Friday, 26 June 2015

រឿង ប្រវត្តិភ្នំប្រុស ភ្នំស្រី

បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅខេត្តកំពង់ចាម តាមផ្លូវជាតិលេខ ៧ ទៅដល់ គោលគីឡូម៉ែត្រទី ១១៦ ហើយចោលភែ្នកទៅទិសឥសាន ដែលនៅខាងឆេ្វងដៃ ចំងាយពីថ្នល់ជាតិទៅប្រមាណជា១គីឡូម៉ែត្រយើងនិង ឃើញភ្នំពីរនៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅ ខាងលិចទាប ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះ ភ្នំប្រុស។ រឿងព្រេងប្រចាំភ្នំនេះមានដូចតទៅ ៖ កាលពីព្រេងនាយ មានសេ្តចស្រីមួយ ព្រះអង្គព្រះនាម ស្រីអយុធ្យាសោយរាជ្យនៅនគរខែ្មរ។ ដោយព្រះនាងជាសេ្តចសោយ រាជ្យគ្មានបុរសណាមួយ ហ៊ានទៅដណ្តឹងយកជាភរិយាឡើយ។ ម៉្លោះហើយព្រះនាងរក ដណ្តឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យ មកធ្វើជាព្រះស្វាមីវិញ ហើយដោយហេតុព្រះ រាជិនីស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទក៏ ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ។ ក្នុងរជ្ជកាលនោះ គួរឲ្យវេទនានឹងស្រីខ្លះដែលមាន រូបអន់ៗទៅរកដណ្តឹងប្រុសៗ គេនាំគ្នាប្រកែកមិនយកគេរើសតែស្រីៗមានរូបល្អៗទើប យកធ្វើជាភរិយា ធ្វើដូចេ្នះអស់មួយរាជ្យសេ្តចស្រីនេះ។លុះមកដល់រាជ្យសេ្តចក្រោយៗ ទៀតពួកស្រីៗ ជំនុំគ្នាថា ៖ «ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរ ដណ្តឹងប្រុសៗ ធ្វើជាប្តី ដូចេ្នះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួក ប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំមួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវ ឲ្យប្រុសៗដណ្តឹងយើងជាស្រីវិញ"។លុះគិតដូចេ្នះហើយក៏នាំគ្នាទៅបបួលពួកប្រុសៗ ធ្វើភ្នំចុះខសន្យាភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់មេកំណែន កេណ្ឌមនុស្ស ស្រីឲ្យបានច្រើន ខាងប្រុសមានមេកំណែនខាងប្រុសដើរកេណ្ឌ រីឯខាងស្រី មានមេ កំណែនខាងស្រីដើរកេណ្ឌ។ លុះកេណ្ឌបានគ្នាច្រើនគ្រប់ចំនួនខាងប្រុស-ខាងស្រីរួច ហើយ ក៏និយាយនិងគ្នាថា ៖ «យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះទើប ឈប់ទាំងអស់គ្នា។ បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ»។ គិតព្រមគ្នាដូចេ្នះហើយក៏ នាំគ្នាជញ្ជូនដីរែកទូលតាមថាមភាពរៀងៗខ្លួនទៅ។ ពេលនោះជាពេលរាត្រីពួកស្រីៗ មានប្រាជ្ញាជញ្ជូនដី អស់វេលាបីបួនម៉ោង ក៏នាំគ្នាបង្អូតគោមតូចមួយ យ៉ាងខ្ពស់នៅ ជ្រុងឥសានភ្នំ។ ពួកប្រុសៗក្រេឡក មើលទៅលើឃើញ គោមដែលស្រីបង្អូត និងឬស្សី មួយដើមនោះ ស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិន្រ្ទាលក់អស់ទៅ គ្មានសល់ម្នាក់។ ពួកស្រីៗក៏នាំគ្នាជញ្ជូនដី ដរាបដល់ផ្កាយព្រឹករះមែនទែនទើបឈប់។ ដល់មាន់រងាវកឺតប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះ ក៏លាន់មាត់ថា​ «​ យើងទាំង អស់គ្នាខុសហើយ។ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ »។ ហើយនាំគ្នាក្រេឡក មើលទៅភ្នំស្រី មានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀនអន់ក្នុងចិត្តដោយ ចាញ់កលស្រីៗ។ តាំងពីកាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់ សព្វថៃ្ងនេះ។

0 Responses to “រឿង ប្រវត្តិភ្នំប្រុស ភ្នំស្រី”

Post a Comment