Friday, 26 June 2015
រឿង ខ្មោចចូលដប
Do you like this story?
មានខ្មោចប្រុសមួយ អាស្រ័យក្នុងទីមួយ បានឃើញប្រពន្ធអ្នកចំការម្នាក់ ក៏កើតកួចចិត្តប្រតិព័ទ្ធស្រឡាញ់នាងនោះ ។លុះណាប្ដីនាងមិននៅ អាខ្មោចនោះ វាប្លែងកាយនិមិ្មតជារូបប្តីនាង ទៅដេកនឹងនាងនោះ។ នាងនោះក៍សំគាល់ជាប្តីរបស់អាត្មាដោយមិនដឹងជាខ្មោចប្លែងឡើយព្រោះដូចគ្នាណាស់។ ឯខ្មោចនោះតែបានឱកាស ពេលអ្នកចំការមិននៅហើយ វាក៍តែងប្លែងកាយជា រូបប្តីមកដេកនៅនឹងនាង ជារឿយៗរាល់កាលនោះហោង។
លុះថ្ងៃមួយចៅប្តីនោះក៏ទៅព្រៃទៀត ឯអាខ្មោចវាក៏ប្លែងមកដេកជាមួយនាងនៅក្នុងផ្ទះដូចរាល់ដង ដល់ពេលចៅប្តីមកផ្ទះ ក៍បានឃើញរូបខ្មោចដូចជារូបខ្លួន ដេកជាមួយប្រពន្ធខ្លួនដូច្នោះ ក៍ខឹងមហិមា ស្ទុះទៅចាប់អាខ្មោច ខ្មោចក៍ឈ្លោះតបថា យើងជាប្តីនាងនេះ ផ្ទះនេះជាផ្ទះរបស់យើងហេតុអ្វី ចៅមកចាប់ យើងជាម្ចាស់ផ្ទះយើងវិញ ចៅឯងមកពីទីស្ថានណា មិនដឹងថាយើងប្តីនាងនេះទេឫ?
ឯចៅប្តីក៍ឈ្លោះតបថា ផ្ទះនេះជាផ្ទះរបស់យើង នាងនោះសោត ក៍ជាប្រពន្ធរបស់យើង ហេតុអ្វីចៅមកថាជា របស់ខ្លួនដូច្នោះ?
ខ្មោច និងមនុស្ស ក៍ឈ្លោះដណ្ដើមគ្នាជាប្រពន្ធ ទៅវិញទៅមក ជាកលាហលឡើង ឯនាងជាប្រពន្ធ ក៍មិនដឹងរូបប្រុសណា ជាប្តីរបស់ ខ្លួនព្រោះរូបរាង ដូចគ្នាសុទ្ធគ្នាណាស់ នឹងអាកាត់ថា រូបណាជាប្តីរបស់ខ្លួនពុំបានព្រោះ ចៅខ្មោចនឹងមនុស្សកើតជាអធិករណ៍នឹងគ្នាទើបបាននាំគ្នាទៅកាន់សាលាវិនិច្ឆ័យដល់ ហើយក៍ចូលប្តឹង តាមរឿងនោះ។ ឯចៅក្រមខាងជាន់ក្រោម ពុំអាចកាត់ក្តី នឹងគ្នាបាន ព្រោះសាក្សី គឺស្រីកណ្ដាលនោះឱ្យការមិនធ្លុះទៅបាន ទើបនាំរឿងក្តីនោះឡើងប្តឹងទៅ ដល់រូបលោកអ្នកធំជាន់ខ្ពស់ គឺលោកអ្នកប្រាជ្ញ។ អ្នកប្រាជ្ញ ក៍ហៅចៅទាំងពីរ ចូលទៅជិតហើយ លោកពិនិត្យមើលរូប មើលមុខមាត់ចៅខ្មោចនោះ ក៍យល់ស្គាល់ ជាមនុស្ស ជាខ្មោច ព្រោះភ្នែកខ្មោចយក្ស ឥតស្រមោលកូនក្រមុំ ហើយច្រើនរឹង ហេតុនោះទើបអ្នកប្រាជ្ញ លោកស្គាល់បានតែ លោកនឹងកាត់ថា អានេះជាខ្មោច ប្លែងរូបជាមនុស្សដូច្នេះទៅ ក៍ពុំប្រាកដ ដល់ភ្នែក អ្នកឯទៀតៗឡើយ ទើបលោកយក ដបស្រា១មកតាំងនៅលើ តុហើយវិនិច្ឆ័យឡើងថា:
ហៃចៅទាំង ២ ដែលវិវាទគ្នា អើគ្រានេះយើងនឹងវិនិច្ឆ័យ ដោយយុតិ្តធម៌ឱ្យគឺយើង តាំងពិសោធនឹងដបនេះថាបើរូបណាក្លាហានអាចចូលក្នុង ដបនេះបានរូបនោះហើយ ជាប្តីនាងនោះមែន យើងក៍នឹងប្រគល់នាងនោះឱ្យជាប្រពន្ធ ពិតថាបើរូបណាចូលដប នោះពុំបានទេ យើងនិងទុករូបនោះថាពុំមែនជាប្តីនាងនោះឡើយ។
ឯចៅមនុស្សនោះ បានឭលោកអ្នកប្រាជ្ញ ដាក់ទុកដូច្នោះ ក៍តក់ស្លុត ភិតភ័យដោយ គិតថាខ្លួនជាមនុស្សនឹងចូលដបស្រាតូចមួយនេះឯណា បាន ក្តីចាញ់នោះចំពោះនឹង បានដល់ខ្លួនប្រាកដហើយ ម្លោះហើយក៍ឈរសំពះនៅហោង។
ឯអាខ្មោចលុះឭអ្នក ប្រាជ្ញតាំងឱ្យ ចូលដល់ដបស្រាដូច្នោះ ក៍ត្រេកអរក្នុងចិត្ត ដោយគិតថាខ្លួនជាខ្មោច ឥតឆ្អឹង សាច់ សម្រេចដោយរិទ្ធិនិមិត្តជាខ្យល់ បានទើបទទួលចូលដប កាលនឹងចូល នោះចៅខ្មោចឡើងទៅតុ ហើយបង្អោនក្បាលសម្របរូបតូច ចូលក្នុងដប បាននោះហោង។
ឯអ្នកប្រាជ្ញ កាលបើយល់ ខ្មោចចូលក្នុងដប ដូច្នោះក៍ យកឆ្នុកចុកដប នោះ ជាប់ហើយលើកឡើងប្រកាសប្រាប់អស់មហាជនទាំងឡាយថា អ្នកទាំងឡាយ ចូលដឹងថា អានេះជាខ្មោច វាប្លែងខ្លួនធ្វើជាមនុស្ស មកធ្វើអំពើបរទារកម្ម យ៉ាងនេះយើង ពិសោធនេះ ដើម្បីឱ្យដឹងថា អាណាជាប្តីនាងនេះមែន ។ មនុស្សយើងធម្មតាឯណា នឹងចូលដបស្រានេះបាន ឥឡូវនេះ យើងរកក្តីពិតឃើញហើយ នាងនេះ ត្រូវប្រគល់ ទៅឱ្យចៅដើមចោទនោះចុះ ឯអាខ្មោចនេះ ទុកនៅស្រុកនេះពុំបានទេ។
Subscribe to:
Post Comments (Atom)
0 Responses to “រឿង ខ្មោចចូលដប”
Post a Comment