Wednesday, 24 June 2015

មហាចោរទល់ដែន(វគ្គ៤)

វគ្គទី៤៖សពស្នេហា
រាត្រីកំសត់កន្លងទៅដោយលំបាក។ បរិយាកាសក្នុងផ្ទះវិសេសក្លាហានឃើញថា តឹងតែងហួសប្រមាណ។ បុគ្គលវិសេសក្លាហានដេកសន្ធឹងគ្មានកម្រើក សំពត់សគ្របពីលើនាងទេវី នាងភួង ស្រ្ដីចាស់ខ្លះទៀតយំទ្រហឹងអឹងកង។ សកម្មភាពនៃមនុស្សក្នុងខ្ទមតូចនេះ ក៏មានខុសពីធម្មតា។ អ្នកជិតខាងមកកុះករជាច្រើន ខ្លះឈូសឈើ ខ្លះធ្វើក្ដារមឈូស ខ្លះជួយធ្វើម្ហូបអាហារ ខ្លះជួយចាត់ចែងការផ្សេងៗ ខ្វែងដៃខ្វែងជើង។ គេជជែកគ្នាអ៊ូអរ សំដែងសេចក្ដីអាណិតដល់អ្នកដែលស្លាប់ទៅ។ ព្រះសុរិយារះខ្ពស់បន្ដិចទៅហើយ ព្រះសង្ឃប្រាំអង្គនិមន្ដមក យូរបន្ដិចមក គេឮសូរធម៌លាយទៅក្នុងអាកាសអន្ដែតទៅតាមខ្យល់ ច្រានព្រលឹងនាងទេវីកំព្រាឲ្យទៅខ្ពស់តែអែង ដល់ស្ថានមួយដ៏ចម្លែកដែលអ្នកផងទៅមិនដល់។ សូរធម៌នាំឲ្យចិត្ដនាងរីកធំ ស្គឹកឆួលប្លែក សូរធម៌ចូលទៅក្នុងក្រឳចិត្ដនាង សូរធម៌នាំឲ្យកើតសង្វេគ ភ្លឹកភ្លាំងអស់ស្មារតី។ ធីតាចង់ឲ្យបិតានាងរស់ឡើងវិញ និយាយឡើងវិញ អង្គុយឡើងវិញ ដើរឡើងវិញ តែរូបកាយសពនៅធ្មឹងឥតធ្វើតាមចិត្ដនាងចង់នេះសោះ។ កញ្ញានឹកដល់ទឹកមន្ដដែលគេអាចប្រោសមនុស្សឲ្យរស់ជីវិតវិញបាន។ បើមានមែន កញ្ញានឹងយកមកធ្វើឲ្យឪពុកនាងរស់ដោយទឹកមន្ដនោះ ឲ្យឃើញយ៉ាងជាក់ស្ដែងឡើង។ បើបានដូចនោះមែន ម៉្លេះពុំដឹងជាសប្បាយយ៉ាងណាទេ។ តែគ្មានសោះ។ កញ្ញានឹកដល់សង្ខារឪពុក ដែលចេញពីរូបទៅពុំដឹងជាទៅណាហើយទេ។ តាមពាក្យចាស់គេថា មនុស្សស្លាប់ ព្រលឹងមិនទាន់ដឹងខ្លួនទេ ព្រលឹងនេះនៅវិលវល់ជិតៗនោះ ពេលយប់ដេកលើចុងឈើ ពេលថ្ងៃដើរលើលោកយើងនេះ។ តែដល់ផុតមួយអាទិត្យទៅ ព្រលឹងនេះទៅសោយសុខនៅឋានសួគ៌ រឺ ទៅសោយទុក្ខនាឋាននារក រឺ ទៅកើតទៀតនៅភពឋានកណ្ដាលយើងនេះ។ស្រីឆោមអាណិតឪពុកនាងយ៉ាងគ្រលួចក្នុងដួងចិត្ដ។ នាងចោទសួរទៅទៀតថា រឺមួយមនុស្សស្លាប់ទៅសូន្យសោះតែម្ដង។ បើពុំសូន្យទេគួរតែយកវត្ថុនេះ នោះមានអង្ករ ឆ្នាំង ទ្រព្យសម្បត្ដិ បុណ្យសក្ដិទៅជាមួយផងបាន។ នេះគ្មានយកអ្វីទៅបានសោះ វត្ថុដែលប្លុងនៅជ្រងោនឹងមុខនាង។ ប្រសិនបើមានព្រំដែន ពីសេចក្ដីរស់ទល់នឹងសេចក្ដីស្លាប់ ហើយបើមានគេអាចលាគ្នាបាន ម៉្លេះនាងសំពះលាឪពុកនាងរួចប្រុងប្រៀបរៀបចំបាយទឹក ស្បៀងអាហារ ចានក្បាន ខោអាវ ខ្នើយ មុងជូនលោកឪពុកនាងមិនខាន។ ឱ! ក្នុងពេលនេះហើយ ទើបនាងនឹករលឹកដល់ធម៌ព្រះពុទ្ធបរមគ្រូដែលអធិប្បាយហាក់ដូចលេងសោះថា ស្លាប់គឺធ្វើដំនើរចេញពីផ្ទះទៅដោយឥតប្រាប់អ្នកណា ដោយឥតយកអ្វី ដោយឥតគេមើលឃើញ ស្លាប់គឺចែកឋានគ្នាជាពីរស្រលះ។ ស្រីស្រស់ភ្ញាក់ស្មារតីទៀតថា ព្រោះហេតុនេះហើយបានជាឪពុកនាងពុំស្រលាញ់ទ្រព្យ រឺ បុណ្យសក្ដិ រឺ ប្រាក់កាសដូចគេ រួចបែរជាស្រលាញ់កេរ្តិ៍ឈ្មោះល្អវិញ។ ឱ ! មានតែកេរ្តិ៍ឈ្មោះល្អនេះទេ ដែលគង់វង្សនិត្យនៅជានិច្ចលើលោកនេះ។ វត្ថុនានាសឹងជាវត្ថុអនត្ដាដែលវិនាសអន្ដរាយទៅវិញទាំងអស់។ អ្នកព្យាយាមប្រមូលធន ឪពុកនាងប្រមូលកិត្ដិនាម។ អ្នកផងឱបក្រសោបទ្រព្យធ្វើជាដើមទុន ឪពុកនាងទុកឈ្មោះដើមទុន។ កញ្ញាទេវីយល់ថា ឪពុកនាងមានចិត្ដខ្ពស់ពិតមែន ត្បិតលោកស្គាល់តម្លៃពិតរបស់ជីវិតមនុស្ស ហើយបានដើរផ្លូវត្រូវផង។ អាស្រ័យហេតុនេះ កំលាំងមួយហាក់មកសណ្ឋិតក្នុងខ្លួននាង ធ្វើឲ្យឆវីកម្សត់រីកកាយរួចជឿថា ឪពុកនាងមុខជាទៅកើតនៅឋានសួគ៌បានសប្បាយមិនខាន ពីព្រោះក្នុងលោកយើងនេះ ក្នុងសង្គមខ្មែរយើងនេះ ចំពោះជនជាតិខ្មែរយើង ឪពុកនាងបានបូជាពលិកម្មគ្រប់យ៉ាងស្រេចអស់ហើយ។ ទឹកភ្នែករីករាយពីរដំនក់ហូរធ្លាក់ពីភ្នែកនាង។ នៅវេលាថ្ងៃបែរបន្ដិច ក្ដារមឈូសរបស់លោកវិសេសក្លាហានដើរព័ទ្ធជុំវិញប៉ាឆាចំនួនបីជុំ ដូចតែក្ដារមឈូសមនុស្សឯទៀត រួចឡើងយឺតៗ ទៅទំនៅលើគំនរឧស។ អគ្គីឆាបឆេះឡើងចោលអណ្ដាតធ្លោកាន់តែខ្លាំងឡើង។ ភ្លើងឆេះឧសទេ តែដូចឆេះបន្ដូលចិត្ដទេវី។ ធីតាគយគន់មើលសព្វគ្រប់ទាំងអស់ តាំងពីកម្ទេចភ្លើងដែលហុយឡើងទៅលើអាកាស ដោយពុំលែងភ្នែកចោលឡើយ។ យុវតីចង់ផុតយំហើយ នាងរង់ចាំស្វាមីសម្លាញ់របស់នាង តែពុំទាន់ឃើញមកសោះ។ភ្លើងឆេះកាន់តែខ្លាំងឡើង នាងទេវីឆួលរអាក់រអួលកាន់តែខ្លាំងឡើងដែរ។ កល្យាណអាណិតឪពុកនាង ដែលឥលូវដូចគល់ឧសមួយដែរ។ ស្រីជូនលោកមកបានតែត្រឹមប៉ាឆានេះទេ។ ចាប់ពីពេលនេះទៅ នាងអស់បានឃើញមុខលោកទៀតហើយ។ ទឹកភ្នែកដែលខះក៏ស្ទុះបម្រាសបានពីរបីតំណក់ទៀតចេញមកក្រៅជាចុងក្រោយបង្អស់។ នារីហាក់ឃើញព្រលឹងឪពុកនាង ឡើងពីមឈូសទៅតាមផ្សែងភ្លើង។ រួចមានពួកមច្ចុរាជមាឌធំៗ មាំៗ មកនាំឪពុកនាងទៅ។ អគ្គីឆេះរូបវិសេសក្លាហានដែលមានសាច់របេះ ឆេះឮសូរគួរឲ្យព្រឺក្បាល។នាងទន្ទេញក្នុងចិត្ដថា ឪពុកនាងកើតឡើងជាខ្មែរ បានធ្វើការជូនជាតិខ្មែរ បានរស់ក្រលំបាកដូចខ្មែរអែទៀត រួចបានស្លាប់ទៅវិញជាខ្មែរជាខ្មែរស្នេហាជាតិទៀតយ៉ាងពិតប្រាកដ។ អនុស្សាវរីយ៍និមួយៗ រឿងនីមួយៗ ដែលផុសឡើងក្នុងមនោគតិរបស់នាងទេវីសុទ្ធសឹងជាវត្ថុដ៏ថ្លៃថ្លូរដែលមកទង្គិច និងចំណុចខ្សោយនៃចិត្ដរបស់នាង។ភ្លើងឆេះ នាងមើលភ្លើង នាងស្គាល់សូរសាច់ដែលផ្ទុះ នាងរកាំណាស់ តែអនុស្សាវរីយ៍នៃជីវិតឪពុកនាងចេះតែមានមកហូរហែបន្ដៗគ្នា។ រឿងនីមួយៗ ដែលនាងនឹកឃើញសុទ្ធសឹងជារឿងដែលទាញទឹកចិត្ដឲ្យទោរទន់ល្វីងចត់ប៉ុណ្ណោះ។ ឱ ! ជីវិតមនុស្សគិតទៅអស្ចារ្យមែន កើតមកមានប្រុសស្រី ក្មេង ចាស់ មានស្លាប់ មានកើត មានឈឺ មានជរា។ រីឯសន្ដានចិត្ដវិញក៏ប្លែកដែរ។ ចិត្ដកូនចំពោះឪពុកម្ដាយមានជំរៅមួយបែបទៅ។ ចិត្ដប្ដីចំពោះប្រពន្ធមានទម្ងន់មួយបែបទៅ។ចិត្ដគូសង្សារស្រលាញ់គ្នាមានអាថ៌កំបាំងដែលជាក់ជានិច្ច។ ឯចិត្ដទាំងអស់នេះប្រទាក់ប្រទងគ្នាយ៉ាងក្រៃអនេក។ នៅលើចំណងដែលជំពាក់គ្នាស្មុកស្មាញនេះមានទង់ពីរ គឺទង់ទុក្ខ និងទង់សុខ។ ទង់ទាំងពីរនេះរលុបរលាយនៅពេលតែមួយដូចៗគ្នាក្នុងគ្រប់រូបមនុស្ស រឺសត្វ គឺសេចក្ដីស្លាប់។ អាស្រ័យហេតុនេះអ្នកប្រាជ្ញទាំងឡាយដែលចំណានខាងវិជ្ជាគ្រប់គ្រងមនុស្សតើលទ្ធិណា មានជំរៅជាងគេដែលអាចដោះស្រាយបញ្ហាជីវិតមនុស្សឲ្យបានស្ដាល់តែសុខមួយមាត់?។ តាមយើងដឹង សព្វថ្ងៃមានលទ្ធិពីរដែលមានទ្រិស្ដីចោទបញ្ហានេះចំពីមុខគឺលទ្ធិមនុស្សដែល មនុស្សធ្វើ និង លទ្ធិព្រះដែលព្រះតែង។ លទ្ធិមនុស្សរកសុខឲ្យមនុស្សដោយប្រឹងប្រែងដោះស្រាយចំណោទសេដ្ឋកិច្ច ប្រើវិទ្យាសាស្រ្ដបង្កើតផលឲ្យបានបរិបូណ៌ រួចធ្វើវិភាគកម្មចែកផលនោះឲ្យមនុស្សគ្រប់ៗគ្នា មានស៊ី មានផ្ទះនៅ មានសម្លៀកបំពាក់មានថ្នាំពេទ្យ មានសំភារៈប្រើប្រាស់គ្រប់យ៉ាង។ លទ្ធិនេះនឹកស្មានថា ធ្វើបានប៉ុណ្ណោះ មនុស្សបានសុខផុតអស់ទុក្ខហើយ។ សួរថា តើអស់ត្រឹមប៉ុណ្ណោះ រឺអ្វី រឿងមនុស្សនោះ? ឱ ! ទេមិនទាន់អស់ទេ លទ្ធិព្រះគិតដូចខាងលើនេះដែរ តែដល់ពេលនោះ ព្រះបន្ដទៀតថា មនុស្សរកសុខមួយទៀត គឺសុខគ្មានទុក្ខពិតៗ មែនៗសុខនេះគឺព្រះនិព្វាន។ ហេតុនេះ មានតែលទ្ធិព្រះទេ ទើបចប់ចុងចប់ដើម គឺឋានព្រះនិព្វានជាឋានគ្មានរូបគ្មានខន្ធ គ្មានតណ្ហា ជាស្ថានសន្ដិភាពពិតៗ។ គឺឋានអស់កើត អស់ស្លាប់ អស់ទុក្ខ មានសុខតែមួយជាទីអវសាន។ ទស្សនៈដូចមានខាងលើនេះជាទស្សនៈដែលកើតក្នុងមនោគតិនាងទេវី ព្រោះសមុទ្រទុក្ខធ្វើឲ្យមនុស្សចេះគិត។ លុះល្ងាចជ្រេព្រះសុរិយា នាងទេវីរើសឆ្អឹងខ្មោចឪពុកជាទីស្នេហាមកទុកដាក់អែទីវត្ដអារាមតាមសមគួរ។ នៅផ្ទះនាងភួងជួយលក់ដូររកប្រាក់ចញ្ចឹមនាង។ ចំនែកមានន្ទប្ដីនាង បាត់សូន្យមិនឃើញសោះ៕

0 Responses to “មហាចោរទល់ដែន(វគ្គ៤)”

Post a Comment