Wednesday, 24 June 2015

រឿង សម្លញ់២នាក់

កាលពីព្រេងនាយ មានបុរសពីរនាក់ជាសំលាញ់នឹងគ្នា និយាយសន្យាគ្នាថា «កាលបើយើងមានប្រពន្ធហើយ អែងក្ដីអញក្ដី បើមានទ្រព្យសម្បត្តិត្រូវយើង ចិញ្ចឹមគ្នាទៅ វិញទៅមក»។ សន្យាគ្នាហើយយូរបន្តិចទៅសំលាញ់ មួយមានប្រពន្ធគ្រប់លក្ខណ៍ សំលាញ់មួយទៀតមាន ប្រពន្ធខាតលក្ខណ៍។ បុរសដែលមានប្រពន្ធគ្រប់លក្ខណ៍នោះ ​វេលាយប់ចូលដំនេក និយាយគិត គ្នាប្ដី ប្រពន្ធថា «យើងរកស៊ីអីអោយមានឆាប់»។ ប្រពន្ធឆ្លើយថា “អ្នកចង់រកស៊ីអី រឺប្រើខ្ញុំអោយត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទទឹងទាស់ចិត្តអ្នកទេ»។ លុះកន្លងមកពេលចូលដំនេកយប់ក្រោយទៀត ប្ដីនិយាយនឹងប្រពន្ធថា «នាងអើយ បងគិតឃើញរបរមួយមុខ បើបានដូចគំនិតនឹងបានមាសប្រាក់ ផ្ដិល តុ ថាស ដោយ ងាយ»។ ប្រពន្ធសួរប្ដីថា «គិតធ្វើដូចម្ដេចក៏បានងាយម្លេះ? » ។ ប្ដីប្រាប់ប្រពន្ធថា “ក្នុងសមុទ្រមានសំពៅអ្នកជំនួញគ្រប់ប្រទេស ខ្លះសុខសប្បាយខ្លះលិចលង់ច្រើនឆ្នាំ មកហើយរបស់ទ្រព្យសព្វសារពើ​មាសប្រាក់កប់​នៅបាតសមុទ្រនោះច្រើន យើងគិត នាំគ្នាទៅបាចទឹកសមុទ្រនោះអោយរីងក្រ អ្វីមាសប្រាក់គ្រប់មុខនោះ បើបានត្រីធំ តូចយើងវះធ្វើងៀត ធ្វើផ្អក ប្រហុក ព្រឹកនេះនាងឯងដាំបាយដួសដាក់កញ្ជើអោយ មានម្ហូបនិងស្លាម្លូផង ព្រហាមយើងទៅបាចទឹកសមុទ្រអោយរីង»។ ប្រពន្ធលឺប្ដី ប្រាប់ហើយក៏ធ្វើតាមបង្គាប់ប្ដី។ លុះព្រឹកឡើងរៀបគ្រប់ ប្រដាប់រួចក៏នាំគ្នាទៅដល់ មាត់សមុទ្រ ហើយទុកដាក់ម្ហូបចំនីដោយស្រួល ទើបប្ដីកាន់កញ្ជើ១ ប្រពន្ធកាន់កញ្ជើ ១ខំបាចជះទឹកទៅលើគោកបាចទាល់តែពេលបាយទើបឈប់បរិភោគ បរិភោគបាយ រួចនាំប្ដីប្រពន្ធបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញ។ បាចបានចំនួន ៤ថ្ងៃប្ដីក៏ ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថា «ទឹកស្រកសន្ដកហើយនាង»។ ប្រពន្ធឆ្លើយថា “បើដូច្នោះយើងខំបាចទៅយូរណាស់កន្លះខែទៀតមុខជារីងហើយ យើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់ មួយទៀតសំពៅ ទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះ យើងត្រូវកាយយកប្រាក់មាស តុ ថាស ចានក្បាននៅក្នុងសំពៅនោះមិនដឹងបើយកទៅណាអស់ទេ» ថារួចដល់ល្ងាចត្រលប់ មកផ្ទះវិញ។ ព្រឹកឡើងនាំគ្នាទៅបាចទៀត​ហើយនិយាយតែ​ពាក្យ​ដដែលៗដូចថ្ងៃ មុន។ ហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់លឺដឹងដំនឹងសព្វគ្រប់ ភ័យបារម្ភណាស់ជំនុំគ្នាថា «យើងមុខជាស្លាប់ម្ដងហ្នឹងយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់រួចជីវិត គិតហើយនាំគ្នាមុជហែលទៅដល់ស្ដេចត្រីទូលតាមដំនើរដែលបុរសប្ដីប្រពន្ធមក បាចទឹកសមុទ្រនោះ។ ស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទៅទូលនោះថា «ឯងរាល់គ្នាពាំយក មាសបាន ៥ក្រឡ ប្រាក់ ៥ក្រឡ និង តុ ថាស ផ្ទិល ចាន ទៅ ឲ្យបុរសប្ដីប្រពន្ធ អង្វរគេអោយលែងបាចទឹកសមុទ្រទៅ”។ ត្រីទាំងនោះក៏យកវត្ថុ គ្រប់ ចំនួនតាមស្ដេច ត្រីបង្គាប់រួចនាំគ្នាពាំហែលមកដល់បុរសប្ដីប្រពន្ធ អង្វរសូម អោយលែងបាចទឹកសមុទ្រ ត្រីទាំងនោះក៏ហាមាត់ខ្ជាត់ ក្រឡ មាសប្រាក់តុថាស ផ្ទិលចានអោយបុរសប្ដីប្រពន្ធ។ បុរសប្ដីប្រពន្ធមានសេចក្ដីត្រេកអរពន់ពេកក៏ឈប់ លែងបាចទឹកពីថ្ងៃនោះ នាំប្ដីប្រពន្ធរែកជញ្ជូនទៅទុកផ្ទះត្រាតែអស់។ បុរសប្ដី ប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើន ថ្កើនរុងរឿងបានសេចក្ដីសុខរៀងទៅ។ ពណ៌នាពី សំលាញ់ដែលមានប្រពន្ធខាតលក្ខណ៍គាត់ភ្នកនឹករលឹកដល់សំលាញ់ហើយនាំប្រពន្ធ ទៅលេងផ្ទះសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍លុះដល់លើផ្ទះគេក៏រាប់អានចាប់ ចិត្តស្និតស្នាល ​ដូចពីដើមគាត់គន់ មើលរបស់ ទ្រព្យប្រដាប់ប្រដា ក្នុងផ្ទះហើយនឹកក្នុង ចិត្តថា «ពីដើមសំលាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេ ឥលូវនេះគេរករបរអ្វីក៏ មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ គិតហើយ​ត្អូញប្រាប់សំលាញ់ដែលមានទ្រព្យ សម្បត្តិថា «សំលាញ់អើយ ! អញសព្វថ្ងៃនេះក្រលំបាកណាស់សំលាញ់អែងរក ស៊ីជំនូញអ្វីក៏ មានទ្រព្យសម្បត្តិច្រើនម្ល៉េះ ? »។ សំលាញ់ដែលមានប្រពន្ធគ្រប់ លក្ខណ៍ថា «សំលាញ់អើយ!អញរកស៊ីបាចទឹកសមុទ្រតែពីរនាក់នឹងប្រពន្ធអញ ពេលព្រឹកទៀបភ្លឺប្រពន្ធឡើង ដាំបាយមានគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នា​ទៅបាច​ទឹកសមុទ្រ​ ល្ងាចត្រលប់មកផ្ទះវិញ ស្ដេចត្រីភិតភ័យបង្គាប់ត្រីជាបរិវាអោយពាំយក មាសប្រាក់ និង របស់គ្រប់មុខមកអោយអញ»។ ឯសំលាញ់ប្រពន្ធខាតលក្ខណ៍ ដឹងហើយ ក៏លាសំលាញ់ដែលមានប្រពន្ធគ្រប់លក្ខណ៍ៗគេក៏អោយប្រាក់យក ទៅចិញ្ចឹមជីវិត។ លុះត្រលប់ទៅផ្ទះវិញពេលចូលដំនេកបុរសនោះ​និយាយនឹង​ ប្រពន្ធថា«ព្រឹកនេះបាឯងដាំពីយប់រៀបប្រដាប់អោយមានសព្វគ្រប់ភ្លឺឡើងយើង នឹងនាំគ្នាទៅបាចទឹកសមុទ្រអោយបានមាសប្រាក់របស់ទ្រព្យដូចសំលាញ់យើង »។ មេខាតលក្ខណ៍ជាប្រពន្ធភ្លឺច្បាស់ បានក្រោកបង្កាន់ភ្លើងឆេះ ហើយបានទៅបើកខាប់ អង្ករៗកំពុបម្ដងមួយទូកដៃយកអង្ករទៅលាងកំពុបមួយទុកដៃទៀតច្រកអង្ករទៅក្នុង ឆ្នាំងកំពប់ទៀតដល់ ពុះជាត់ បាយកំពប់ ទៀតច្រកអង្ករចំនួនល្មមឆ្អិនពេញឆ្នាំងបាយ នៅតែកន្លះឆ្នាំងទាល់ថ្ងៃទើបដួស ដាក់កញ្ជើហើយ បន្ដើរ ប្ដីប្រពន្ធទៅ បាចទឹកសមុទ្រ បាចទាំងខឹងទាំងជា ។ បានចំនួន៥ថ្ងៃអស់ហ្វូងមច្ចាធំតូចផ្អើលភិតភ័យនិយាយគ្នា ថា «បុរសប្ដីប្រពន្ធពីណាមកបាចទឹកសមុទ្រទៀតហើយ»ពួកត្រីក៏សំលឹងទាំងហ្វូង ចាំមើលចាំស្ដាប់។ ប្រពន្ធខាតលក្ខណ៍បោកល្អី​ដែលបាចទឹកនោះថា«បាចយូរថ្ងៃ ហើយមិនបានឃើញរបស់អ្វី អញមិនខ្ចីទេ អញលែងបាចហើយ» ឈ្លោះប្ដីប្រពន្ធ ប្រពន្ធជេរម្ដាយប្ដី ប្ដីបញ្ជោរប្រពន្ធប្រកាច់ចំបាប់គ្នាប្រទាញថ្នក់សំពត់គ្នា​ទៅវិញទៅ មក ទាល់តែអាក្រាតទាំងប្ដីប្រពន្ធលេចកេរ្ដ៍ខ្មាសនៅ មាត់សមុទ្រ ហើយអ្នកទាំង ពីរនាក់ថា «ខ្ញុំគេក៏ខ្ញុំចុះលែងបាចហើយ »។ ត្រីទាំងនោះលឺថាលែងបាចក៏ត្រេក អរធូរចិត្ត លែងសួរអោយមាសប្រាក់របស់ទាំងពួង។ ត្រីទាំងនោះបានឃើញកេរ្ដ៍ ខ្មាស បុរសប្ដីប្រពន្ធក៏លោតសើចទាំងហ្វូង។ ឯត្រីសន្ដាយសើចទាល់តែរយះមាត់ បានជាមាត់ធំ​ដូចគេហែករហូត​ដល់បច្ចុប្បន្ននេះ ។ បុរសប្ដីប្រពន្ធគ្មានបានអ្វីសោះ ក៏លែងឈ្លោះគ្នា ដកសារាយប្ដីមួយអំរែក ប្រពន្ធមួយទ្រនូលត្រលប់មកផ្ទះវិញ ចាក់ សារាយចោលនៅកៀនជញ្ជាំងអោយ រលួយខូចអស់ទៅ ៕

0 Responses to “រឿង សម្លញ់២នាក់”

Post a Comment