Friday, 26 June 2015
រឿង ឳពុកក្មេក រើសកូនប្រសារ
Do you like this story?
កាលពីព្រេងនាយ មានតាចាស់ម្នាក់ និងដូនចាស់ម្នាក់នៅស្រុកមួយ ។ តាចាស់យាយចាស់នោះ មានកូនក្រមុំម្នាក់ រូបល្អណាស់ អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថា << អ្នកណាតមមិនជេរម្ដាយគេបាន ទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះ >> ។ ជួនជាថ្ងៃមួយនោះមានកម្លោះម្នាក់ រូបរាងស្អាតបាត ចូលទៅដណ្ដឹងកូនគាត់ៗថា << អើ អញឲ្យឯងៗ កុំព្រួយចិត្ត ប៉ុន្តែឯងត្រូវតមជេរម្ដាយគេ ហើយទទួលបម្រើអញតាមពាក្យអញ ទើបបានអញឲ្យឯង បើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុន, លុះក្រោយទៅ ឯងកុំថាអញកាចណា >> ។ កម្លោះនោះថា<< ខ្ញុំបាទតមជេរម្ដាយគេបាន ហើយធ្វើការអ្វីៗ ក៏បានទាំងអស់ ខ្ញុំបាទទទួលសព្វគ្រប់ប្រការ តាមប្រសាសន៍លោកឪពុក >> ។តានោះថា << អើបើឯងតមជេរម្ដាយគេបានមែន ឯងទៅសិនចុះ ព្រឹកត្រូវឯងមកវិញពីព្រលឹម >> ។
កម្លោះនោះ ក៏លាវិលទៅផ្ទះវិញ ។ ព្រឹកឡើង កម្លោះនោះមកវិញ ចូលទៅបម្រើឪពុកម្ដាយក្មេកៗនោះ ប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹក ឲ្យអ្នកកម្លោះនោះស៊ីៗរួចហើយតានោះ ក៏ប្រាប់ទៅកូនប្រសារថា << នែកូន ! ចូរកូនទៅចាប់ក្របីទៅភ្ជួរស្រែ, កូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំតេវៗ ហើយសឹមឯងដោះក្របី >> ។ អ្នកកម្លោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ ថ្ងៃត្រង់ក៏ថ្មពុំយំ, ក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះ។
អ្នកកម្លោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថា <<ម្ដាយអាថ្មនេះកាលណានឹងយំឡើង>>។កម្លោះនោះជេរតែ ប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថា << ណ្ហើយចុះ ! ឯងដោះក្របីលែង ហើយទៅផ្ទះឯងចុះ អញផ្ដាច់កូនហើយ ត្បិតឯងតមជេរម្ដាយមិនបាន >> ។ កម្លោះនោះក៏ដោះក្របីលែង ហើយទៅផ្ទះវិញ ។ ថ្ងៃក្រោយមក មានកម្លោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀត គាត់ក៏បង្គាប់ដូចកម្លោះមុន, តែអ្នកកម្លោះក្រោយគេមានប្រាជ្ញា គេទៅភ្ជួរស្រែវេចបាយទៅស៊ីផង លុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយ, រួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំ ក្របីក៏អស់ជើងដើរពុំរួច ។ កាលបើអ្នកកម្លោះបរក្របីទៅដល់ជិតថ្មនោះអ្នកធ្វើជាស្ដីថា << ឱ ! លោកថ្មអើយ យំឡើង, ក្របីដើរពុំរួចទេ អាណិតក្របីផងទៅ, ខ្លួនខ្ញុំឥតបើអីទេ ខ្ញុំមានបាយស៊ីហើយ ភ្ជួរដល់យប់ក៏បានដែរ, បើមិនអាណិតខ្ញុំអាណិតតែក្របីចុះ ត្បិតវាជាសត្វ >>។ កម្លោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំ, អ្នកកម្លោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្ម លុះនិយាយយូរៗទៅតានោះមើលមកឃើញក្របីដើរពុំរួចមែន គាត់នឹកអាណិតក្របីគាត់ ក៏យំក្រោយថ្មនោះឮតែតែវៗ, អ្នកកម្លោះនោះក៏ដោះក្របីឲ្យស៊ីស្មៅ
ហើយមកផ្ទះឪពុកក្មេកវិញ ។
តានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកម្លោះនោះស៊ី។ លុះល្ងាចតានោះប្រាប់ថា << កូនអើយ ! ទៅផ្ទះឯងចុះ, ព្រឹកសឹមឯងមកវិញ >>។ កម្លោះនោះក៏លាទៅផ្ទះ លុះយប់មកលបចាំស្ដាប់យកការណ៍ នៅក្រោមដំណេកតានោះ ព្រោះគាត់និយាយគិតគូរនឹងប្រពន្ធគាត់ទាល់តែដេកលក់ ។ វេលាយប់តាចាស់ចូលដេក ក៏និយាយនឹងយាយថា << ដូន ! អានេះវាតមជេរម្ដាយបាន ប៉ុន្តែរូបរាងវាអាក្រក់ មិនសមនឹងកូនយើងដូច្នេះ យើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយ ហើយយើងនឹងផ្ដាច់វាទៅ ? ។ ដូនឆ្លើយថា << ងាយទេ, បើដូច្នេះចូរតាឯងចូលក្នុងការុងមួយ ការុងមួយទៀតដាក់អង្ករ, ព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់ឧសលើភ្នំមុន ហើយខ្ញុំឲ្យវារែកតាឯងនិងអង្ករទៅលើភ្នំ, បើវាធ្ងន់ វាខឹងវាជេរនោះ តាឯងនៅក្នុងការុងស្រាប់នឹងឮ ហើយមក វិញផ្ដាច់វាបានដោយងាយ >> ។ តាយាយគិតគ្នាដូច្នោះហើយ ក៏ដេកទៅ ។ ឯអ្នកកម្លោះលបស្ដាប់ក្រោមផ្ទះឮដឹងការណ៍ហើយ ក៏វិលទៅដេកឯផ្ទះ ។ព្រឹកឡើងអ្នកកម្លោះនោះទៅបម្រើម្ដាយក្មេក ក៏ស្រាប់តែឃើញយាយចាស់បង្ហាញអម្រែកហើយប្រាប់ថា <<កូនអើយ ! ឪឯងទៅកាប់ឧសលើភ្នំហើយ គាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះ ឡើងទៅតាមឲ្យឆាប់ ត្បិតគាត់ទៅតាំងតែពីព្រឹក មិនទាន់ទាំងហូបបាយផង មានតែកូនឯងរែកទៅឲ្យឆាប់ និងអាលដណ្ដាំបាយឲ្យឪឯងហូប >> ។
កម្លោះនោះទទួលអម្រែកហើយ ក៏រែកទៅតាមជើងភ្នំ, ដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ ក៏រែកចុះមកវិញ ហើយស្ដីថា ឱ! ឪអើយ, ខ្ញុំឃ្លានបាយណាស់ ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេ បើវាធ្ងន់ម្ល៉េះនរណានឹងរែកឡើងទៅវិញរួច បើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួល >> ។ និយាយហើយរែកចុះមកវាលវិញ, លុះរែកទៅដល់កន្លែងមួយឃើញស្បូវស្ងួតល្អ ក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះ ហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញ យកភ្លើងដុតអម្រែក, លុះភ្លើងឆេះស្បូវជុំវិញ ហើយក្ដៅដល់តាចាស់ដែលនៅក្នុងអម្រែកនោះ គាត់ក៏បម្រះញ័ររង្គើទាំងការុង ភ័យក្រែងភ្លើងឆេះស្លាប់ ប៉ុន្តែចេញមិនរួច ។
អ្នកកម្លោះធ្វើជារត់មកពីណាស្រែកថា << ជើរ ! នរណាដុតភ្លើងឆេះអម្រែកអញអស់ ធ្វើដូចម្ដេចអញនឹងចូលទៅបាន បើភ្លើងឆេះជុំវិញដូច្នេះ ចូលមិនចុះទេ >> ថាហើយឈរស្រែកនៅក្រៅ, លុះភ្លើងឆេះដល់ការុងដឹងថាតាចាស់ក្ដៅណាស់ហើយ ទើបស្ទុះចូលទៅអូសអម្រែកចេញពីភ្លើង រួចហើយភ្លើងក៏ឆេះដាច់ខ្សែការុង លោកតាចាស់បម្រះញ័រៗ ទើបអ្នកកម្លោះស្រាយការុងចេញ ឃើញតាឪពុកក្មេករលាកភ្លើង ឆេះទាំងសក់ក្បាលក៏ជំរាបថា << ជើ លោកឪ ! ម្ដេចក៏មិនប្រាប់កូន កុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយ >>។
តាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេច ឡើងដើរតយង៉យមកផ្ទះវិញ ទ្រមខ្លួនមួយថ្ងៃណាមួយដោយវាអូសចេញពីភ្លើង ណាមួយដោយរលាកភ្លើង ។ មកដល់ផ្ទះវិញគ្មានស្ដីមួយម៉ាត់, ដល់ផ្ទះហើយប្រាប់កូនប្រសារថា<< ទៅផ្ទះចុះ, ព្រឹកសឹមមក >> ។ ឯកូនប្រសារលាទៅផ្ទះ, ដល់យប់ក៏មកពួនក្រោមផ្ទះលបចាំស្ដាប់ទៀត ។ លុះយប់ តាចាស់ដូនចាស់ចូលដេក ក៏និយាយគិតគ្នាទៀត ។ តាថាគិតដូចម្ដេចនឹងផ្ដាច់វាបាន ? អានេះមានប្រាជ្ញាណាស់តែបើឲ្យកូនយើងទៅវា វាមិនសមនឹងកូនយើង, ពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់ តែវាមិនជេរម្ដាយទេ វារកទីណាមានស្បូវស្ងួត វារែកអម្រែកទៅដាក់កណ្ដាលស្បូវ ហើយវាដើរទៅរកភ្លើងមកដុតជុំវិញ, លុះដល់ភ្លើងឆេះវាធ្វើជាស្រែកថា << នរណា ដុតភ្លើងនេះឆេះអម្រែកវាអស់ >> ។ ហើយវាឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះ ដល់ក្ដៅរលាកឯងទៅហើយទើបបានវារត់ចូលទៅអូសចេញមក, អញភ័យណាស់ ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ការុងជាប់ អញរលាកអស់ទាំងខ្លួន, ឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបាន ? ។ យាយថា << ឥឡូវនេះ យើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើររកអណ្ដើក ឲ្យវាវារដូចឆ្កែ, បើវារកអណ្ដើកមិនបាន ឬវាបោលមិនទាន់ទេនោះយើងផ្ដាច់វាបាន >>។ តាចាស់ថា << អើ ! តាចាស់ថា << អើ ! ដូនគិតដូច្នេះត្រូវ,ព្រឹកអញធ្វើដូចជាឯងថា >> ។ តាយាយគិតគ្នាហើយ ដេកទៅ ។ ឯអ្នកកម្លោះនោះស្ដាប់ដឹងការណ៍អស់ហើយ វិលទៅដេកឯផ្ទះវិញ , ដល់មាន់រងាវទើបពុនអណ្ដើក
យកទៅចងទុកក្នុងគម្ពោតស្មៅវាល ឯនេះ ឯនោះ ពាសពេញតែវាល ដែលតាចាស់គាត់គិតទៅរកអណ្ដើកនោះ ហើយវិលមកផ្ទះ ដេកធ្វើព្រងើយទៀត។
លុះព្រឹកព្រហាមឡើង ចៅនោះទៅដល់ផ្ទះឪពុកក្មេកម្ដាយក្មេកៗ ក៏ឲ្យកូនក្រមុំគាត់រៀបបាយលើកយកមកឲ្យស៊ីៗ រួចហើយក៏ប្រាប់ថា << កូន ! ឥឡូវនេះ យើងទៅបណ្ដើរអណ្ដើក ប៉ុន្តែយើងគ្មានឆ្កែ កូនឯងធ្វើឆ្កែ ឪធ្វើម្ចាស់ យើងទៅរកក្រែងបានមួយពីរយកមកស៊ី >>។ ចៅនោះឆ្លើយបាទ ! ហើយតាចាស់ពុនបាយសំណុំ ទឹកបំពង់ដើរចេញពីផ្ទះទៅ។ ចៅនោះក៏បោលជើង៤តាមក្រោយ ទៅដល់វាលកន្លែងវាចងអណ្ដើកនោះ វាក៏បោលទៅមុខចូលគុម្ពោតស្មៅមួយ ធ្វើជាកោះង៉ុងៗ។ តាចាស់រត់ទៅដល់វាខាំបានអណ្ដើកមួយ ហើយទៅទៀត ខាំបានអណ្ដើកប្រាំមួយប្រាំពីរ ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ ក៏អង្គុយគិតនឹងស្រាយបាយស៊ី។ ឆ្កែមើលទៅខាងឃើញក្របីមួយហ្វូង ក៏បោលទៅដេញខាំក្របីៗបោលចូលស៊ីស្រូវស្រែអ្នកស្រុក។តាចាស់ឃើញហើយ រត់ទៅដញក្របីចេញពីស្រែ ឆ្កែបោលមកស៊ីបាយអស់ហើយបោលទៅបាត់ ។ ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ ដេញវាយវាពុំទាន់ ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយ ក៏ខំដើរមកផ្ទះវិញទាំងអត់បាយ ដើរពុំចង់រួច បន្ទោសឆ្កែមិនបាន ត្បិតវាចំណាំអីចឹង ។ ដល់ផ្ទះស៊ីបាយរួចហើយ ប្រាប់កូនប្រសារថា << ទៅផ្ទះចុះព្រឹកសឹមមកវិញ>> ដល់យប់កូនប្រសារមកស្ដាប់តាយាយគិតគ្នាទៀត ។ លុះដល់យប់ តាយាយចូលដេក,តាប្រាប់យាយពីរឿងដែលកូនប្រសារនោះធ្វើសព្វគ្រប់ ហើយតាឲ្យយាយជួយគិតទៀត។ដូនចាស់ប្រាប់ថា << ពីមុនវាធ្វើឆ្កែ តាឯងធ្វើម្ចាស់ បានជាវាធ្វើបាបតាឯងបាន ដូច្នោះព្រឹកនេះ តាឯងឲ្យវាធ្វើម្ចាស់ម្ដង ឯតាឯងធ្វើឆ្កែវិញ >> ។ តាយាយគិតគ្នា ហើយដេកទៅ។ ចៅនោះលបស្ដាប់បានការណ៍ហើយ ក៏ទៅដេកឯផ្ទះវាហី។ ព្រឹកឡើងចៅនោះ ទៅបម្រើ
ឪពុកក្មេកម្ដាយក្មេកទៀត។ តាយាយឲ្យកូនក្រមុំលើកបាយមកឲ្យវាស៊ី។ រួចហើយតាក៏ប្រាប់ថា<< កូនអើយ ! ពីម្សិលមិញឯងធ្វើឆ្កែ, ថ្ងៃនេះឯងធ្វើម្ចាស់អញម្ដងអញធ្វើ ឆ្កែវិញ >>។ ចៅនោះឆ្លើយបាទ ! ហើយពុនបាយនិងទឹកទៅ ឯ តាវារធ្វើជាឆ្កែបោលតាមក្រោយ។ លុះហួសពីផ្ទះបន្តិចទៅ វាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលទាន់។ តាបោលពុំទាន់ត្បិតខ្លួនចាស់ ដើរត្រុកៗតាមក្រោយវា, ឯវាក៏បែរមកថា << ឆ្កែអីស៊ីតែបាយបង្អស់ ទៅមុខមិនទៅ ដើរតែក្រោយម្ចាស់ រកអណ្ដើកម្ដេចបាន ? ថាហើយវាយឆ្កែឲ្យបោលទៅមុខ។
តាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរកអណ្ដើក ក៏មិនបាន, កូនប្រសារវាយស្ទើរស្លាប់ ហត់ស្ទើរដាច់ខ្យល់ តែពុំហានស្ដី ព្រោះខ្មាស់កូនប្រសារ។ លុះទៅឆ្ងាយដល់ថ្ងៃត្រង់វាស្រាយបាយស៊ី ហើយវាថា<<ឆ្កែអីរកអណ្ដើកមិនបានដើរតែក្រោយមនុស្ស ស៊ីតែបាយអង្អស់ >> ហើយវាបង្អត់មិនឲ្យបាយស៊ី វាឲ្យតែឆ្អឹងឆ្អែង, ឆ្កែចាស់អង្គៀមក៏មិនបែកត្បិតគ្មានធ្មេញឃ្លានណាស់អង្គុយមើលតែមុខវា ទាល់តែវាស៊ីហើយវាវាយមួយព្រនង់ទៀតវាថា << ណ្ហើយ ! ទៅផ្ទះចុះ បើមិនផេះទេឆ្កែអីឆ្នែងយ៉ាងហ្នឹង >> ហើយវាឡើងដើរវិលទៅផ្ទះវិញ ។ តាចាស់ហត់ណាស់ វារមិន
រួចឡើងដើរទៅតាមក្រោយកូនប្រសារធ្វើមុខស្រមេះ។ លុះទៅដល់ចៅកម្លោះប្រាប់ម្ដាយក្មេកថា << ម៉ែ ! រកអណ្ដើកមិនបានទេ ព្រោះឆ្កែមិនស្វាក់>> ។ តាចាស់ខឹងណាស់ប្រាប់កូនប្រសារថា << ឯងទៅផ្ទះចុះ ព្រឹកសឹមមកវិញ >> ។ ចៅនោះក៏លាទៅ, ដល់យប់មកពួនលបស្ដាប់ក្រោមផ្ទះទៀត ។ លុះដល់យប់ តាយាយចូលដេក, តានិយាយប្រាប់យាយពីរឿងកូនប្រសារបាប ហើយបង្អត់ទាំងបាយផង។ ដូនថា << ណ្ហើយ ! ឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេ, អានេះមានប្រាជ្ញាណាស់ ឯងគិតអីក៏វាដឹងមុនទាំងអស់, វាធ្វើបាបស្ទើរតែស្លាប់ ម្ដេចក៏មិនរាង >>។ តាចាស់ឆ្លើយថា << នឹងឲ្យវាទៅមើលទៅរូបរាងវាមិនសមនឹងកូនយើងសោះ, ប៉ុន្តែយើងធ្វើកលឲ្យវាខឹង ឲ្យវាជេរម្ដាយ វាមិនជេរ ដូច្នេះដូនជួយគិតអញម្ដងទៀត បើវាធ្វើតាមមិនបានសឹមផ្ដាច់វា >> ។ ដូនចាស់ថា << អើ ! ឥឡូវនេះមាន
តែដល់ពេលមាន់រងាវ តាឯងលុបមុខ ស៊ីស្លា ហូបបាយ ចូលទៅក្នុងការុងមួយការុងមួយទៀតច្រកអង្ករ បើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថា តាឯងទៅផ្សារទិញអីវ៉ាន់, ហើយខ្ញុំប្រាប់ឲ្យវារែកទៅតាមឲ្យទាន់ នៅវេលាស៊ីបាយព្រឹក ត្បិតផ្លូវផ្សារ ក៏ឆ្ងាយដែរ បើវារែក ទៅមិនទាន់ទេនោះលុះមកវិញ នឹងផ្ដាច់កូនពីវាបានងាយ មួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់ វាប្រហែលជាវាគិតឃើញ ថាស្ងាត់ហើយ វាជេរមិនខាន >> ។
តាចាស់និងយាយគិតគ្នាហើយក៏ដេកទៅ។ឯកូនប្រសារលបស្ដាប់នៅក្រោមផ្ទះដឹងការណ៍ហើយក៏ទៅដេកផ្ទះ។ លុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយយកមកឲ្យចៅនោះស៊ីទៀត ស៊ីហើយក៏ប្រគល់អម្រែកឲ្យកូនប្រសារ រែកទៅតាមឪពុកក្មេកឯផ្សារ ដូចគិតគ្នាពីល្ងាចនោះ។ ចៅនោះរែកដើរទៅហើយគិតថា << ម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះ ឲ្យកូនមកអញ កុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀត >>។ ហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវដាក់អម្រែកចុះ ហើយថា ការុងនេះចងមាត់មិនជាប់ >> ។ វាយកខ្សែចងថែមទៀត, លុះរែកទៅដល់កន្លែងមានព្រែក មានស្ពាន ក៏ដាក់អម្រែកលើស្ពាន ឲ្យប្របេះត្រង់ចុងក្ដារនៅតែបន្តិចនឹងធ្លាក់ពីស្ពាន ហើយថា << អញអើយ ថ្ងៃណាស់ហើយ ម្ល៉េះសមឪអញជេរមិន
ខានអម្រែកធ្ងន់រែកម្ដេចឲ្យទាន់ ! ណ្ហើយ ឪជេរក៏ជេរចុះអញដាក់នៅនេះ ទៅវាលសិនរួចសឹមទៅទៀត >> ។
និយាយបណ្ដើរដើរបណ្ដើរ ។ មួយស្របក់ក៏កាន់ឈើមួយធំដើរមកពីនាយបុកក្ដារស្ពានឮគ្រាំៗ ធ្វើហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថា<< នរណាដាក់អម្រែកនៅលើស្ពាន ដំរីអញវាជាន់ខូចអស់ហើយ យកចេញឲ្យឆាប់ ស្រែកហើយបុកក្ដារគ្រាំងៗដើរចូលមក ។ ឯតាចាស់នៅក្នុងការុងគិតស្មានថាដំរីមែន ភ័យក្រែងជាន់ស្លាប់ក៏ខំបម្រះជៀសផ្លូវដំរីហួសពីក្ដារធ្លាក់ទៅក្នុងទឹកៗ ចូលការុងគាត់ឈ្លក់ទឹកត្រដរញ័រទាំងការុងស្ទើរតែនឹងស្លាប់ ។ ឯកូនប្រសារឃើញដូច្នោះ ក៏ទុកឲ្យផឹកទឹកបន្តិច ឲ្យអស់ខូចទៀត ហើយធ្វើជាដើរមកពីវាលស្រែកថា << នរណាហ៊ានបរដំរីឆាយអម្រែកអញឲ្យធ្លាក់ក្នុងទឹក ទទឹកអង្ករអញអស់ ! ឱអញអើយ ! ឱជេរថែមទៀតហើយថ្ងៃក៏កាន់តែខ្ពស់ហើយ អង្ករទទឹកថែមទៀត >> ។ អ្នកកម្លោះឃើញឪពុកក្មេកបម្រះញ័រក្នុងការុងក៏ថា << ឱ ! មានត្រីមកប្របេះផង, ណ្ហើយ ! អញចុះទៅស្រង់មកមើល >> ថាហើយក៏
លោតទៅស្រង់ឡើងមកមើលហើយថា<<អើយ !បើវាទទឹកនឹងស្រាយហាលថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪ >>។ថាហើយស្រាយមើលឃើញតានៅក្នុងការុងក៏ថា ឪអើយ! ម្ដេចមិនស្រែកប្រាប់ខ្ញុំ កុំអីស្លាប់ទៅហើយគេបរដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹក>>។តាឮហើយឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះ ពុំហានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកម្លោះនោះទៅ ។
និយាយយប់ ផ្ទប់ព្រៃ និយាយថ្ងៃ ព្រៃមានត្រចៀក
និយាយយប់ ផ្ទប់ព្រៃ និយាយថ្ងៃ ព្រៃមានត្រចៀក
Subscribe to:
Post Comments (Atom)
0 Responses to “រឿង ឳពុកក្មេក រើសកូនប្រសារ”
Post a Comment