Friday, 26 June 2015

រឿង ចៅសុក្រ ចៅសៅរ៍

កាលពីព្រេងនាយមានមានបុរស២នាក់សំឡាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្ត មួយជាមួយគ្នា ។ បួសយូរបន្តិច ក៏សឹកមកវិញ ហើយក៏នៅតែជាសំឡាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា "បើអ្នកណាក្រត្រូវ ជួយគ្នា " ហើយបុរសទាំងពីរ នាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃរៀងៗខ្លួន ។ ចៅសុក្រ ទៅរកស៊ីទៅមានទ្រព្យរបស់ច្រើន។ ឯចៅសៅរ៍ ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធមានសហាយទៀតផង។ ចៅសុក្រ ដឹងថាប្រពន្ធ ចៅសៅរ៍ មានសហាយ​ ហើយក្រលំបាក​ដូច្នោះ ក៏បបួលចៅសៅរ៍ ទៅរកស៊ី ហើយនិយាយថា " ត្រូវឯងតាមពាក្យអញ " ចៅសៅរ៍​ ក៏ព្រមតាម​ពាក្យចៅសុក្រ។ ចៅសុក្រ ក៏បបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើជាក្តារ មឈូសលក់ ។ ចៅសៅរ៍ តាមពាក្យ ចៅសុក្រ ក៏ព្រមទៅជាមួយគ្នា ។ ឯកូនសេដ្ធីដែលជាសហាយនឹងនាងប៉ិច ជាប្រពន្ធចៅសៅរ៍ ឃើញចៅសៅរ៍ មិននៅផ្ទះក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលមកផ្ទះវិញជាធម្មតា។ ចៅសុក្រ និង ចៅសៅរ៍ ធ្វើបានក្តារមឈូសមួយ ក៏យកមកដាក់ក្នុងផ្ទះហើយក៏បន្តទៅធ្វើក្តារមឈូសទៀត។ កូនសេដ្ធីដឹងថាចៅសៅរ៍ មិននៅក៏ទៅដេកនឹងនាង ប៉ិចទៀត។ លុះដល់ពាក់កណ្តាលផ្លូវអាធ្រាតចៅសុក្រ និង ចៅសៅរ៍ ក៏ត្រឡប់មកផ្ទះវិញ ចៅសុក្រខំដើរប្រញាប់មកមុន ហើយស្រែកហៅ ប្រពន្ធចៅសៅរ៍ ឲ្យបើកទ្វារ។ ឯកូនសេដ្ធីលឺ ក៏ភិតភ័យរត់ពុំរួច នាងប៉ិច បានឲ្យសហាយ​ចូលដេកក្នុងក្តារមឈូសដើម្បីលាក់ខ្លួន ហើយក៏ទៅបើកទ្វារឲ្យចៅសុក្រ និងចៅសៅរ៍ ចូលទៅក្នុងផ្ទះ។ នាងប៉ិចសួរថា "ដូចមេ្តច​បានជាវិលមកវិញ?"។ ចៅសៅរ៍ប្រាប់ថា "ចៅ សុក្រឈឺក្បាលហៅវិលមកវិញ " ។ ហើយចៅសៅរ៍ ប្រាប់ទៅនាងប៉ិចឲ្យដណ្តាំបាយស៊ី ស៊ីបាយ​រួចហើយដោយ ចៅសុក្រដឹងថា សហាយនាងប៉ិច ដេកក្នុងក្តារមឈូសក៏ប្រាប់ ទៅចៅសៅរ៍ថា " រកផ្តៅចងក្តារមឈូសទុកក្រែងចោរលួច "​​ ចៅសៅរ៍​ ក៏យកផ្តៅមក ចងក្តារមឈូស ទុកក្រែងចោរលួច ចៅសៅរ៍ក៏យកផ្តៅទៅចងរួចស្រេច ហើយបានយកដែក គោលបោះថែមទៀត។ ឯចៅសៅរ៍ពុំដឹងថា ប្រពន្ធ​មានសហាយ​ក៏ធ្វើតាម​ពាក្យចៅសុក្រ បង្គាប់។ លុះព្រឹកឡើងចៅសៅរ៍ ប្រើប្រពន្ធឲ្យទៅទិញឥវ៉ាន់ ហើយនាងប៉ិចក៏ហួសទៅប្រាប់ សេដ្ធីថា​"ឲ្យឪពុកម្តាយចាំទិញ​មឈូស ត្បិតកូនសេដ្ធីនៅដេកជាមួយខ្ញុំ ពេលប្តីខ្ញុំមកទាន់ វារត់ទៅដេកក្នុងមឈូស ឥឡូវនេះប្តីខ្ញុំ សែងយកមកព្រឹកនេះហើយ"។ ប្រាប់ ហើយនាងប៊ិចក៏ ត្រឡប់ទៅផ្ទះវិញ ចៅសុក្រ​និងចៅសៅរ៍ ស៊ីបាយរួច ក៏សែងមឈូសយក ទៅលក់។ សេដ្ធី ឲ្យខ្ញុំបម្រើមួយនាក់ចាំមើលផ្លូវរួចផ្តាំថា " បើឃើញអ្នកណាសែង ក្តារមឈូស មកលក់ឲ្យរត់ទៅ ហៅយើង"។ ចៅសុក្រ និងចៅសៅរ៍សែងក្តារមឈូស ទៅ ដល់ផ្ទះសេដ្ធី ស្រែកពពាយ នាយថា"អ្នកណាទិញក្តារមឈូសទេ?"។ សេដ្ធីឭសួរថា"លក់តមៃ្លប៉ុន្មាន?"។ ចៅសុក្រ ប្រាប់ថា​"ឲ្យចាក់ប្រាក់ពីដីឡើង ស្មើនឹងមឈូស " ។ សេដ្ធីសុំតមៃ្ល ចៅសុក្រ មិនព្រម។ សេដ្ធីក៏ប្រើខ្ញុំកំដរ ឲ្យទៅយកប្រាក់មកចាក់ស្មើនឹងមឈូស ហើយចៅសុក្រនិងចៅសៅរ៍ យកប្រាក់ទៅផ្ទះចែកគ្នាទៅ។

0 Responses to “រឿង ចៅសុក្រ ចៅសៅរ៍”

Post a Comment