Wednesday, 24 June 2015
រឿង ប្រវត្តិតាព្រហ្ម
Do you like this story?
យើងតែងតែលឺសូរឈ្មោះតាព្រហ្មជាញឹកញាប់ នៅក្នុងវប្បធម៌ និង អរិយធម៌ខ្មែរ ហើយប្រាសាទខ្មែរមួយចំនួន ក៏មាន ឈ្មោះ ជាប្រាសាទតាព្រហ្មដែរ។ តាមពិត តាព្រហ្មនេះ មិនមែនជា ព្រះអាទិទេព នៅក្នុងព្រហ្មញ្ញសាសនានោះទេ ក្នុងពង្សាវតារ ខ្មែរ យើងអាចកត់សំគាល់ឃើញមាន តួអង្គតាព្រហ្មដល់ទៅពីរ
១. គឺតាព្រហ្មណ៍ រឺ អង្គព្រហ្មណ៍ ព្រះរាជបុត្រព្រះកេតុមាលា
២. តាព្រហ្មឈ្មួញគោ ដែលជាព្រះមហាក្សត្រ ក្នុង សម័យក្រោយ
នៅក្នុងសៀភៅ ប្រជុំរឿងព្រេងខ្មែរភាគទី៥ ក្រោមចំនងជើង រឿងតាព្រហ្មនៅវត្ដ នគរបា ជ័យ នៅខេត្ដកំពុងចាម គេមាននិយាយចែងចងមកថា បុរសម្នាក់ឈ្មោះព្រហ្ម ជាកូន ស្ដេចក្រាញ់ក្រោយដែលបានបែកចេញអំពីអូវពុកម្ដាយ ទៅរៀនសូត្រស្រុកចិនអស់ រយៈពេល៣ឆ្នាំមក ហើយកាលបើបានវិលត្រលប់មកស្រុកកំនើតវិញ បានមកស្រលាញ់ រៀប ការរួមរស់នៅជាមួយ និងម្ដាយបង្កើត។
អំពីអង្គព្រហ្ម
កាលនោះក្នុងឆ្នាំរកា ព្រះកេតុមាលាបានធ្វើដំនើរតាមទន្លេ ចេញក្បួនទូកពីព្រះមហានគរ យាងទៅក្រសាលក្នុងភូមិ ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងខេត្ដទន្លេបាទី ។ ចៅហ្វាយ ខេត្ដ និង នាម៉ឺនមុខមន្រ្ដីទាំងពួង បាននាំគ្នារៀបចំសង់ ដំនាក់ថ្វាយព្រះអង្គ នៅជាប់មាត់ ទន្លេ បាទី អ្នកតូចអ្នកធំជិតឆ្ងាយ មានទាំងសេដ្ឋី មានទាំងប្រជាពលរដ្ឋ ប្រុសស្រីក្មេង ចាស់បាននាំគ្នាយកដង្វាយសួយសារអាករមកថ្វាយ និង គាល់ព្រះអង្គ ក្នុងចំនោមនោះ នាងពៅបុត្រីមហាសេដ្ឋី ក៏បានធ្វើ ដំនើរមកគាល់ព្រះរាជាដែរ។ នាងមានសំរស់រូបឆោម លោមពណ៌សម្ជស្សសមស្អាតស្រស់ល្អល្អះ លើសផុតនារីទាំងពួង។ គ្រាន់តែក្រលេកឃើញនាងពៅភ្លាមកាលណា ព្រះកេតុមាលាក៏រំភើបចាប់ចិត្ដស្នេហា និយាយផ្ដោះផ្ដងសាកសង អិតរុញរា។ ចំនែកសេដ្ឋីជាអូវពុកម្ដាយ កាលបើយល់ឃើញ ជាក់ច្បាស់ថា ស្ដេចបានចាប់ចិត្ដស្រលាញ់បេតីកូនក្រមុំ របស់ខ្លួនហើយ មានសេចក្ដីរីក រាយសោមនស្សអិតអុបមា បាននាំគ្នាសុខចិត្ដសុខកាយ លើកកូនស្រីថ្វាយទៅព្រះមហា
ក្សត្រ ទុកអោយធ្វើជាភិលៀងបំរើព្រះអង្គតាមតែព្រះហរិទ័យ។ ព្រះកេតុមាលាបាន រស់នៅជាមួយនាងពៅ អស់ជា ច្រើនខែរហូតទាល់តែព្រះនាងទ្រង់គភ៌។ ថ្ងៃមួយព្រះ អង្គត្រូវយាងត្រលប់ចូលទៅព្រះមហានគរវិញ ដោយនឹកអាណិត អាសូរដល់ មាតា បិតាក្មេកដែលកាន់តែចាស់ជរា ព្រកេតុមាលាមិនដាច់ចិត្ដនាំនាងពៅទៅ មហានគរ ជាមួយទេម្យ៉ាងវិញទៀត នាងពៅទ្រង់គភ៌ផង ដែលជាហេតុនាំមក នូវផលវិបាកផ្សេងៗ ក្នុងការធ្វើដំនើរ។ មុននឹងចេញដំនើរ ព្រះអង្គបាន ប្រទានទ្រព្យធនជាច្រើនដល់ អូវពុក ក្មេកម្ដាយក្មេក ចំពោះនាងពៅ ព្រះអង្គបានដោះព្រះទំរង់មួយវង់ពីម្រាមដៃ ប្រទាន ហុយទៅអោយ ទុកជាចំនងដៃ និងភស្ដុតាងបញ្ជាក់ក្រសែស្ដេច ចំពោះបុត្រដែលនឹង ត្រូវប្រសូត្រ។
ឆ្នាំជូត នាងពៅប្រសូត្រ បានបុត្រមួយព្រះអង្គ ដែលព្រះនាងបាដាក់ឈ្មោះថាអង្គព្រហ្ម។ ឈ្មោះអង្គព្រហ្មមាននៅតែក្នុង ពង្សាវតារសំដេចវាំងជួនមួយ តែប៉ុណ្ណោះ រីអែពង្សាវតារ ឯទៀតមិនបានកត់ត្រាឈ្មោះ និងរៀបរាប់សំគាល់ត្រង់ចំនុចនេះទេ។
ក្នុងបញ្ហាបុត្រាបុត្រីព្រះកេតុមាលា ពង្សាវតារខ្មែរទាំងអស់ មិនបានយល់ស្របចុះសំរុង គ្នាទេ។អែកសារនិមួយៗ សុទ្ធ តែកត់ត្រាប្រវត្ដិផ្សេងៗខុសអំពីគ្នា ពង្សាវតារសំដេចវាំង ជួនបានបញ្ជាក់ថា ព្រះកេតុមាលា និង ព្រះនាងពិនសុវណ្ណបាន បុត្រច្បងមួយឈ្មោះ ទេវង្សកុមារអង្គព្រហ្មជាបុត្រទីពីរ បន្ទាប់មកគឺ ព្រះអង្គទេវេស ជាបុត្រទីបីរបស់ព្រះ កេតុមាលាជាមួយនិងព្រះអង្គម្ចាស់ក្សត្រី កោសុមកេស្សរា ដែលបានប្រសូត្រក្នុងឆ្នាំ ម្សាញ់។
កាលនោះ អាយុបាន២១ឆ្នាំ គឺនៅក្នុងឆ្នាំវក អង្គព្រហ្មបានទៅសុំអនុញ្ញាតិអំពីម្ដាយនាង ពៅដើម្បីសុំធ្វើដំនើរទៅព្រះមហានគរ រកចូលជួបព្រះបិតា។ នាងពៅជាម្ដាយបានយល់ ព្រមទៅតាមបំនងកូន ហើយក៏បានយកចិញ្ចៀនដែលព្រះកេតុមាលាទុកប្រគល់អោយ កូនសំរាប់ធ្វើជា សាក្ខីភាពបញ្ជាក់ថា អង្គព្រហ្មជាកូនព្រះមហាក្សត្រពិតមែន។ ក្រាបថ្វាយ បង្គំលាម្ដាយស្រេច ហើយកាលណា អង្គព្រហ្ម, ដោយមានអ្នកបំរើ ៩នាក់ហែហមអម ដំនើរផងនាំគ្នាជិះសេះ ធ្វើដំណើរ សំដៅតំរង់ទៅព្រះមហានគរ។ ទៅដល់ព្រះមហានគរ អង្គព្រហ្មបានចូលទៅគាល់ បិតាហើយរៀបរាប់គ្រប់អស់ហេតុផល និង គ្រប់អស់កិច្ចការ ទូលថ្វាយព្រះកេតុមាលាសន្ដាប់តាមដំនើរ។ ទ្រង់ជ្រាបអស់សេចក្ដី ព្រះមហាក្សត្រ គ្មានក្ដីមន្ទិលសង្ស័យអ្វីឡើយ។ ព្រះអង្គសប្បាយត្រេកអរសាទរណាស់ ហើយចាត់ចែងអោយពួក សេនាអាមាត្យរៀបចំសាងប្រាសាទមួយយ៉ាងល្អប្រណិតនៅជិតនគរវត្ដទុកថ្វាយដល់បុត្រ ប្រាសាទនេះតាមពង្សាវតារសំដេចវាំងជួន គឺប្រាសាទអង្គព្រហ្ម ដែលបន្ទាប់មកក្លាយទៅជាប្រាសាទតាព្រហ្មរហូតដល់សព្វថ្ងៃ។ ចំនែកអែអង្គ ព្រហ្មវិញជាមួយនិងបងព្រះទេវង្ស និងប្អូនព្រះទេវេស ព្រះអង្គនៅបំរើបិតា ជារៀងរាល់ថ្ងៃ អិតបីហ៊ានធ្វេសប្រហែសឡើយ។
ថ្ងៃមួយ, ព្រះកេតុមាលាទ្រង់បានព្រះតំរិះ គិតយល់ឃើញថាកូនព្រះអង្គទាំងពីរ ព្រទេវង្ស និងព្រះទេវេស សុទ្ធតែមានម្ដាយក្រុមគ្រួសារនៅក្បែរជុំជិតគួរអោយកក់ក្ដៅ សប្បាយរីក រាយណាស់ លើកលែងតែអង្គព្រហ្ម ដែលនៅកំព្រាដាច់ស្រយាលឆ្ងាយអំពីម្ដាយ និង ក្រុម គ្រួសារញាតិសន្ដាន គិតឃើញដូច្នេះ ព្រះកេតុមាលាក៏សំរេចចិត្ដ តែងតាំងអង្គព្រហ្ម ជាព្រះ វង្សអន្តិកចៅហ្វាខេត្ដបាទី។ ដូច្នេះអង្គព្រហ្មនិងមានអោកាសវេលា ថែរទាំទំនុកបំរុងម្ដាយផងគឺនៅ ឆ្នាំមមីក្នុងព.ស ៩២៦ ត្រូវជាគ.ស៣៨២ កាលនោះអង្គព្រហ្មបានអាយុ៣១ឆ្នាំ។
អង្គព្រហ្ម, បានគ្រប់គ្រងខេត្ដបាទីដោយសុខសន្ដិភាពចំរុងចំរើន និង សំបូណ៌សប្បាយ ត្រជាក់ត្រជុំ។ ព្រះអង្គបានកសាងសង់ប្រាសាទមួយអំពីថ្ម នៅនាមាត់ទន្លេបាទី ផ្នែកខាង ត្បូងសំរាប់ព្រះអង្គគង់ប្រថាប់នៅ។ នៅខាងជើងនេះបន្ដិច ព្រះអង្គ បានសាង ប្រាសាទ មួយទៀតសំរាប់ថ្វាយដល់ម្ដាយព្រះអង្គ គឺ នាងពៅ ដើម្បីទុកធ្វើជាកន្លែងសក្ការៈ គោរព បូជា។រហូតមកដល់សព្វថ្ងៃ នៅស្រុកទន្លេបាទីក្នុងខេត្ដតាកែវ ប្រាសាទអង្គព្រហ្មបានក្លាយ ឈ្មោះទៅជាប្រាសាទតាព្រហ្ម ហើយ ប្រាសាទនាងពៅ ទៅជាប្រាសាទយាយពៅ។
ប្រវត្ដិប្រាសាទតាព្រហ្មយាយពៅ មានលំនាំរឿងប្រហាក់ប្រហែលគ្នា ទៅនឹងរឿងព្រេង និទានដែលគេធ្លាប់បានកត់ត្រាទុកមកដែរ។ រឿងព្រេងនិទាននេះបានដំនាលថា កាល នោះ,ថ្ងៃមួយព្រះកេតុមាលាបានយាងមកក្រសាលលេងនៅខេត្ដ ទន្លេបាទី។ នៅទីនោះ មាននារីក្រមុំម្នាក់ឈ្មោះនាងខ្មៅ ខ្លាំងពូកែខាងបោកចំបាប់។ នាងបានប្រកាសថាសុខ ចិត្ដយកមក ធ្វើជាប្ដី បុរសណាដែលមានសមត្ថភាពអាចយកជ័យជំនះលើនាងបាន។ ដឹងលឺសូរដូច្នោះ ព្រះមហាក្សត្រខ្មែរ ព្រះកេតុមាលា ក៏ចេញទៅសាកល្បងបោកចំបាប់ និងនាងខ្មៅ នាងខ្មៅ មិនអាចយកឈ្នះលើព្រះអង្គបានឡើយ។ នៅទីបំផុត នាងសុខចិត្ដ ចុះចាញ់ព្រះរាជា ហើយក៏បានយល់ព្រមធ្វើជាភីលៀង បំរើព្រះអង្គរៀងដរាបមក។ ជា មួយនិងព្រះកេតុមាលា ព្រះនាងខ្មៅបានព្រះរាជបុត្រមួយអង្គព្រះនាមព្រហ្មកុមារ។
ធំដឹងក្ដីកាលណា ព្រះព្រហ្មកុមារបានយាងទៅមហានគរ ដើម្បីជួបគាល់ព្រះបិតា។ ដល់ត្រលប់មកខេត្ដបាទីវិញនៅតាម ដងមាត់ទន្លេបាទី, ព្រះអង្គបានជួបនិងនាងពៅ កូនក្រមុំសេដ្ឋី ដែលមានសម្ជស្សសំរស់បំព្រង សែនសមស្អាតល្អឥតខ្ចោះ នឹង រកនារី អែណាមកប្រៀបផ្ទឹមប្រដូចមិនបានឡើយ ព្រះអង្គក្រលេកឃើញភ្លាម ក៏ចាប់ចិត្ដប្រតិ ព័ទ្ធស្នេហាមួយរំពេច អិតមានបង្អង់អោយខាតពេលយូរ ព្រះអង្គបានចាត់ អោយចាស់ ទុំចូលស្ដីដន្ដឹង ស្នើសុំរៀបចំអភិសេកជាមួយនាងពៅ តាមក្បួនច្បាប់ក្រិត្យក្រមប្រពៃណី។
ប៉ុន្ដែបើតាមការនិទាន ដែលមានតៗគ្នាមក គេបានដឹងថាកាលនោះ, ស្នេហារវាងព្រះព្រហ្ម កុមារនិង នាងពៅមិនមានបានសំរេចដោយងាយៗនោះទេ គឺមានលក្ខណ មួយដែលកំនត់ អោយមានការប្រកួតប្រជែងគ្នាជាមុនសិន រវាងអង្គព្រហ្ម និង នាងពៅ ក្រុមបុរសរបស់អង្គ ព្រហ្មនិង ក្រុមនារីរបស់នាងពៅ ត្រូវនាំងគ្នាប្រណាំងសង់ប្រាសាទមួយ អោយហើយ ក្នុង រយៈពេលតែមួយយប់មុនថ្ងៃរះ។ គឺត្រូវអោយហើយចប់នៅពេលណាដែលផ្កាយព្រឹករះ។
ពេលទៀបជិតភ្លឺ តែផ្កាយព្រឹកមិនទាន់រះទេ ក្រុមស្រ្ដីបានប្រើល្បិច បង្ហូតភ្លើងគោមបញ្ឆោត ធ្វើអោយមើពីចំងាយ ឃើញជាក់ជាផ្កាយព្រឹក។ ឃើញដូច្នេះ ក្រុមបុរសដែលស្ថិតនៅ ក្រោមបញ្ជារបស់អង្គព្រហ្ម ក៏នាំគ្នាឈប់សំរាក លែងសង់ប្រាសាទតទៅទៀត។ ចំនែកខាង នាងពៅវិញគេនៅតែនាំគ្នាខំប្រឹងប្រែងបន្ដការសង់ប្រាសាទរហូតទាស់តែហើយ។ ត្រង់នេះ ហើយដែលចាស់ៗតែងតែនិយាយពោលតៗគ្នាមកដល់សព្វថ្ងៃថា ដោយសារបុព្វហេតុនេះ ទើបបានជាយើងឃើញប្រាសាទតាព្រហ្មសង់មិនទាន់ហើយ មានដុំថ្ម នៅគរពាសវាល ពាសកាល គឺមានតែប្រាសាទយាយពៅទេ ដែលបានសង់ហើយ ចប់ស្រេចបាច់ដោយ ត្រឹមត្រូវ៕
Subscribe to:
Post Comments (Atom)
0 Responses to “រឿង ប្រវត្តិតាព្រហ្ម”
Post a Comment