Wednesday, 24 June 2015

រឿង​ រៃនិងស្រមោច

និទាននេះមានដំនាលនៅក្នុងក្បួនបារាំងសែស។ មានរៃ មួយជាសត្វខ្ជិល ដល់រដូវកាលខែពិសាខ ជេស្ឋ អាសាធ ជាវស្សានរដូវក៏ហើរ ច្រៀងលេងតាមតែ អំពើចិត្ដខ្លួនពុំគួរ ខ្វល់ខ្វាយ​នឹងរកស្បៀងអាហារទុកដាក់សំរាប់ខ្លួន។មាន សត្វស្រមោច មួយពួក ជាសត្វឧស្សាហ៍ ពាំនាំស្រូវអង្ករ ទុកដាក់ក្នុងសំបុកខ្លួន គិតក្រែង ក្ដីក្រទៅមុខ។ លុះដល់រដូវភ្លៀងអោរជោគជាំ មកសត្វរៃនោះ រកអាហារបរិភោគគ្មាន កើតក្ដីឃ្លានចំណី​ក្រៃពេក ទើបហើរទៅខ្ចីអង្ករស្រមោចថា សំលាញ់អើយសំលាញ់ ខ្លួនអញនេះ ពុំមានអ្វីអាស្រ័យ ឡើយព្រោះខែនេះភ្លៀងបង្អោរជោគជាំណាស់ នឹងចេញស្វែងរកអាហារពុំបានយើងមក នេះប្រាថ្នា នឹងសូមខ្ចីអង្ករសំលាញ់ អាស្រ័យសិន ទម្រាំ​ដល់ខែប្រាំងកាលណានឹងរកសង សំលាញ់ឯងវិញ ចូរសំលាញ់មេត្តា អាណិតជួយយើងអោយផុតអំពីក្ដីក្រម្ដងនេះផងណា សំលាញ់។ ឯស្រមោចឮដូច្នោះ ក៏តបសួរទៅថា «រៃឯង កាលអំពីដើមឆ្នាំខែប្រាំងរាំងរិះ នោះតើហេតុម្ដេចអ្នកឯងមិនស្វែងរកអាហារទុកដាក់សំរាប់ខ្លួនអ្នកអែងមានរវល់កង្វល់ ដោយការអ្វី?»។ រៃតបថា «សំលាញ់អើយ!យើង នេះពុំមានកិច្ចការ អ្វីទេរវល់តែនឹងហើរ ទំដោយឈើព្រៃ ស្រែកច្រៀងលេងតាមអំពើតែចិត្ដប៉ុណ្ណេះអែងបានជាពុំបានរកស្បៀង ទុកនោះ»។ ស្រមោចថា «អើពីដើមអ្នកអែងធ្លាប់ច្រៀងយ៉ាងណាឥលូវនេះចូរអ្នកអែង រកទំនុកច្រៀងលេងទៀតទៅវិស័យនាក់ច្រៀងរាំហើយ ត្រូវតែ យើងច្រៀងរាំទៅ កុំឈប់ ល្បែងច្រៀងរាំនេះជាប្រយោជន៍ចិញ្ចឹមជីវិតរបស់អ្នកហើយអញ្ជើញច្រៀងទៅទៀតមើល ខ្ញុំអែងនឹងស្ដាប់ផង »។ ឯរៃឆ្លើយតបថា « អោ! សំលាញ់អើយ គ្នាអត់បាយស្ទើរតែដាច់ ពោះស្លាប់ហើយ តើនឹងទៅច្រៀងរាំអែណាក៏បានចូរសំលាញ់បែងចែកអង្ករអោយខ្ចីបាន អាស្រ័យខ្លះទៅអេះ»។ ស្រមោចតបថា «អង្ករស្រូវរបស់យើង ក៏មានខ្លះដែរតែយើងទុក ល្មមតែកូនចៅញាតិផៅរបស់ជាជាតិដូចគ្នានឹងបានមានច្រើនអាចផ្សាយដល់អ្នកឯងផង នេះពុំបាន ទេអ្នកឯង ទៅរកខ្ចីគេអែងទៀតទៅ»។ ឯរៃបានលឺស្រមោចពោលកាត់ដូច្នោះ ក៏ទាល់បញ្ញាទើបហើរចេញចាកទីនោះឆ្ពោះទៅកាន់លំនៅ នៃអាត្មាបានក្ដីវេទនាដោយ អត់អាហាររកបានដោយកម្រខំត្រដរអត់ឃ្លានតាមនិស្ស័យទៅហោង៕

0 Responses to “រឿង​ រៃនិងស្រមោច”

Post a Comment