Friday, 26 June 2015
រឿង ប្រើស រមិលគុណ
Do you like this story?
មានព្រានព្រៃម្នាក់ចិញ្ចឹមជីវិតដោយការប្រមាញ់សត្វព្រៃ។ ថ្ងៃមួយគាត់ចូលព្រៃបរបាញ់សត្វតាមធម្មតា ក្រឡេកទៅ ឃើញប្រើសមួយក្បាល កំពុងស៊ីស្មៅយ៉ាងភ្លើតភ្លើនភ្លេច ខ្លួនក៏ត្រៀមស្នាលបៗ ដើរចូលទៅជិត ដើម្បីបាញ់ឲ្យត្រូវ គោលដៅ ចៃដន្យទៅជាន់មែកឈើស្ងួតធ្វើឲ្យប្រើសភ្ញាក់ ខ្លួនព្រើតស្ទុះរត់យកព្រះអាយស នាយព្រានក៏ដេញតាមជាប់ៗ។
ប្រើសរត់កាត់តាមដើមឈើទៅមួយសន្ទុះក៏បានឃើញព្រៃរបោះមួយគុម្ពធំទើប លោតចូលទៅ ពួនសម្ងំស្ងៀម ដកដង្ហើមស្ទើរមិនដល់គ្នា ។ នាយព្រាន ក៏រត់ដេញតាម ប្រើសមកដល់ព្រៃរបោះនោះតែមិនបានចាប់អារម្មណ៍ថាប្រើសពួននៅទីនោះឡើយទើប រត់ហួសទៅ។ ចំណែកប្រើសឃើញព្រានព្រៃ រត់ហួស ទៅហើយក៏ក្រាបសម្ងំស្ងៀមរហូត បាត់ហត់បាត់ភ័យហើយក៏សង្កេតឃើញគុម្ពឈើដែលខ្លួនកំពុងពួននៅទីនោះមានស្លឹក ត្រួយខ្ចីកំពុងលាស់ ទ្រុបទ្រល់ពេញដើម ទើបគិតថា ពិតជាសំណាងខ្លាំងណាស់ដែល អាត្មាអញបានមកលាក់ខ្លួនពួនអាត្មានៅក្បែរដើមឈើដែលមានស្លឹកខ្ចីជាអាហារដ៏មាន ឱជារសដូច្នេះ ទើប សម្ងំប្រឡេះស្លឹកឈើឆី យ៉ាងភ្លើតភ្លើន រហូតភ្លេចរឿងអន្តរាយដែល ទើបកន្លងផុតទៅ ស្លឹកឈើខ្ចី ក៏រលោះអស់ទៅៗ បណ្តាលឲ្យកើតជា ប្រហោងត្រង់នេះ បន្តិចត្រង់ នោះបន្តិចតែប្រើស ក៏នៅមិនដឹងថា ខ្លួនឯងកំពុង ធ្វើអ្វី។ចំណែកនាយព្រាន រត់តាមប្រើសទៅមួយសន្ទុះឃើញថាមិនទាន់ ទើបត្រឡប់ក្រោយតាមផ្លូវចាស់ឆ្លងកាត់ តាមគុម្ពឈើនោះឯងវិញ ហើយសង្កេតឃើញគុម្ពឈើយោលយោកទៅមកក៏លបៗចូល ទៅមើលជិតៗ ក៏ឃើញប្រើសកំពុងស៊ីស្លឹកឈើយ៉ាងភ្លើតភ្លើន ទើប តម្រង់ស្នាបាញ់ភ្លាម ដោយប្រើសនោះ មិនទាំងដឹងខ្លួនផងគ្រាប់ព្រួញក៏ដោតជាប់នៅលើកប្រើសល្មម។
លុះត្រូវព្រួញប្រើស ក៏ស្ទុះក្រោក តែក៏មិនទាន់ ស្លាប់ភ្លាមដឹងថាខ្លួនឯងធ្វើខុសហើយដែលស៊ីស្លឹកឈើខ្ចីរបស់គុម្ពឈើរហូតកើត ប្រឡោះឲ្យនាយព្រានមើលឃើញខ្លួនបាន។ មុននឹង ស្លាប់ប្រើស បានស្រែក ឧទានឡើងថា “ បុគ្គលអង្គុយ រឺដេកក្រោមម្លប់ឈើណាមិនគប្បីកាច់មែករឺក្តិចស្លឹកឈើនោះ ព្រោះអ្នកដែលធ្វើដូច្នោះឈ្មោះថាជាបុគ្គលប្រទុសរ៉ាយមិត្ត យើងត្រូវមកស្លាប់ ព្រោះរមិលគុណចំពោះគុម្ពឈើដែលបានអាស្រ័យរួចជីវិតមកហើយ” ពោលបានប៉ុណ្ណេះក៏ក្ស័យជីវិតទៅ។
Subscribe to:
Post Comments (Atom)
0 Responses to “រឿង ប្រើស រមិលគុណ”
Post a Comment