ​យក​គម្ពីរ​មក​រុំ​ទុក ហើយ​យក​ក្រដាសមក​ដាក់​​ឱ្យ​ក្ដាម​វាវារ​លើ​ជាច្រើនទៀត រួច​ហើយ​ឱ្យ​យក​ក្ដារ​និង​ទឹក​ខ្មៅ​ទៅទុក ទើប​ឱ្យ​កូន​ក្មេង​មក​អង្គុយ​ច្រើន ហើយ​យក​ក្រដាស​មួយ​ពុម្ព​ម្នាក់ៗ​ឱ្យ​ក្មេង​អស់នោះទន្ទេញ​ថា​ផ្ដេស​ផ្ដាស​ ទៅតាម​តែ​ក្មេង​ណា​ចង់​ថាទៅ ឱ្យ​ឭ​ដូច​ក្មេង​រៀន​អក្សរ​សាស្រ្ដ ឯ​អ្នក​ប្រាជ្ញ​ចិន​នោះ លុះ​ដល់​ព្រឹក​ឡើង​ហើយ ឡើង​ពី​សំពៅ​មក​ផ្ទះ​​ធនញ្ជ័យ នឹង​ចោទ​ប្រស្នា ឯ​​ធនញ្ជ័យ​មើល​ទៅ​ឃើញ​អាចារ្យ​មក​ដល់​ហើយ ក៏​ដើរ​ទៅទទួល​ចាប់​ដៃ​ចូល​មក​អង្គុយ​លើ​កៅអី ហើយ​​ធនញ្ជ័យ​ឱ្យ​យក​ទឹក​តែ​មក​ឱ្យ​អាចារ្យ​ផឹក ឯ​ក្មេង​ៗ​ទាំង​នោះក៏​រៀន​អក្សរ​ឭ​កង​រំពងនឹង​ស្ដាប់​ភាសា​គ្នា​មិន​បាន ឯ​អាចារ្យ​ចិន​ឃើញអស់​ក្មេង​រៀន​សំបុត្រ​ហើយ​ឱ្យ​យក​ទៅបក​មើល មិន​ស្គាល់​តួអក្សរ​ដល់​១​សោះ ​ធនញ្ជ័យ​សួរ​ថា អាចារ្យ​ស្គាល់​អក្សរ​នេះ​ឬទេ អាចារ្យ​ចិន​ថា​ទេ ​ទើបធនញ្ជ័យ​ថា នេះ​គេ​ហៅ​អក្សរ​មីង​ឆ្វេង​ អក្សរ​ព្រាហ្មណ៍​ចាម បើ​មិន​ស្គាល់​ដូច្នេះ​នឹង​ឆ្លើយ​ប្រស្នា​នឹង​គ្នា​មិន​បាន​ទេ អ្នក​ឯង​ចាញ់​អញ​នឹងអក្សរ​នេះ​ហើយ អាចារ្យ​ចិន​ទទួល​ព្រម ​ធនញ្ជ័យ​ថា បើ​ចាញ់​ហើយ​អញ​យក​តែ​របស់​ក្នុង​សំពៅទាំង​៤ ឯ​សំពៅនោះ អញ​ឱ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ឯ​នគរ​ក៏​អញ​ថ្វាយ​ទៅក្រុង​ចិន​វិញ​ដែរ តែ​អំពីថ្ងៃ​នេះ បើ​ឭ​ឈ្មោះ​​ធនញ្ជ័យ អ្នកប្រាជ្ញ​ឱ្យ​ខ្លាច​គ្រប់​ប្រទេស​ទៅ អាចារ្យ​ចិន​ក៏​ព្រម​ឱ្យ​របស់​ក្នុង​សំពៅទាំង​៤​នោះ ហើយ​ក៏​បើក​សំពៅទៅស្រុក​ចិន​វិញ ឯ​​ធនញ្ជ័យ​កាល​បើ​បាន​របស់​អំពី​សំពៅទាំង​បួន​នោះ ហើយ ឱ្យ​បញ្ជូន​អស់​ទ្រព្យ​នោះ ទៅថ្វាយ​ព្រះបាទ​ជា​ម្ចាស់​ទាំង​អស់​ នឹង​មាន​យកជារបស់​ខ្លួន​ក៏ទេ ឯ​ព្រះមហាក្សត្រ បាន​ឭថា​​ធនញ្ជ័យ​ឈ្នះ​ប្រស្នា​អាចារ្យ​ចិន​ដូច្នោះហើយ លុះ​ដល់​ឃើញ​​ធនញ្ជ័យ​ឱ្យ​ជញ្ជូន​អស់​របស់​ទ្រព្យ​មក​ថ្វាយដូច្នោះ ក៏​ត្រេកអរ​ក្នុង​ព្រះហឫទ័យ ហើយ​មាន​ព្រះ​បន្ទូល​ថា ​ធនញ្ជ័យ​ឯង​បាន​ទុក​ខ្លះ​ហើយ​ឬទេរបស់​ទាំង​អស់​នេះ ​ធនញ្ជ័យ​ក្រាបទូល​ថា ទូល​ព្រះ​បង្គំ​ពុំ​បាន​យក​ទុកទេ ស្ដេច​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា បើ​ដូច្នោះ​អញ​នឹង​ឱ្យ​យក​ស្រី​ក្នុង​វាំងធ្វើ​ជា​ប្រពន្ធ​ឯង ហើយ​និង​របស់​ទ្រព្យ​ទាំង​អស់​គ្រប់​មុខ​កុំ​ឱ្យ​មាន​ខ្វះខាត​របស់​អ្វី ឯ​​ធនញ្ជ័យ​ក្រាប​ទូលថា ទូល​បង្គំ​មិន​ចង់​បាន​ទេ​ប្រពន្ធ​នោះ ត្បិត​មិន​មែន​ជា​ស្រីទេ ឈ្មោះ​ញី មិន​ប្រាកដ​ជា​ស្រី សូម​ជ្រាប ស្ដេច​ទ្រង់​សណ្ដាប់​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ឯណា​ឈ្មោះ​ស្រីនោះ ឯ​​ធនញ្ជ័យថា ទូល​ព្រះ​បង្គំ​នឹង​ក្រាប​ថ្វាយបង្គំ​លាទៅ រក បើ​បាន​នឹង​នាំ​មកថ្វាយ ហើយ​ទូលថា សូម​ព្រះអង្គ​ព្រះ​រាជ​​ប្រទាន​សំពត់ហូល ព្រែ ឱ្យ​ច្រើន​នឹង​ទៅរកស្រីនោះ​ទើប​ឃើញ ស្ដេច​ស្ដាប់ហើយ ព្រះ​រាជទាន​ហូល​ព្រែឱ្យ​ធនញ្ជ័យ​ជាច្រើន ហើយ​ទ្រង់​ផ្ដាំថា បើរក​បាន​វិល​មក​ឆាប់ ឯ​ធនញ្ជ័យ​ក្រាបទូល​ថ្វាយ​បង្គំលា យក​របស់​នោះ​វេច​ស្រេចហើយ ស្ពាយ​សម្ពាយ​ដើរ​ទៅ​ស្រី​នោះ។ លុះ​ដល់​ទីណា​ មាន​គេ​នៅ​ច្រើន​នោះ ចូល​ទៅសួរ​គេថា ស្រុក​នេះ​មាន​ស្រី​ ឬទេ? អ្នក​ស្រុក​ប្រាប់​ថា ស្រី​មាន​ដែរ​ ទើប​​ធនញ្ជ័យ​ថា មិន​មែន​ស្រីទេ នេះ​គេ​ហៅ​ថា​ឈ្មោះ​ញី មិន​មែន​ស្រី​ទេ ​ធនញ្ជ័យ​ថា​ហើយ​ដើរ​ទៅ​រក​ភូមិ​គេ​ឯទៀត​វិញ ហើយ​ចូល​ទៅ​សួរថា ក្នុង​ស្រុក​នេះ​ តើ​មាន​ស្រី​ឬទេ? អស់​អ្នក​ស្រុក​ប្រាប់​ថា ខ្ញុំ​ឆ្ងល់​ណាស់​ ចុះ​អស់​អ្នក​ស្រី​នេះ តើ​គេ​ហៅ​ថា​ជា​អ្វី​វិញ? ​ឯធនញ្ជ័យ​ថា ​ទេ នេះ​គេហៅ​ថា​ញី​ទេ ថា​ហើយ​ក៏​ដើរ​ទៅ​សួរ​រក​ស្រីឯទៀត លុះ​ទៅ​ដល់​ភូមិ​ផ្ទះ​នាង​សួស្ដី ហើយ​ដើរ​ទៅ​សួរ​រក​ស្រី ក៏​ប្រទះនឹង​នាង​សួស្ដី មក​អង្គុយ​នៅដីមុខ​ផ្ទះ​នោះ​ឯង ឯ​ធនញ្ជ័យ​ចូល​ទៅ​ដល់​ហើយក៏ដណ្ដឹង​សួរថា អ្នក​ប្អូន​នៅទីនេះ​មាន​ស្រី​ឬទេ? ឯ​នាង​សួស្ដី​ស្ដាប់​ហើយ​ឆ្លើយ​ថា អ្នក​ឯង​នេះ​នៅស្រុក​ណា មាន​ទេ​ប្រុស​ក្នុង​ស្រុក​អ្នក​ឯង ឯ​​ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​គិត​ថា ហើយ​គេ​ហៅ​ថា​ស្រី​សួស្ដី ទើប​​ធនញ្ជ័យ​ប្រាប់​ថា ឯ​ស្រុក​ខ្ញុំ​មាន​ប្រុស​ដែរ តើនាង​ដឹង​ឬទេ? ឈ្មោះ​ប្រុស​នោះ​ឯង នាង​សួស្ដី​ថា ខ្ញុំ​ដឹង បាន​ជា​គេ​ហៅ​ប្រុស​នោះ ត្បិត​គេ​ឈ្មោះ​ជ័យ​នោះ​ឯង ជ័យ​នោះ​ច្រើន​ជា​ធំ​ជាង​អស់​ឈ្មោះ​ផង ជ័យ​ឈ្នេះ​អស់​ក្នុង​ផែនដី​នេះ ឯង​បាន​ជា​ហៅ​ប្រុស​ៗ ត្បិត​ឈ្មោះ​ជ័យ​នោះឯង ទើប​នាង​សួស្ដី​ថា អ្នក​ឯង​ស្គាល់​ទេ​ស្រី​នោះ ទើប​ធនញ្ជ័យ​ថា ខ្ញុំ​ស្គាល់ បាន​ជាគេហៅ​ស្រីៗនោះ​ ត្បិត​តែ​ឈ្មោះ​សួស្ដី​នោះឯង ជា​សួស្ដី​មង្គល​ជា​ធំក្នុង​ផែនដីនេះ នឹង​យក​ឈ្នេះ​ណា​ឱ្យ​ដូច​គ្មាន បាន​ជា​គេ​ហៅ​ស្រីៗ​នោះ ត្បិតតែ​ឈ្មោះ​សួស្ដី ទើប​​ធនញ្ជ័យ​សួរថា នាង​មាន​ខ្លាច ឬ​គ្មាន​ខ្លាច​ទេ នាង​សួស្ដី​ឆ្លើយ​ថា ខ្ញុំ​គ្មាន​ខ្លាចទេ ថាអ្នក​ឯង​តើ​មាន​ក្រែង​ ឬមិន​ក្រែង​ទេ ​ធនញ្ជ័យ​ឆ្លើយថា​ ខ្ញុំ​គ្មាន​ក្រែង​អ្វី​ទេ នាង​សួស្ដី​ឆ្លើយថា ខ្ញុំ​ដឹងហើយ គឺ​អ្នក​ដណ្ដឹងថា មាន​ប្ដី ឬ​នៅ​ឡើយ បើ​មាន​ប្ដី​ហើយ​ខ្លាច​ប្ដី​ជេរ បើ​គ្មាន​ប្ដី​ទេ​នោះ​ថា​មិន​ខ្លាច​ទេ ទើប​នាង​សួស្ដី​ដណ្ដឹង​ថា ក្រែង​ ឬ​មិន​ក្រែងនោះ​ អ្នក​ថា​ដូចម្ដេច ទើប​​ធនញ្ជ័យ​ប្រាប់​ថា ខ្ញុំ​ដឹង នាង​ឯង​សួរ​ខ្ញុំ​ថា មាន​ប្រពន្ធ​ហើយ​ ឬ​នៅទេ បើ​មាន​ប្រពន្ធ​ហើយ​ក្រែង​ចិត្ត​ប្រពន្ធនោះ បើ​គ្មាន​ប្រពន្ធ​ទេ ថា​មិន​ក្រែង​ចិត្ត​នរណា​ទេ ឯ​​ធនញ្ជ័យ​បាន​ដឹង​ថានាង​សួស្ដី​គ្មាន​ប្ដី​ដូច្នេះហើយ ក៏ដាក់​សម្ពាយ​អំពី​ស្មា ហើយ​ស្រាយ​សម្ពាយ​ហូល​ចេញ​ឱ្យ​ម្ដាយ​​ឪពុក​នាង​សួស្ដី​ឃើញ។ ឯ​ម្ដាយ​ឪពុក ​នាង​សួស្ដី​ឃើញ​ហូល​ព្រែ​​ ធនញ្ជ័យ ក៏​ដើរ​មក​មើល​ហើយ​សួរថា អ្នក​កូន​នឹង​យក​ទៅ​ណា ឯ​ធនញ្ជ័យ​សំពេះ​ជម្រាប​សួរថា ខ្ញុំ​យក​មក​រក​ប្រពន្ធ​ទេ បើ​លោក​ម្ដាយ​លោក​ឪពុក​មេត្តា​ខ្ញុំ ខ្ញុំ​នឹង​នៅ​បម្រើ​ជា​កូន​ក្នុង​ផ្ទះ ដង​ទឹក​ កាប់​អុស បុក​ស្រូវ ខ្ញុំ​ចេះ​តែ​ព្រម​មិន​ខ្ចិល​ច្រអូស​ឡើយ ឯ​ម្ដាយ​ឪពុក​នាង​សួស្ដី និង​ខ្លួន​នាង​សួស្ដី​ក៏​ឡើង​ទៅ​លើ​ផ្ទះ ហើយ​ប្ដី​និង​ប្រពន្ធ​និយាយ​គ្នា​ថា ចៅ​កម្លោះ​នេះ​ចង់​បាន​កូន​យើង​ហើយ គិត​តែ​ពីរនាក់​ថា បើ​ដោយ​ស្មាន​មើល​ទៅ​ឃើញ​ថា ជាកូន​គេ​អ្នក​បាន​ណាស់ មាន​ទាំង​ហូល​ព្រែ​នោះ​ច្រើន យើង​ល្មមឱ្យ​កូន​យើង​ហើយ ឯ​​ធនញ្ជ័យកាល​បើ​ម្ដាយ​ឪពុក​ក្មេក​ឡើង​ទៅ​លើ​ផ្ទះ​ហើយ ក៏​វេច​បង្វិច​ដើរ​ទៅ​ទី​អាថ៌កំបាំង ហើយ​យក​ក្រដាស​មក​សរសេរកត់​ជា​ចំណាំ​ឈ្មោះនាម៉ឺន​ធំតូចដែល​ជម្ពាក់​ប្រាក់ ខ្លះ​ជម្ពាក់​១០០​តម្លឹង ខ្លះ​ជម្ពាក់​៤០០​តម្លឹង ខ្លះ​ជម្ពាក់​៥០០​តម្លឹង បាន​ច្រើន​ហើយ​ចង​១​បាច់ ដាក់​ក្នុ​សម្ពាយ ឡើង​ទៅ​លើផ្ទះ សំពះ​ម្ដាយ​ឪពុក​ក្មេក ហើយ​អង្គុយ​ស្ងៀម​ចាំ​ស្ដាប់។ ម្ដាយ​ឪពុក​នាង​សួស្ដី​ក៏​ដណ្ដឹង​សួរថា អញ​នឹង​ចង់​សួរ​ចិត្ត​ជ័យ​ឯង​ៗ​ចង់​បាន​កូន​អញមែន ឬទេ? ទើប​ធនញ្ជ័យសំពះ​ហើយ​ជម្រាប​ថា ក្នុង​ចិត្ត​ខ្ញុំ​បាទ​ចង់​បាន ក្រែង​តែ​លោក​មិន​ឱ្យ​ទាន​ខ្ញុំ​បាទ បើ​លោក​មេត្តា​ជា​កូន​ជា​ចៅ នោះ​អរគុណ​ណាស់​ នឹង​នៅ​បម្រើ​អស់​ចិត្ត ឯ​ម្ដាយ​ឪពុក​នាង​សួស្ដី ថា​យើង​ឱ្យ​ហើយ​ ចូរឯង​ទៅ​រក​ទិញ​មាន់ ទា ជ្រូក អណ្ដើក កុំខាន បើ​មិន​បាន​អណ្ដើក​នោះ មេបា​យើង​មិន​ទទួល​ទេ។ ឯ​​ធនញ្ជ័យ​បាន​ឭ​ពាក្យ​ ម្ដាយ​ឪពុក​ក្មេក​ បង្គាប់ដូច្នោះ​ហើយ ក៏​ដើរ​ទៅ​រក​អស់​អ្នក​ស្រុក​ភូមិ​ទាំង​នោះ រើស​រក​តែ​អ្នក​មាន​ប្ដី​ប្រពន្ធ អំពី​កម្លោះ ក្រមុំ ទើប​យក ហើយ​ឱ្យ​ឈ្មោះ​ថា​មេអណ្ដើក ទើប​រក​ស្រី​៤​នាក់​ទៀត បើ​បាន​ច្រើន​ដល់៨ ឬ​១៤​នាក់ នោះ​រឹង​រឹត​តែជា​ការ​ល្អ ឱ្យ​តែ​មាន​ប្ដី​អំពី​ក្មេង បើ​ទើប​មាន​កូន​មួយ ក៏បាន​ដែរ ឱ្យ​ឈ្មោះ​ថា​កូន​អណ្ដើក ទើប​រក​ប្រុស​ម្នាក់​ដែល​មាន​យសសក្ដិ មាន​ប្រាជ្ញា​ឱ្យ​ឈ្មោះ​ជា​អ្នក​មហា​អស់​អ្នក​ប្រុស​ស្រី​ទាំង​នោះ យក​មក​ដណ្ដឹង​កូន​គេ​ ហើយ​​ធនញ្ជ័យ​ឱ្យ​ទិញអស់​ទំនិញ​តាម​បង្គាប់​ម្ដាយ​ឪពុក​នាង​សួស្ដី លុះ​ទិញ​បាន​សព្វគ្រប់​ហើយ ឱ្យ​អ្នក​មហា​នាំ​ទៅ​ជូន​ម្ដាយ​ឪពុក​ខាង​ស្រី​ខ្លះ ទុក​ខ្លះ​រៀប​ស្ល​ដណ្ដាំ​ធ្វើ​នំ​គ្រប់​មុខ​ ឱ្យ​ហៅ​ភ្ញៀវ​មក​ផឹក​សង្កត់​រោង​រួច​ហើយ ព្រឹក​ឡើង​បាន​ជ័យ​ល្អ​ហើយ អ្នក​មហា និង​មេ​អណ្ដើក​ក៏​រៀប​អស់​បណ្ណាការ​នូវ​ចិញ្ចៀន ត្រសាល់​ទៅ​បំពាក់​កូន​ស្រីនោះ ហើយ​ឱ្យ​ខាង​ស្រី​នោះ​រៀប​រោង​ចាំ​ទទួល​អស់​លោក​អ្នកមហា​នូវ​បណ្ណាការ​នេះ។ ឯ​អ្នក​មហា មេអណ្ដើក និង​អស់​ក្មេងដែល​កាន់​គ្រឿង​បណ្ណាការដើរ​ទៅដល់​ហើយ អ្នកមេបា​មក​ទទួល​អ្នក​មហា​ឡើង​ទៅ​លើ​រោង ទើប​អ្នកមហា​ឱ្យ​យក​ស្រា​ពីរ​ដបតម្កល់​នឹង​ជើង​ពាន ហើយ​ទើប​យក​ថង់​មក យក​ក្មេង​ឱ្យ​កាន់​រោង​ថង់​ហិប ហើយ​អ្នក​មហា​ជម្រាបថា យើង​មក​ជម្រាប​អស់​លោកមេបា​ចាស់​ទុំ​សូម​ជ្រាប ត្បិត​យើង​បាន​ចិញ្ចៀន និង​ចារុ​ត្រសាល់ មក​សូម​បំពាក់​កូន​ស្រី ហើយ​សូម​លើក​ស្លា​ដក់​ស្លា​កន្សែង ជម្រាបរួច​ហើយ​ទើប​អស់​មេអណ្ដើក ចូល​ទៅ​បំពាក់​ចិញ្ចៀនកូន​ស្រីនោះ​រួច​ហើយ​ទើប​ខាង​ស្រី​នោះ​លើក​ថាស​បាយ និង​ស្រា​មក​ស៊ី​ផឹក រួច​ហើយ​លា​គ្នា​ទៅ​ផ្ទះ​ទីទៃ​ៗ​ហៅ​ថ្ងៃ​កំណត់​ហោង។ លុះ ​ព្រឹក​ឡើង​បាន​ពេលា អ្នក​មហា និង​មេអណ្ដើក កូន​អណ្ដើក​នាំ​កូន​ប្រសា​រ​ឈ្មោះ​​ធនញ្ជ័យ ទៅ​សំពះ​ម្ដាយ​ឪពុក ហើយ​យក​កូន​ស្រី​ឈ្មោះ​នាង​សួស្ដីម​ក​ផ្ទឹម​នឹង​​ធនញ្ជ័យ ហើយ​រាង​បើក​បាយ​ខុន​ចង​ដែ​រួច​ហើយ ដល់​យប់​ផ្សំ​ដំណេក អ្នក​ជ័យ​ និង​នាង​សួស្ដី​ជា​ប្ដី​ប្រពន្ធ រួច​ការ​វល់​ពី​ថ្ងៃ​នេះ​ទៅហើយ​ទើប​​ធនញ្ជ័យ​និយាយ​នឹង​ឪពុក​ក្មេក និង​ប្រពន្ធ​ថា នឹង​ទៅ​ទារប្រាក់​ដែល​អស់​នាម៉ឺន​ជម្ពាក់។ ​ធនញ្ជ័យ​ទៅ​ ដល់​សាលា​ជំនុំ​អស់​នាម៉ឺន​ធំ ​តូច​ច្រើន ក៏​ឡើង​ទៅ​លើ​សាលា ហើយ​និយាយ​នឹង​អស់​នាម៉ឺន​ថា បើ​ចង់​ភ្នាល់​នឹង​ខ្ញុំ​ៗ​នឹង​ប្រើ​ស្ដេច​ឱ្យ​បាន​ ទើប​អស់​នាម៉ឺន​ថា អើ​យើង​ភ្នាល់​គ្នា បើ​ឯង​ប្រើ​បាន​អញ​នឹង​ឱ្យ​ប្រាក់ បើ​ឯង​ប្រើ​មិន​បាន ឯង​ឱ្យ​របស់​អ្វី​យើង ​ធនញ្ជ័យ​ថា​ ខ្ញុំ​ឱ្យ​ប្រាក់ ហើយ​​ធនញ្ជ័យ​យក​សំបុត្រ​ដែល​ធ្វើ​នោះ​មាន​ឈ្មោះ​គ្រប់​នាម៉ឺន​ហើយ​សូម​បោះ​ ត្រា​ទទួល​ជម្ពាក់​រួច​ហើយ ឱ្យ​ទៅ​ប្រើ​ហ្លួង​នឹង​មើល ឯ​​ធនញ្ជ័យ​ថា បើ​ដូច្នោះ​អស់​លោក​ទូល​ថា ត្បិត​​ធនញ្ជ័យ​វា​ថា វា​នឹង​ប្រើ​ហ្លួង​ឱ្យ​បានដូច​ចិត្ត​វា​ៗ​ថា​នឹង​​មក​ឥឡូវ​នេះ​ហើយ ឯ​ងអស់​នាម៉ឺន​បាន​ស្ដាប់​ហើយ ក៏​យក​សេចក្ដី​ទៅ​ក្រាប​ទូល​ហ្លួង ទៅ​ដល់​ហើយ​ក៏​ក្រាប​ថ្វាយ​បង្គំ​គាល់​ទូលថា សូម​ទាន​ត្បិត​អី​​ធនញ្ជ័យ​វា​ថា វា​នឹង​មក​ប្រើ​អម្ចាស់​បាន​ដូច​ចិត្ត​វា ឯ​ព្រះមហាក្សត្រ​ស្ដាប់​ហើយ ក៏​ទ្រង់​ព្រះ​ក្រោធ​នឹង​​ធនញ្ជ័យវា​មាក​ងាយ ទៅ​ហៅ​អា​ជ័យ​មក​ឱ្យ​ឆាប់ អាមាត្យ​ស្ដាប់​ព្រះ​បន្ទូល​ត្រាស់​ប្រើ​ដូច្នោះ ក៏​រត់​ទៅ​ហៅ​​ធនញ្ជ័យ​តាម​ព្រះ​បន្ទូល ដល់​ហើយ​ប្រាប់​​ធនញ្ជ័យ​ថា ហ្លួង​មាន​ព្រះ​បន្ទូល​ឱ្យ​ហៅ ត្បិត​ទ្រង់​ព្រះក្រោធ​នឹង​ឯង​ណាស់ ឯ​ធនញ្ជ័យ​ស្ដាប់​ហើយ​ក៏​ទៅ​តាម​អាមាត្យ ដល់ហើយ​ក៏​ក្រាបថ្វាយ​បង្គំស្ងៀមនៅ ហើយ​ព្រះមហាក្សត្រ​មាន​ព្រះ​បន្ទូល​សួរថា អាជ័យ​អា​ថា​នឹង​ប្រើ​អញមែន ឬ? ​ធនញ្ជ័យ​ទូល​ថា​ករុណា​វិសេស ប៉ុន្ដែ​នឹង​មិន​ទាន់​ប្រើ​បាន បើ​បែរ​ព្រះ​ភក្ត្រ​មើល​ទៅ​ក្រោយ​រួចហើយ ទើប​ប្រើ​បាន​ ស្ដេច​ស្ដាប់​ហើយ​ទើប​បែរ​ព្រះ​ភក្ត្រ​ទត​មើល​ទៅ​ក្រោយ ហើយ​បែរ​មក​វិញ ថា​អញ​មើល​ទៅ​ហើយ​អាឯង​មិន​ប្រើ​ចុះ ឯ​​ធនញ្ជ័យក្រាប​ទូល​ថា នេះ​ហៅ​ប្រើ​ហើយ គឺ​ប្រើ​ឱ្យ​បែរ​ទៅ​ក្រោយ​បាន​ហើយ នឹង​មាន​ប្រើ​អម្ចាស់​ឱ្យ​ទៅ​ទូល​រែក​របស់​អ្វី​ក៏ទេ។ ស្ដេច​ស្ដាប់​ហើយ​ ក៏​មិន​មាន​ព្រះ​បន្ទូល​ ទេ ទ្រង់​ស្ងៀម ​ធនញ្ជ័យ​ក្រាប​ថ្វាយ​បង្គំ​លា ទៅទារ​ប្រាក់​អំពី​អស់នាម៉ឺន​ដែល​ភ្នាល់ ហើយ​មាន​សំបុត្រ​បោះ​ត្រាយក​ប្រាក់​ច្រើន​ប៉ុន្មាន​នឹង​មិនរួច ហើយ​យក​ទៅ​ឱ្យ​ប្រពន្ធ​នូវ​ម្ដាយ​ឪពុក​ក្មេក ហើយ​នៅជា​សុខ​សប្បាយ។ ឯ​ អស់នាម៉ឺន​ដែល​​ធនញ្ជ័យ​យក​ប្រាក់​ នោះកើត​ខឹង​នឹង​​ធនញ្ជ័យ​ទាំង​អស់​ ទាំង​ស្ដេច​ក៏​ខ្ញាល់​ណាស់​ដែរ ស្ដេច​ឱ្យ​ហៅ​អស់​នាម៉ឺន​ធំតូច​ ឃុន ហ្មឹន មហាតលិក​មក​ឱ្យ​គិត​ជំនុំ នឹង​បំបរ​បង់​​ធនញ្ជ័យ​ឱ្យ​ហើយ ត្បិត​វា​បង្កើត​ទោស​ច្រើន​ណាស់ ឯ​អស់នាម៉ឺន​ស្ដាប់​ព្រះ​បន្ទូល​ដូច្នោះ​ហើយក៏​មក​គិត​ជំនុំ​គ្នា​ឃើញ​ថា នឹង​បណ្ដេញ​វា​ឱ្យ​ចុះ​សំពៅ​ទៅ​ស្រុក​ចិន ត្បិត​ស្រុក​នោះ​ធំ​ហើយ​គេ​ស្អប់​វា​តែ​ឃើញ​វា​ទៅ​គេ​គង់​សម្លាប់​ចោល យើង​បាន​សុខ​សប្បាយ​ក្នុង​នគរ ឯ​ព្រះ​មហាក្សត្រ​ក៏​សប្បាយ​ក្នុង​ព្រះ​រាជហឫទ័យ គិត​ឃើញ​ដូច្នោះ​ហើយ យក​សេក្ដី​ឡើង​ទៅ​ក្រាប​ទូល​ដោយ​ដំណើរ​ដែល​បាន​ជំនុំ​ឃើញ ព្រះ​មហាក្សត្រ​ស្ដាប់​ហើយ​ក៏​ព្រម នឹង​ឱ្យ​ទៅ​ហៅធនញ្ជ័យមក​ប្រាប់​ថា អាជ័យ​ អញ​នឹង​ឱ្យ​ឯង​ទៅ​នៅ​ស្រុក​ចិន​នឹង​គេ​ឯ​ណោះ ត្បិត​ស្រុក​គេ​ធំ នៅទី​ស្រុក​ខ្មែរ​នេះ​មិន​បាន​ទេ មាន​ព្រះ​បន្ទូល​បង្គាប់​ឱ្យ​យក​សំពៅ​១​មក​ឱ្យ ​ធនញ្ជ័យ​ចុះ​ទៅ​ក្នុង​សំពៅ ហើយ​ឱ្យ​យក​ទៅ​ប្រោស​ចោល​ឯ​ស្រុក​ចិន ឱ្យ​ស្ដេច​ក្រុង​ចិន​សម្លាប់ កាល​​ធនញ្ជ័យ​ទៅ​ដល់​ស្រុក​ចិន​ហើយ ផ្ដាំ​អស់​អ្នក​សំពៅ​ដែល​គេ​វិល​មក​ស្រុក​ខ្មែរ​វិញថា អញ​ផ្ដាំ​ទៅ​ប្រពន្ធ​អញ​ផង កុំ​ឱ្យ​គិត​ទន្ទឹង​អញ​ឡើយ អញ​នឹង​ទៅ​វិញ​ឆាប់​ទេ អញ​សន្មត់​តែ​៧​ខែ ឱ្យ​គេ​ជូន​អញ​ទៅ​វិញ​ឆាប់​ទេ កុំ​ថប់​ព្រួយ​ចិត្ត​ឡើយ ឯ​អ្នក​សំពៅ​ថា អើ​សឹម​អញ​ប្រាប់​ឱ្យ​បាន​ទេ ​ថា​ហើយ​ក៏​ចេញ​សំពៅ​មក​ស្រុក​វិញ។ ឯ​​ធនញ្ជ័យ​ក៏​ដើរ​ទៅ​ដល់​ផ្ទះ​ នាម៉ឺន​ធំ ចូល​ទៅ​ស៊ី​ឈ្នួល​ឱ្យ​គេ​ប្រើ​ធ្វើការ ដើរ​តាម​នាម៉ឺន​នោះ​ទៅ​គាល់​ស្ដេច​នោះ ឯ​នាម៉ឺន​នោះ​នឹង​បាន​ដឹង​ថា​ជា​​ធនញ្ជ័យ​ក៏ទេ​ ក៏​គិត​តែ​ខ្មែរ​តែ​ផ្ដាស់មិន​បាន​សួរ​ដណ្ដឹង​ឡើយ ឯ​​ធនញ្ជ័យ​គិត​ថា បើ​អញ​បាន​ប្រាក់​ឈ្នួល​ច្រើន អញ​នឹង​គិត​ទិញ​អង្ករហើយ​គិត​ធ្វើ​នំ​រោយ​និង​ប៉ែនឱ្យ​មាន​សរសៃ​អង្ករ​ឡើង​ វែងៗ ហើយ​នឹង​លក់​ទិញ​ស៊ីមិន​ឱ្យ​ក្រ​ពិបាក​ឡើយ គិត​ហើយ​ធ្វើ​នំ​ដូច​ចិត្ត​គិត​នោះ​ឯង ហើយ​លក់​ឱ្យ​ចិន​ទិញ​ស៊ី កាល​នោះស្រុក​ចិន​មិន​ទាន់​ធ្វើ​នំ​នោះ​ទេ ដល់​ឃើញ​​ធនញ្ជ័យ​ធ្វើ​ដូច្នោះ​ហើយ ក៏​បបួល​គ្នា​មក​ទិញ​នំ​ស៊ី ហើយ​និយាយ​ថា​អ្នក​នេះ​ធ្វើ​នំ​ល្អ​ណាស់​ ឭ​ទៅ​ដល់​ស្ដេច​ក្រុង​ចិន​ៗ​ឱ្យ​ហៅ​​ធនញ្ជ័យ ទៅដល់​ហើយ​មាន​ព្រះ​បន្ទូល​ថា ឯង​ធ្វើ​នំ​វែង​ៗ​មែន​ឬ ​ធនញ្ជ័យ​ក្រាបទូល​ថា​មែន ស្ដេច​មាន​ព្រះ​បន្ទូល​ថា អា​យក​មក​ឱ្យ​អញ​មើល​ផង ទើប​​ធនញ្ជ័យ​វិល​មក​យក​នំ​នោះ​ទៅ​ថ្វាយ ទើប​ស្ដេច​ដណ្ដឹង​ថា នំ​នេះ​ឈ្មោះ​នំ​អី ​ធនញ្ជ័យក្រាបទូល​ថា នេះ​ហៅ​ថា​នំ​បញ្ចុក បើ​នឹង​ស៊ី​ឱ្យ​ងើយ ហើយ​ហារ​មាត់​លើក​ដៃ​ឱ្យ​ខ្ពស់​ទើប​បាន​ស៊ី​ជា​ពិសា ឯ​នំ​នេះ​បាន​ជា​​ធនញ្ជ័យ​ថា​ដូច្នេះ​ ត្បិត​ចង់​ឃើញ​ស្ដេច​ក្រុង​ចិន ត្បិតឭ​តែ​ព្រះ​បន្ទូល ឯ​ព្រះ​ភក្ត្រ​ពុំ​ដែល​ឃើញ ហើយ​ចង់​នឹង​វិល​មក​ស្រុក​វិញ ឯ​ស្ដេច​ក្រុង​ចិន​ឭ​ដូច្នេះ​ហើយ​ក៏​យក​នំ​នោះ​មក​ថ្វាយហើយ​ងើយ​ដូច​ពាក្យ​​ ធនញ្ជ័យ​ថា​ដូច្នោះ​ឯង ឯ​​ធនញ្ជ័យ​កាល​បើ​ស្ដេច​សោយ​នំ​ងើយ​ឡើង​ហើយ ក៏​មើល​ទៅ​ឃើញ​មុខស្ដេច​ក្រុង​ចិន​ហើយថា មើល​មុខ​ស្ដេច​ក្រុង​ចិន​​ឃើញ​ខ្មៅ​អែ មើល​មុខ​ស្ដេច​ស្រុក​ខ្មែរ​ ដូច​ខែ​ពេញ​បូណ៌មី ឯ​ព្រះមហាក្សត្រ​ក្រុង​ចិន​ឭ​​ធនញ្ជ័យ​ដៀល​ដូច្នោះ ហើយ ក៏​ទ្រង់​នូវ​ព្រះក្រោធខ្លាំង​ណាស់ ហើយ​ត្រាស់​ថា​ឱ្យ​អស់​នាម៉ឺន​ចាប់​យក​ទៅ​ដាក់​គុក​សំរិទ្ធ​ឱ្យ​ដល់​ស្លាប់​ កុំលែង​វា។ គុក​នោះឯង​ត្រជាក់​ណាស់ បើ​មនុស្ស​ណា​តែ​ទៅ​ដល់​ហើយ ក៏​ស្លាប់មិន​រស់​ឡើយ កាល​ថ្ងៃ​ដែល​យក​ធនញ្ជ័យទៅ​ដាក់​គុក​នោះ មាន​ចិន​១​នោះខុស គេ​យក​ទៅដាក់​គុក​ជា​មួយ​នឹង​​ធនញ្ជ័យ បាន​ជា​ពីរ​នាក់​នឹង​ចិន​នោះ ឯ​គុក​នោះតែ​ដាក់​ហើយ​មិន​បាច់​ដាក់​ច្រវាក់​ដាក់​ឃ្នាង តែ​ទៅ​ដល់​ហើយ​ដោះចេញ​អស់​ ទើប​បញ្ចូល​ទៅ​ក្នុង​គុក​នោះឯង ហើយ​ទើប​រាំង​ទ្វារ​ទៅទប់​ឱ្យ​ស្លាប់ ឯ​​ធនញ្ជ័យ​ដឹង​ជា​ងារ​ត្រជាក់​ណាស់​ ហើយ​បបួល​ចិន​ទៅប្រដាល់​ចម្បាប់ឱ្យ​ក្ដៅបែក​ញើស​ស្រួល​ខ្លួន ហើយ​វិល​មក​ឈប់​វិញ បើ​កាល​ណាវា​ត្រជាក់​ណាស់​ក៏​បបួល​គ្នា​ទៅ​ដាល់​ៗ​តែ​សព្វ​ថ្ងៃ​ឥត​មាន​រងារ ​សោះ​ឡើយ លុះបាន​ពីរ​ថ្ងៃ​បី​ថ្ងៃ អស់​នាម៉ឺន​ឱ្យ​ទៅ​មើល​ឃើញ​នៅ​រស់​ហើយ​វិល​មក​ប្រាប់​ថា អស់​ទាំង​អស់​ទោស​ចិន​និង​ខ្មែរ​នោះ មិន​ស្លាប់​ទេ បើ​ដូច្នោះ​នឹង​ទៅធ្វើ​ដូច​ម្ដេច ទើប​អស់​នាម៉ឺន​ថា បើ​វា​មិន​ស្លាប់​ក៏​ហី​ទៅ​ចុះ ឯ​​ធនញ្ជ័យ​ហើយ​និង​ចិន​គិត​ថា យើង​នឹង​គិត​ធ្វើ​ខ្លែង​បង្ហើរ ធ្វើ​អែក​ឱ្យ​ឭ​តែ​យប់ថ្ងៃ​ដាក់​ចេញ គិត​ឃើញ​ធ្វើ​ខ្លែង​បាន​ហើយ បង្ហើរ​សព្វ​យប់ បាន​ឭ​ទៅ​ដល់​ស្ដេច​ៗ​ឮ​សូរ​សម្លេច​អែក​នោះ វា​ប្លែក​នឹង​សម្លេង​សត្វ​យំ ស្ដេច​មិន​ដែល​ឭ​ដូច្នោះ ហើយ​ស្ដេច​ឆ្ងល់​​ក្នុង​ព្រះហឫទ័យ​ថា ថ្ងៃ​មិន​ដែល​ឭ​មាត់យំ តែ​យប់​អន្តឺត​ៗ តែ​សព្វ​យប់ ហើយស្ដេច​ហៅ​នាម៉ឺន​មក​គិត​ថា មាន​នរណា​នឹង​ដឹង​ថា​សត្វ​អ្វី​វា​យំ​នោះ ហើយស្ដេច​ឱ្យ​ហៅ​ហោរ​មក​គន់​គូរមើល ឯ​ហោរ​គន់​គូរ​មើល​ទៅឃើញ​ក្រាប​ទូល​ថា បាន​ជា​សត្វ​នេះ​វា​យំ​ដូច្នេះ ត្បិត​កើត​ហេតុ​ក្នុង​នគរ បើ​ហេតុ​ឧត្បាត​នេះ​ពុំ​ឃើញ សត្វ​នោះវា​នឹង​ស៊ី​អស់​ទាំង​រាស្ត្រ​ក្នុង​នគរ​មិន​ខាន​ឡើយ ស្ដេច​ស្ដាប់​ហើយ​ក៏​មាន​ព្រះ​បន្ទូល​ថា បើ​ដូច្នោះ តើ​ឧត្បាត​ពី​ព្រោះអ្វី ហោរ​គន់គូរ​មើល​ឱ្យ​បាន​ដឹង​ក៏​នឹង​ធ្វើ​ឱ្យ​ជា កុំ​ឱ្យ​សត្វ​នោះវា​ស៊ី​មនុស្ស​រាស្ត្រ​ប្រជាផង​ទាំង​ឡាយ​ទើប​ហោរ​ក្រាប​ទូល ​ថា ទូល​ព្រះបង្គំ​គិត​ទៅឃើញ​ថា ត្បិត​មាន​អ្នក​ប្រាជ្ញ​មួយ​គេ​នាំ​មកស្រុក​ខ្មែរ​មក​ប្រោស​ចោល​ស្រុក​យើង ឥឡូវ​នេះ​ទ្រង់​ឱ្យ​ដាក់​គុក​នោះឯង បាន​ជា​កើត​ហេតុ​ដូច្នោះឥឡូវ​នេះមាន​តែ​គិត​ឱ្យ​ស្រុក​ខ្មែរ​វិញ​ទើប​ជា ឯ​ព្រះមហាក្សត្រ​ស្ដេច​ក្រុង​ចិន​ឭ​ហោរ​ទាយ​ដូច្នេះ​ហើយ ស្ដេច​ភ្ញាក់​ព្រះអង្គ​ថា អញ​មិន​ដឹង​ជា​អ្នក​ប្រាជ្ញ​ស្រុក​ខ្មែរ​ទេ មនុស្ស​ស្រុក​ខ្មែរ​មិន​ដែល​មក​នៅ​រក​ស៊ី​ផ្ដេស​ផ្ដាស​ទេ បើ​ដូច្នោះឱ្យ​ទៅ​យក​មក​នឹង​អង្វរសុំ​ទោស​កុំឱ្យ​ខឹង​នឹង​អញ​ឡើយ ឯ​អា​មាត្យ​ក៏​រត់​ទៅរក​​ធនញ្ជ័យ​ដែល​នៅ​ក្នុង​គុក​នោះឯង​នាំ​មក​ថ្វាយ​ ស្ដេច ឯ​ព្រះ​មហាក្សត្រ​ស្ដេច​ទត​ទៅ​ឃើញ​​ធនញ្ជ័យ​មក​ដល់​ហើយ ស្ដេច​មាន​ព្រះបន្ទូល​ថា អញ​មិន​ដឹង​ថា​ខ្លួន​ឯង​ជា​អ្នក​ប្រាជ្ញខ្មែរ​ទេ ឥឡូវ​នេះ​ឯង​កុំ​ខឹង​នឹង​អញ​ឡើយ អញ​នឹង​យក​មនុស្សចិន​ទាំង​ស្រី​ទាំង​ប្រុស​បាន​១០០ អញសែន​ឯង ហើយ​ឱ្យ​ជូន​ឯង​ទៅស្រុក​វិញ ឯ​​ធនញ្ជ័យ​ក្រាបថ្វាយ​បង្គំ​ទូល​ថា ខ្ញុំ​មិន​នឹង​ម្ចាស់​ទេ សត្វ​ដែល​វា​ថា​នឹង​ស៊ី​រាស្ត្រ​នោះ​ ខ្ញុំ​ម្ចាស់​ឱ្យ​វា​ទៅហៅហើយ ឯ​ស្ដេច​ស្រុក​ចិន​ដណ្ដឹង​ថា ឈ្មោះ​សត្វ​អ្វី​ដែល​វាយ​ឭ​កន្តឺត​ៗ​នោះ ទើ​ប​ធនញ្ជ័យ​ក្រាបទូល​ថា សត្វ​នោះឈ្មោះ​សត្វ​ខ្លែងទើប​ស្ដេច​ទូល​ថា​រូប​វា​ដូចម្ដេច​ក៏​វា​យំឭ​ ខ្លាំង​ម្លេះ ទើប​​ធនញ្ជ័យ​ក្រាប​ទូល​ថា ទូល​ព្រះ​បង្គំ​នឹង​ធ្វើ​រូប​ខ្លែង​ព្នង​មក​ថ្វាយ ហើយ​​ធនញ្ជ័យ​ទៅ​យក​ខ្លែង​ដែល​បង្ហោះ​នោះ​មក​ថ្វាយ សត្វ​នេះ​វា​យំ​នឹង​ស្នែង​ វា​មិន​បាន​យំ​នឹង​មាត់​វា​ដូច​អស់​ទាំង​សត្វ​ឯទៀត​ទេ ឯ​មហាក្សត្រ​ស្ដាប់​​ធនញ្ជ័យ​ក្រាបទូល​ដូច្នោះ​ហើយ​​ក៏​មាន​ព្រះ​បន្ទូល​ថា ប្លែក​មិន​ដែល​ឃើញ​ដូច្នេះ ទើប​តែ​ឥឡូវ​នេះ បើ​ដូច្នេះ​យើងធ្វើ​បង្ហើរឱ្យ​វា​យំ​មើល​លែង ហើយ​ឱ្យ​យក​សំពៅមួយ​ធំ​ចំណុះ​មនុស្ស​២០០​នាក់ ហើយ​នឹង​ជូន​​ធនញ្ជ័យ​ទៅស្រុក​ខ្មែរ​វិញ ហើយឱ្យ​យក​មនុស្ស​ចិន​បាន​១០០​នាក់ដាក់​ក្នុង​សំពៅហើយ ហើយ​នឹង​ស្បៀង​ដាក់​ឱ្យ​ជូន​ជា​សំណែន​​ធនញ្ជ័យ ជូន​មក​ស្រុក លុះដល់​ហើយ​​ធនញ្ជ័យ​ឡើង​ទៅសួរ​ម្ដាយ​ឪពុក​នូវ​ប្រពន្ធ ហើយ​បញ្ជូន​របស់​ដែល​ស្ដេច​ក្រុង​ចិន​ព្រះរាជទាន​សែន​ជូន​មក​ទាំងអស់​នោះ ហើយឡើង​មក​ហើយ ឱ្យ​សង់​ផ្ទះ​នៅជា​សុខ​សប្បាយ បាន​ជា​មាន​ចិន​នៅស្រុក​ខ្មែរ​ គេហៅ​ថា​ចិន​សំណែន​​ធនញ្ជ័យ​ទាល់​តែ​ឥឡូវ​នេះ។ ឯ​ព្រះមហាក្សត្រ​ស្រុក​ ខ្មែរ​ឭ​ថា​​ ធនញ្ជ័យ​វិល​មក​វិញ​ហើយ បាន​ទាំង​ចិន​មក​ផង ហើយ​ស្ដេច​នូវ​នាម៉ឺន​ទាំង​អស់​កោត​ខ្លាច​ប្រាជ្ញា​​​ធនញ្ជ័យ មិន​ហ៊ាន​ធ្វើ​សេចក្ដីអ្វី​ឱ្យ​ទាស់​នឹង​គំនិត​​​ធនញ្ជ័យ​ឡើយ ព្រះ​មហាក្សត្រ​ឱ្យ​ទៅហៅ ​​ធនញ្ជ័យមក​សួរ​ដណ្ដឹង​អំពី​ស្រុក​ចិន ត្បិត​វា​បាន​ទៅ ​​ធនញ្ជ័យ​ក៏​ក្រាប​ទូល​តាម​ដំណើរ​ដែល​បាន​ទៅឃើញ ហើយ​និយាយ​ថា កាល​ខ្លួន​ខ្ញុំ​បាន​ទៅ​ដល់​ហើយ​គិត​ឱ្យ​បាន​មក​វិញ​នោះ ព្រោះ​ធ្វើ​ខ្លែង​ព្នង​បង្ហើរ ស្ដេច​បាន​ឭ​សូរ​អែក​ខ្លែង បាន​ជា​ខ្ញុំ​បាន​មក​វិញ ឯ​ព្រះ​​មហាក្សត្រ​ឱ្យ​ធ្វើខ្លែង​នោះបង្ហើរ​នឹង​មើល​លែង ​​ធនញ្ជ័យ​ក៏​ធ្វើ​ខ្លែង​ទៅ​ថ្វាយ​ឱ្យ​ស្ដេច​ទត​ ដូច្នោះ​ឯង​ហៅ​ខ្លែង​ព្នង បាន​ជា​ស្ដេច​ចេះ​ធ្វើ​ខ្លែង​ដល់​ឥឡូវ​នេះ​ឯង។ ឯ​​​ធនញ្ជ័យ​ដល់​មាន​ជំងឺ ​ឈឺ​ធ្ងន់​ណាស់ ហើយ​ផ្ដាំ​ប្រពន្ធ​ថា បើ​អញ​នឹង​ស្លាប់​ទៅហើយ ឱ្យ​យក​ទៅ​កប់​នោះ ឱ្យ​ធ្វើ​ចម្រូង​បោះលើ​ផ្លូវ​នោះឱ្យ​ច្រើន​កុំ​ឱ្យ​ខាន ហើយ​ឱ្យ​ទៅ ទូល​ហ្លួងថា អញ​ឈឺ​ខ្លាំង​ណាស់ហើយ ឯ​ប្រពន្ធ​នោះទៅទូល​ហ្លួងដូច​ពាក្យ​​​ធនញ្ជ័យ ស្ដេច​ដឹង​ដូច្នោះ ហើយ​ក៏​ស្ដេច​ទៅសួរ​​​ធនញ្ជ័យ ដល់​ហើយ​ស្ដេច​ចូល​ទៅសួរ​​​ធនញ្ជ័យថា ឯង​ឈឺ​តើ​ដូចម្ដេច ​​ធនញ្ជ័យ​ទូល​ថា​សូម​ទ្រង់​ចូល​មក​ជិតខ្ញុំ​ៗ​នឹង​ផ្ដាំ​ទុក ខ្ញុំ​ទូល​ខ្លាំង​មិន​បាន​ទេ ស្ដេច​ស្ដាប់​ហើយ​ចូល​ទៅជិត ​​ធនញ្ជ័យ​ទូល​ថា សូម​ទ្រង់​ឱន​ព្រះកេស​មក​ជិត​នឹង​មាត់​ខ្ញុំ ស្ដេច​ក៏​ឱន​ត្រចៀក​ទៅ​ជិត​មាត់​​​ធនញ្ជ័យ​ៗ​ក៏​ផ្ដាំ​ថា បើ​ស៊ី​ត្រី​ព្រួល​កុំ​ចោល​ស្រកា បើ​ស៊ី​ត្រី​ប្រា​កុំ​ចោល​ស្រកី ឱ្យ​ស្ល​ក្បាល​ត្រី​ប្រា​នឹង​ម្ជូរ​សណ្ដាន់ ឱ្យ​ស្ដេច​ទុក​កុំ​ឱ្យ​ភ្លេច ស្ដេច​ស្ដាប់​ហើយ​វិល​មក​ដំណាក់​វិញ ឯ​អស់​នាម៉ឺន​សួរ​ហ្លួង​ថា ​​ធនញ្ជ័យ​វា​ផ្ដាំ​ថា​ដូចម្ដេច ព្រះ​មហាក្សត្រ​ស្ដេច​ស្ដាប់​ហើយ ក៏​ប្រាប់​អស់​នាម៉ឺន​ថា តាម​ពាក្យ​​​ធនញ្ជ័យ​ថា ស៊ី​ត្រី​ព្រួល​កុំ​ចោល​ស្រកា បើ​ស៊ី​ត្រី​ប្រា​កុំ​ចោល​ស្រកី ឱ្យ​ស្ល​ក្បាល​ត្រី​ប្រា​នឹង​ម្ជូរ​សណ្ដាន់ វា​ថា​ជា​លេង​វា​ទេ ស្ដេច​មាន​ព្រះ​បន្ទូល​ដូច្នេះ ក៏​អស់​នាម៉ឺន​មិន​ជឿ​ឡើយ អាជ័យ​នេះ​ជា​អ្នក​ប្រាជ្ញ​ធំណាស់ ដឹង​ជា​គេ​ថាដូចម្ដេច​នឹង​ព្រះ​មហាក្សត្រ។ កាល​ធនញ្ជ័យ​ស្លាប់​ទៅ គេ​ក៏​យក​ទៅ​កប់ ហើយ​ធ្វើ​ចម្រូង​ដោត​ផ្លូវ​នោះ តាម​ពាក្យ​​ធនញ្ជ័យ​នោះឯង អស់​នាម៉ឺន​នៅអ្នក​ក្នុង​វាំង​ដែល​ខឹង​ស្អប់​​ធនញ្ជ័យ​ថា ​ធនញ្ជ័យ​ឆោរ​យក​ប្រាក់ ឭថា​ធនញ្ជ័យស្លាប់​ហើយ គេយក​ទៅ​កប់​នៅទី​ត្រង់​ណា ក៏​ប្រើ​មនុស្ស​ជុះ​អាចម៍​ដាក់​ផ្លូវ ឯ​អស់​មនុស្ស​ទាំងនោះក៏​ទៅដល់​ផ្នូរ ហើយ​ក៏​សើយ​សំពត់​ដាក់​គូថ​នឹង​ជុះ មិន​បាន​ដឹង​ថា​មាន​ចម្រូង វាស​គូថ​រាល់​គ្នា រាង​មិន​ហ៊ាន​ទៅទៀត​ឡើយ ហើយ​ខ្លាច​​ធនញ្ជ័យ ក៏​ស្រដី​ប្រាប់​គ្នា​រៀង​ទៅ នេះ​ប្រាកដ​ជា​អ្នក​មាន​ប្រាជ្ញ​ថា ដល់​ស្លាប់​ទៅ​ហើយ​ក៏​គង់​គិត​ទុក​ឱ្យ​បាន​គង់​ដឹង​ជា ឯង​ទៅ​ជុះ​អាចម៍​ដាក់​ផ្លូវ​គាត់​ បាន​ជា​មាន​ផ្ដាំ​ឱ្យ​គេ​ទៅដោត​ចម្រូង​ទុក​ឱ្យ​មុត​គូថ​ឯង៕

0 Responses to “រឿង ធនញ្ជ័យ (ភាគ២)”

Post a Comment